ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនា​ប​តី​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា​៖​វ៉ាក់សាំង​ដែលមាន​ប្រភព​មកពី​ប្រទេស​ចិន​បាន​ដើរតួ នាទី​ជា​វ៉ាក់សាំង​យុទ្ធសាស្ត្រ​ស្នូល​របស់​កម្ពុជា​និង​ជា​កូនសោ​គន្លឹះ​ក្នុងការ​ការពារ​សុខភាព​សាធារណៈ​និង​ជួយសង្គ្រោះ​អាយុជីវិត​ប្រជាជន​កម្ពុជា ។ សាធារណរដ្ឋ​ប្រជា មានិត​ចិន​គឺជា​មិត្ត​ដែកថែប​ដ៏​ពិតប្រាកដ​ដែល​តែងតែ​ជួយ​កម្ពុជា​គាំទ្រ​កម្ពុជា​ក្នុង​គ្រា​លំបាក​បាន​ទាន់ពេល​និង​ដោយ​គ្មាន​លក្ខខណ្ឌ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​បែបនេះ​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ ក្នុងឱកាស​ដែល​សម្តេច​អញ្ជើញ​ទៅ​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ដែលជា ជំនួយ​របស់​រដ្ឋាភិបាល​និង​ប្រជាជន​ចិន​ចំនួន​២​លាន​ដូ​ស​បន្ថែមទៀត​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏​សម្ដែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ប្រជាជន​និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដែល​បាន​ផ្ដល់ ជូន​ប្រជាជន​និង​រាជរដ្ឋាភិបាល​កម្ពុជា​នូវ​វ៉ាក់សាំង​បង្ការ​កូ​វីត​១៩ ប្រភេទ​ស៊ី​ណូ​វ៉ា​ក់​បន្ថែមចំនួន​២​លាន​ដូ​សនា​ថ្ងៃនេះ​។​សម្តេច​បន្តថា​នៅក្នុង​សមរភូមិ​ប្រយុទ្ធ​នឹង​ជំងឺ covid-19​ក្នុង​រយៈពេល ជិត​ពីរ​ឆ្នាំ​មកនេះ​រាជរដ្ឋាភិបាល​កម្ពុជា​បានកំណត់​យក​ការចាក់​វ៉ាក់សាំង​ជា​វិធានការ​គន្លឹះ​និង​វិធានការ​សំខា ន់ៗ​ដទៃទៀត​ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ ការពារ​សុខភាព​សាធារណៈ​និង​ជួយសង្គ្រោះ​អាយុជីវិត​ប្រជាជន ។​

​សម្តេច​បន្ត​ក្នុង​ស្មារតី​នេះ​កម្ពុជា​បានចាត់ទុក​វ៉ាក់សាំង​ជា​ទំនិញ​យុទ្ធសាស្ត្រ​និង​បានរៀបចំ​យុទ្ធសាស្ត្រ​ទិញ​ឱ្យបាន​គ្រប់គ្រាន់​និង​ឆាប់​បំផុត​ដើម្បី​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​ជូន​ដល់​ប្រជាជន​ដោយ​មិន​រង់ចាំ​រហូត​ដល់ពេល​មានការ​បែងចែក​ទូលំទូលាយ​ជាស​កល​នោះទេ ។ ដើម្បី​សម្រេចបាន​នូវ​យុទ្ធសាស្ត្រ​នេះ​កម្ពុជា​បានជ្រើសរើស​យក​ប្រទេស ចិន​ជា​បង្អែក​យុទ្ធសាស្ត្រ​សម្រាប់​ការផ្គត់ផ្គង់​វ៉ាក់សាំង ។ ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​ច្បាស់លាស់​និង​ទាន់​ពេលនេះ​ធ្វើ​ឲ្យ​កម្ពុជា​ទទួលបាន​នូវ​បរិមាណ​វ៉ាក់សាំង​គ្រប់គ្រាន់ សម្រាប់​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ដោយ​ចាប់ផ្ដើម​ពី​មន្ត្រី​និង​កងកម្លាំង​បម្រើសេវា​ជួល​មុខ​បន្ទាប់មក​ប្រជាជន​ដែលមាន​អាយុ ១៨ ឆ្នាំ​ឡើង​,​កុមារ មាន​អាយុ​ពី ៦ ឆ្នាំ​ដល់​ក្រោម ១៨ ឆ្នាំ​និង​ចុងក្រោយ​នេះ​គឺ​កុមារ​ដែលមាន​អាយុ ៥ ឆ្នាំ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើកឡើងថា​៖​ការទទួលបាន​វ៉ាក់សាំង​ជាប់​មិន​ដាច់​ដែល​ផ្ដល់​ដោយ​ប្រទេស​ចិន​ទាំង​ជា​វ៉ាក់សាំង​ជំនួយ​និង​ទាំង​ជា​វ៉ាក់សាំង​ដែល​បានបញ្ជា​ទិញ​រួម​ជាមួយនឹង​ការទទួលបាន​នូវ​ជំនួយ​វ៉ាក់សាំង​ពី​បណ្ដា​ប្រទេស​ជា​មិត្ត​ និង​ ដៃគូ​អភិវឌ្ឍន៍​នានា​បានផ្ដល់​លទ្ធភាព​ឲ្យ​កម្ពុជាសម្រេចបាន​ជោគជ័យ​មុន​ផែនការ កំណត់​នូវ​យុទ្ធសាស្ត្រ​ជាតិ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ជុំ​ទី ១ ជូន​ដល់​ប្រជាជន​អាយុ​ពី ៦​ឆ្នាំ​ឡើង​នៅ​ក្របខ័ណ្ឌ​ទូទាំងប្រទេស​និង​បានប្រកាស​បិទ​បញ្ចប់​ជា​ផ្លូវការនូវ​យុទ្ធនាការ​នេះ​ព្រមទាំង​បានប្រកាស​ជា​ផ្លូវការ​នូវ​ការបើក​ប្រទេស​ឡើងវិញ​លើ​គ្រប់​វិស័យ​ជា​បណ្ដើរៗ​សំដៅ​ស្ដារ​និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ឡើងវិញ​តាម​គន្លង​ប្រក្រតី ភាព​ថ្មី​កាលពី​ថ្ងៃ ១ ខែវិច្ឆិកា​ឆ្នាំ ២០២១ កន្លងទៅនេះ​។​

