ដោយ: ភ្នំខៀវ / បាត់ដំបង÷ ពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ជាង ៦០០ គ្រួសារ ក្នុងស្រុកគាស់ក្រឡ និងស្រុកមោងឫស្សី ទទួលអំណោយមនុស្សធម៌ ពីកាកបាទក្រហកម្ពុជា។
ឱកាសចុះអន្តរាគមន៍សង្គ្រោះបឋម ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខេត្ត បាត់ដំបង នៅថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ ២០២១នេះ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មា ធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានបញ្ជាក់ថា÷ គ្រោះធម្មជាតិ ទឹកភ្លៀងធ្លាក់ បង្កជាជំនន់ប៉ុន្មានថ្ងៃមកនេះ បានប៉ះពាល់ផ្លូវថ្នល់ ស្រែចម្ការជាច្រើនហិកតា ក្រៅពីនេះបានធ្វើឲ្យលិចលំនៅដ្ឋាន របស់ប្រជាពលរដ្ឋ ចំនួន ៦៤២ គ្រួសារទៀត បានរងគ្រោះ និងងាយរងគ្រោះ ក្នុងភូមិសាស្ត្រឃុំ ចំនួន ១៣ នៃស្រុកគាស់ក្រឡ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ផ្តើមចេញពីគ្រោះធម្មជាតិ ប្រែប្រួលអាកាសធាតុ បានប៉ះពាល់ដល់ប្រជាពលរដ្ឋនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានរៀបចំ ចាត់ចែង ឲ្យក្រុមការងារចុះផ្ទាល់ ដើម្បីសាកសួរសុខទុក្ខ និងនាំយកនូវអំណោយ មនុស្សធម៌ មួយចំនួន ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ឲ្យបានលឿនបំផុតចូលរួម សម្រាលបន្ទុក ខ្វះខាតរបស់ពលរដ្ឋ នានា ដែលរងគ្រោះ។
ជាមួយគ្នានេះដែរ លោកស្រី ហួន ចន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា បានពាំនាំសារអំពាវនាវ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឲ្យបងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ថែទាំសុខភាព និងរក្សា អនាម័យឲ្យបានល្អ ព្រោះបញ្ហាសុខភាព ជាកត្តាដ៏ចម្បងសម្រាប់គ្រប់គ្នាដូចជាត្រូវ បរិភោគទឹកដាំឆ្អិនល្អ ការពារជំងឺរាគរូស ជំងឺដង្កាត់ផ្សេងៗពិសេសនៅពេលទឹក ស្រកទៅវិញត្រូវខិតខំការងារ បង្កបង្កើនផល បន្តទៀតដើម្បីស្តារសេដ្ឋកិច្ចគ្រួសារ ឲ្យបានប្រសើរឡើងវិញ។
អំណោយដែលបានផ្តល់សង្គ្រោះបន្ទាន់ដល់ពលរដ្ឋរងគ្រោះទាំងអស់ពេលនេះក្នុងគ្រួសារនីមួយៗទទួលបាន÷ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ៦ដប ទឹកស៊ីអ៊ីវ ៦ដប និងបណ្ណប្រកាសអំពីជំងឺកូវីដ-១៩ ចំនួន ១សន្លឹកផងដែរ៕/V-PC