ដោយៈ រិ​ទ្ធិ​សែន / ពោធិ៍សាត់​៖ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២១ ស្នងការរង នគ​បាល សណ្តាប់ធ្នាប់ ខេត្តពោធិសាត់ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី នូវ តា​ល់ និង​ជា តំណាង​លោក ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេ​ង ស្នងការ​នគរបាល ខេត្តពោធិ៍សាត់ និង​លោក វ៉ាន់ ហ៊ាង នាយក​ប្រតិបត្តិ កាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បាន​ដឹកនាំ​កម្លាំង​នគរបាល ចរាចរណ៍​ផ្លូវគោក និង​អ្នកស្ម័គ្រចិត្ត ព្រមទាំង​យុវជន កា​កក​បាទ​ក្រហម​កម្ពុជា​ខេត្ត បាន​បើក​យុទ្ធនាការ ចុះ​ផ្សព្វផ្សាយ ស្តីពី​សុវត្ថិភាព ចរាចរណ៍​ផ្លូវគោក និង​វិធានការ​ទប់ស្កាត់ ការឆ្លង​ជំងឺ​កូ​វីដ​–១៩ និង​បាន​បំពាក់​មួក សុវត្ថិភាព ចែក​ខិតប័ណ្ណ​ផ្សព្វផ្សាយ អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ចែក​ម៉ាស់ ជូន​ប្រជាពលរដ្ឋ ដែល​កំពុង​ធ្វើចរាចរ នៅលើ​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ស្តុ​ប​ផ្សារ ភួ​ពុ​យ នៅមុន​ពេល​ពិធី​បុណ្យអុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នៅពេល​ខាងមុខនេះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី នូវ តា​ល់ បាន​មានប្រសាសន៍​ឲ្យ​ដឹងថាៈ ការចុះ​បំពាក់​មួក សុវត្ថិភាព ចែក​ខិតប័ណ្ណ​ផ្សព្វផ្សាយ និង​ម៉ាស់ នាពេលនេះ​ក្នុង​គោលបំណង​ធ្វើការ ក្រើនរំលឹក ដល់​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ស្វែងយល់​អំពី​ហា​នី​ភ័យ និង​គុណវិបត្តិ នៃ​ការមិន​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​ធ្វើយ៉ាងណា កាត់បន្ថយ​នូវ អត្រា​គ្រោះថ្នាក់​ចរាចរណ៍ អោយនៅ​ទាប​បំផុត​។​

​លោក បានអោយដឹង​បន្ថែមទៀតថាៈ យុទ្ធនាការ​នេះ ក៏​បន្ត​អនុវត្ត​វិធានការ បី​កុំ បី​ការពារ របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ដើម្បី​បង្ការ​ទប់ស្កាត់ ការឆ្លង​រីក​រាលដាល នៃ​វីរុស​កូ​វីដ​–១៩ ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ដែរ​៕/V​-PC