​គិត​ត្រឹម​ថ្ងៃទី ១៦ ខែវិច្ឆិកា​ឆ្នាំ ២០២១​ប្រជាជន​កម្ពុជា​ដែលមាន​អាយុ​៥​ឆ្នាំ​ឡើង​បានទទួល​នូវ​ការចាក់​វ៉ាក់សាំង​បង្ការ covid 19 មាន​រហូត​ទៅដល់​៨៧,៩៩​ភាគរយ​ក្នុង ចំណោម​ប្រជាជន​សរុប​ចំនួន​ប្រមាណ ១៦​លាន​នាក់​ហើយ​សង្ឃឹមថា​យប់​នេះ​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​និង​ឡើង​លើសពី​៨៨ ភាគ រយ​ដែលជា​អត្រា​គ្របដណ្ដប់​ដ៏​ខ្ពស់​។ ការ​នេះ​បានធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេសមួយ​ក្នុងចំណោម​បណ្ដា​ប្រទេស​ដែលមាន​អត្រា​គ្រប់​ដណ្ដប់​នៃ​ការចាក់​វ៉ាក់សាំង​ខ្ពស់​ជាងគេ​ទាំង​ក្នុង​តំបន់​និង​ក្នុង​សាកលលោក សម្រេចបាន​នូវ​ភាពស៊ាំ​សហគមន៍​រឹងមាំ​ពិតប្រាកដ​មួយ​ដែល​នឹងចូលរួម​ចំណែក​ក្នុងការ​កាត់បន្ថយ​នៅ​ការឆ្លង​រាលដាល ការចម្លង ការវិវឌ្ឍ​ទៅរក​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ និង អត្រា​មរណភាព ធានាបាន​នូវ​ការរស់នៅ​តាម​គន្លង​ប្រក្រតីភាព​ថ្មី​ព្រមទាំង​ស្ដារ​និង​ជំរុញ​ឡើងវិញ​នូវ​កំណើនសេដ្ឋកិច្ច​និង​វឌ្ឍនភាព​សង្គម ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​៖​ជោគជ័យ​នៃ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​របស់​កម្ពុជា​ខាងលើ​គឺ​មិនអាច​កាត់ផ្ដាច់​បានចេញ​ពី​ការផ្ដល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ដោយ​ប្រទេស​ចិន​បានឡើយ ។គិត​ត្រឹម ថ្ងៃទី ១៧ ខែវិច្ឆិកា​ឆ្នាំ ២០២១ នេះ​មិត្ត​ចិន​បានផ្ដល់​ជា​ជំនួយ​និង​សម្របសម្រួល​ក្នុង​ការបញ្ជាទិញ​បាក់​សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ បាន​ចំនួន​សរុប​ចំនួន ៣៦ លាន ៨​សែន​ដូ​ស​ដោយ​ក្នុងនោះ​វ៉ាក់សាំង​ជា​ជំនួយ​មាន​ចំនួន ៨ ៣០០ ០០០ ដូ​ស​និង​វាក់​សាំង​បញ្ជា​ទិញ​ចំនួន ២៨ លាន ៥ សែន​ដូ​ស ។ ទន្ទឹមនេះ​ជំនួយ​វ៉ាក់សាំង​បន្ថែមចំនួន ២​លាន​ដូ​ស​ដែល​ប្រគល់​ទទួល​នៅថ្ងៃនេះ​និង​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ជូន​ដល់​ប្រជា ជន​ទូទៅ​ចាប់តាំងពី​អាយុ ១៨ ឆ្នាំ​ឡើង​និង​ការចាក់​វ៉ាក់សាំង​ដូ​ស​មូលដ្ឋាន​ជូន​ដល់​កុមារ​អាយុ ៥ ឆ្នាំ​នៅក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​អះអាងថា​៖«​វ៉ាក់សាំង​ដែលមាន​ប្រភព​មកពី​ប្រទេស​ចិន​បាន​ដើរតួនាទី​ជា​វ៉ាក់សាំង​យុទ្ធសាស្ត្រ​ស្នូល​របស់​កម្ពុជា​និង​ជា​កូនសោ​គន្លឹះ​ក្នុងការ​ការពារ​សុខភាព​សាធារណៈ​និង ជួយសង្គ្រោះ​អាយុជីវិត​ប្រជាជន​កម្ពុជា ។ សាធារណរដ្ឋ​ប្រជាមានិត​ចិន​គឺជា​មិត្ត​ដែកថែប​ដ៏​ពិតប្រាកដ​ដែល​តែងតែ​ជួយ​កម្ពុជា គាំទ្រ​កម្ពុជា​ក្នុង​គ្រា​លំបាក​បាន​ទាន់ពេល​និង​ដោយ​គ្មាន​លក្ខខណ្ឌ​»​។

