ប្រែ​សម្រួលៈ​វាសនា​/​ម៉ានីល​៖​ក្រោយពី​មាន​ការ​ស្មាន​អំពី​សម្ពន្ធភាព​មួយ​រវាង​គ្រួសារ​មាន​អំណាច​ទាំង​ពីរ​អស់​ពេល​ជាច្រើន​សប្តាហ៍ កូនស្រី​របស់​ប្រធានាធិបតី​ហ្វីលីពីន លោកស្រី សា​រា ឌុយ​ទែត កា​ពី​អូ កាលពី​ថ្ងៃ​អង្គារ​បាន​យល់ព្រម​ឈរឈ្មោះ​ជា​អនុ​ប្រធានាធិបតី​របស់​លោក​ហ្វែរ​ឌីណ​ង់ ម៉ាកូ​ស នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំក្រោយ ។​

​សា​រា ឌុយ​ទែត កា​ពី​អូ អាយុ​៤៣​ឆ្នាំ ដែល​បាន​ធ្វើអោយ​ប្រធានាធិបតី ឌុយ​ទែត ខកចិត្ត​នៅពេល​នាង​សំរេច​ឈរឈ្មោះ​ជា​អនុ​ប្រធានាធិបតី​ជា​ជាង​ប្រធានាធិបតី បាន​ប្រកាស​តាម​សារ​ក្នុង​វីដេអូ​មួយ​​អំពី​បំណង​របស់​លោកស្រី ក្នុងការ​ឈរឈ្មោះ​ជា​អនុ​របស់លោក​ម៉ាកូ​ស ។​

​លោកស្រី បាន​និយាយថា​« គណបក្ស​របស់​ខ្ញុំ​ចង​សម្ពន្ធភាព​ជាមួយ​គាត់​និង​សុំ​ការគាំទ្រ​សំរាប់​លោ​កបុង​បុង ម៉ាកូ​ស និង​សំរាប់​រូបខ្ញុំ បន្ទាប់​ពី​ខ្ញុំ​ទទួលយក​ការអំពាវនាវ​និង​ស្នើ​សុំ​របស់​លោក​អ្នក​»​។​

​គ្រីស្ទី​ណា ហ្កា​ស្យា ហ្វ្រា​ស្កូ អ្នកនាំពាក្យ​របស់​សារា ឌុយ​ទែត កា​ពី​អូ ក៏​បាន​អះអាង​ដាច់​ដោយឡែក​អំពី​ការសំរេចចិត្ត​របស់​លោក​ស្រី តែ​អ្នកនាំពាក្យ​របស់​ម៉ាកូស​មិន​បាន​ឆ្លើយតប​នឹង​សំណួរ​ភ្លាមៗ​ទេ​។​

​លោក​ម៉ាកូ​ស ជូនៀ ដែល​ជា​កូនប្រុស​របស់​អតីតជន​ផ្តាច់ការ ហ្វែរ​ឌីណ​ង់ ម៉ាកូ​ស មុននេះ​បាន​និយាយថា លោក​ចង់​បាន​សារា ឌុយ​ទែត កា​ពី​អូ ឈរឈ្មោះ​ជា​អនុប្រធាន​របស់​លោក​។​

​នៅ​ហ្វីលីពីន ប្រធានាធិបតី និង​អនុ​ប្រធានាធិបតី ឈរឈ្មោះ​បោះឆ្នោត​ផ្សេង​ពី​គ្នា រីឯ​ការចង​សម្ពន្ធភាព​នឹង​ជា​ប្រយោជន៍​សំរាប់​យុទ្ធនាការ​រក​សម្លេងឆ្នោត​ទាំងពីរ ដោយ​លោក​ម៉ាកូ​ស​និង​សារា ឌុយ​ទែត​ កា​ពី​អូ​អាច​បន្ថែម​សម្លេង​គាំទ្រ​ទៅវិញទៅមក​ពី​ព្រោះ​មូលដ្ឋាន​អំណាច​របស់​អ្នក​ទាំង​ពីរ ម្នាក់​នៅ​ភាគ​ខាងជើង និង​ម្នាក់​ទៀត​នៅ​ខាងត្បូង​។​

​ពួក​អ្នកជំនាញការ​និយាយថា លោក​ម៉ាកូស​ឥឡូវ​ផុសខ្លួន​ឡើងជា​អ្នក​ទទួលបាន​សម្លេង​គាំទ្រ​នាំមុខ ដោយសារតែ សា​រា ឌុយ​ទែត កា​ពី​អូ សំរេចចិត្ត​មិន​ឈរ​ឈ្មោះ​ប្រជែង​ទោះជា​ក្នុង​ការស្ទង់មតិ​បង្ហាញ​​ថា​លោកស្រី មាន​ការគាំទ្រ​លំដាប់​ទី​១​មុន​ម៉ាកូ​ស​។​ដោយសារ​អ្នក​ទាំង​ពី​មាន​ប្រជាប្រិយ​ស្រាប់ ការចង​សម្ពន្ធភាព​គ្នា​នៅ​ពេល​នេះ​នឹង​ជួយ​អោយ​ពួកគេ​ទទួលជោគជ័យ​ក្នុង​ការបោះឆ្នោត​នៅ​ឆ្នាំក្រោយ​៕

​លោកស្រី សា​រា ឌុយ​ទែត កា​ពី​អូ និង​ហ្វែរ​ឌីណ​ង់ ម៉ាកូ​ស ជូនៀ​