​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ឆា​នែ​ល​ញូ​វ​អេ​ស៊ា​) ៖ ចាប់តាំងពី​ឆ្នាំ ២០០០ ប្រទេស​ចិន​បាន​ចំណាយ​ប្រាក់​ចំនួន ៨៤៣ ពាន់​លាន​ដុល្លារ​អាម៉េរិក​លើ​ជំនួយ​ទ្វេភាគី​។ នោះ​គឺ​ប្រហែល ៣៩,៥​ពាន់​លាន​ដុល្លារ​ក្នុង​​មួយឆ្នាំ ប្រហាក់ប្រហែល​នឹង​ចំនួន​ប្រាក់​ដែល​ផ្តល់​ដោយ​សហរដ្ឋ​អាម៉េរិក ដែលជា​អ្នក​ផ្តល់​ជំនួយ​បរទេស​ធំ​បំផុត​របស់​ពិភពលោក​។​

​ទោះបីជា​និយមន័យ​របស់​ប្រទេស​ទាំង​ពីរ​អំពី​ជំនួយ​បរទេស​ខុស​គ្នា​ក៏​ដោយ ក៏​ប៉ុន្តែ​គ្មាន​នរណាម្នាក់​ជំទាស់​នឹង​ការ​ពិត​ដែលថា ប្រទេស​ចិន​ដែល​ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​កន្លងមក​នេះ​បាន​ផ្តល់​ហិរញ្ញ​​ប្បទាន​ដល់​គម្រោង​ជំនួយ​ទ្វេភាគី​ចំនួន ១៣.៤២៧ នៅក្នុង​ប្រទេស​ចំនួន ១៦៥ គឺជា​តួអង្គ​ថ្មី​ដ៏​ធំ​បំផុត​នៅក្នុង​ផ្នែក​ផ្តល់​ជំនួយ​នោះឡើយ​។​

​ជាងនេះទៅទៀត ការស្រាវជ្រាវ​ថ្មីៗ​កំពុង​ជំទាស់​នឹង​ទស្សនៈ​អវិជ្ជមាន​ជា​ញឹកញាប់​របស់​អ្នកសង្កេតការណ៍​ពី​ខាងក្រៅ​ចំពោះ​គម្រោង​អភិវឌ្ឍន៍​នៅ​ក្រៅប្រទេស​របស់​ចិន​។​

​ពួក​អ្នក​រិះគន់​បាន​ចោទប្រកាន់​ចិន​ថា​បាន​ប្រើប្រាស់​ជំនួយ​ដើម្បី​ជំរុញ​គោលដៅ​ភូមិសាស្ត្រ​នយោបាយ​ជាជាង​ជួយ​ដល់​ប្រជាជាតិ​ក្រីក្រ​របស់​ពិភពលោក​ហើយ​ពួកគេ​លើកឡើង​ពី​គ្រោះថ្នាក់​ដែល​ជំនួយ​​ទាំងនេះ​អាច​បង្កឡើង​នៅក្នុង​បណ្តា​ប្រទេស​ជា​អ្នកទទួល​ជំនួយ​។​

​ការរិះគន់​បែបនេះ​ត្រូវបាន​ធ្វើ​ឡើង​លើ​ជំនួយ​បរទេស​ទាំងអស់​របស់​ចិន​។ ប៉ុន្តែ​ក្រឡេកមើល​មួយ​ភ្លែត ជំនួយ​របស់​ចិន​មើល​ទៅ​មិន​អំណោយផល​ពិតមែន សូម្បី​តាម​ស្តង់ដារ​ជំនួយ​របស់​អ្នកជំនាញ​ក៏ដោយ​។​

– ហេតុផល​សម្រាប់​ការសង្ស័យ​

​សម្រាប់​អ្នក​ទើប​ចាប់ផ្តើម ការពិត​ដែលថា​ស្ថាប័ន​រដ្ឋាភិបាល​ចិន​និង​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ​ជាង​៣០០​បាន​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង ១៣.០០០ របស់​ប្រទេស​នេះ​ដោយ​មាន​ការចូលរួម​​តិចតួច​ពី​អង្គភាព​ឯកជន គឺ​គាំទ្រ​ដល់​ការសង្ស័យថា រដ្ឋ​ចិន​កំពុង​ប្រើប្រាស់​ជំនួយ​ជា​ឧបករណ៍​នយោបាយ​។​