​សម្តេច​តេ​ជោ​ក៏បាន​ឆ្លៀតឱកាស​នេះ​សំដែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​និង​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​មិត្ត​ចិន​ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​បុព្វហេតុ​មនុស្សជាតិ​នៃ​ការ ប្រយុទ្ធ​ជំងឺ​កូ​វីដ​១៩ និង​តែងតែ​គាំទ្រ​ហើយ​យកចិត្តទុកដាក់​លើ​ដំណើរការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ចកម្ពុជា​នាពេល​កន្លងមក​។​ទន្ទឹមនេះ​ការផ្ដល់​វ៉ាក់សាំង​របស់​មិត្ត​ចិន​ដល់ កម្ពុជា​និង​បណ្ដាល​ប្រទេស​ដទៃទៀត​គឺជា​សក្ខីភាព​មួយ​យ៉ាង​ប្រចក្ស​អំពី​ភាពជា​អ្នកដឹកនាំ​សកល​របស់​ប្រទេស​ចិន​ដែល​បានចាត់ទុក​វ៉ាក់សាំង​បង្ការ​កូ​វីដ​១៩ ជា​ទំនិញ សាធារណៈ​សកល​និង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​វិបត្តិ​កូ​វីដ​១៩ ។​

​នៅក្នុង​ឱកាស​នោះ​សម្ដេច ហ៊ុន សែន ក៏​អំពាវនាវ​ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់​នាំគ្នា​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់ៗ​គ្នា​និង​ទៅ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ទៅតាម​ការកំណត់ របស់​អាជ្ញា​ធរមាន​ស​ម​ត្ថ​កិច្ច​និង​សូម​បន្ត​អនុវត្ត​នូវ​រាល់​វិធានការ​សុខាភិបាល​ដែល​បាន​ដាក់ចេញ​និង​សូម​ប្រកាន់ខ្ជាប់​នូវ​វិធានការ ៣ ការពារ ៣​កុំ ដែល​ប្រទេស​យើង​បាន និង​កំពុងបើក​ដំណើរការ​ឡើងវិញ​លើ​គ្រប់​វិស័យ​ជា​បណ្ដើរៗ ។ សូម​បងប្អូន​ជនរួមជាតិ​ទាំងអស់​រៀបចំ​ចាត់ ចែង​និង​គ្រប់គ្រង​សកម្មភាព​សង្គម​សេដ្ឋកិច្ច​ឡើងវិញ​ដោយ ប្រកាន់​គោលការណ៍​មិនត្រូវ​ហ៊ាន​ពេក​និង​មិនត្រូវ​ខ្លាច​ជ្រុល​ពេក​ដើម្បី​លើកស្ទួយ​ជីវភាព​ខ្លួនឯង​ស្ដារ​និង​ជំរុញ​សេដ្ឋកិច្ច​។​

​នៅ​ចុងបញ្ចប់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ជូនពរ​ឱ្យ​ចំណងមិត្តភាព​កម្ពុជា​ចិន​នៅ​ឋិតថេរ​ជា​អមតៈ​ក្នុងស្ថានភាព​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​និង​ជា​មិត្ត​ដែកថែប​ជា​រៀងរហូត ៕