​ហើយ​ខុសពី​ម្ចាស់​ជំនួយ​ធំៗ​ផ្សេងទៀត ប្រទេស​ចិន​មិនបាន​កំណត់​លក្ខខណ្ឌ​លើ​ជំនួយ​អភិវឌ្ឍន៍​របស់​ខ្លួន​លើ​ស្ថាប័ន​ឬ​នយោបាយ​របស់​ប្រទេស​អ្នក​ទទួល​នោះទេ​។ នេះ​បាន​បង្កើន​ក្តីបារម្ភ​បន្ថែមទៀតថា ជំនួយ​របស់​ចិន​នឹង​ត្រូវ​បង្វែរ​ខុស​ទិសដៅ​និង​បរាជ័យ​ក្នុង​ការបំពេញ​គោលបំណង​បន្ទាប់បន្សំ​របស់​ជំនួយ​បរទេស​ក្នុង​ការលើកកម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​នៅក្នុង​ប្រទេស​ក្រីក្រ​។​

​របៀប​នៃ​ការផ្តល់​ជំនួយ​របស់​ចិន​ក៏​ខុស​ប្រក្រតី​ដែរ​។ ប្រទេស​ចិន​ជាធម្មតា​ផ្តល់​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​ក្នុង​ទម្រង់​ជា​ប្រាក់កម្ចី ក្នុង​អត្រា​ការប្រាក់​ឧបត្ថម្ភ​ធន​ខ្ពស់​ឬ​អត្រា​ការប្រាក់​ទីផ្សារ​សម្រាប់​គម្រោង​​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​។​

​កិច្ចសន្យា​ជាទូទៅ​ចែង​ថា​ប្រទេស​អ្នកទទួល​ត្រូវតែ​ចំណាយ​ប្រាក់​មួយ​ចំណែក​ធំ​ជាមួយ​ក្រុមហ៊ុន​ចិន ដែល​ផ្តល់ឱ្យ​នូវ​សម្ភារៈ​និង​កម្លាំង​ពលកម្ម​ទាំងអស់​ដែល​ត្រូវការ​ដើម្បី​បំពេញ​គម្រោង​ឱ្យ​រួចរាល់​ជា​ស្ថាពរ​។​

​មិនមាន​អ្វី​គួរឱ្យភ្ញាក់ផ្អើល​ទេ​ដែល​ប្រទេស​អ្នកទទួល​ព្រួយបារម្ភ​អំពី​បំណុល​កើន​ឡើង​របស់​ពួកគេ​ចំពោះ​ចិន​។ ទន្ទឹមនឹងនេះ ពួក​អ្នក​រិះគន់​បាន​លើកឡើង​ថា អត្ថប្រយោជន៍​នៃ​ជំនួយ​ចិន​គឺ​មិន​ច្បាស់លាស់​ទេ​។​

​ការនាំ​ចូល​កម្មករ​ចិន​ដើម្បី​សម្រេច​គម្រោង​អាច​រឹតត្បិត​សមត្ថភាព​កសាង​ក្នុងប្រទេស​អ្នកទទួល ហើយ​ថែមទាំង​ដាក់​សម្ពាធ​លើ​ប្រាក់​ឈ្នួល​របស់​កម្មករ​ក្នុងស្រុក​។​

​ប៉ុន្តែ​ការសិក្សា​ថ្មីៗ​នេះ​បាន​បង្ហាញថា ខណៈ​មាន​ការពិត​ខ្លះ​នៅក្នុង​កង្វល់​ទាំងនេះ ការមើល​មួយ​ភ្លែត​ពី​ខាងក្រៅ​គឺ​មិនឃើញ​ការ​ពិត​នោះទេ​។ ប្រាកដ​ណាស់​ហេតុផល​នយោបាយ​គឺ​នៅ​ពីក្រោយ​ជំនួយ​​បរទេស​របស់​ចិន ប៉ុន្តែ​វា​ទាក់ទង​នឹង​ការបន្ធូរបន្ថយ​បញ្ហា​ក្នុងស្រុក​ច្រើនជាង​ការសម្រេច​ឱ្យបាន​នូវ​ការត្រួតត្រា​របស់​ចិន​លើ​ផ្នែក​ផ្តល់​ជំនួយ​បរទេស​។​

– ចេតនា​នយោបាយ​

​ការសិក្សា​ថ្មី​មួយ​បាន​កត់ត្រា​ពី​របៀប​ដែល​បំណងប្រាថ្នា​របស់​រដ្ឋាភិបាល​ចិន​ក្នុង​ការលុបបំបាត់​ភាពចលាចល​នយោបាយ​នៅក្នុង​ស្រុក​បាន​ជំរុញ​ឱ្យ​មាន​សមាមាត្រ​ដ៏​ធំ​នៃ​ជំនួយ​ក្រៅប្រទេស​របស់​ចិន​។​

​ឧទាហរណ៍​ជាក់ស្តែង នៅពេល​ដែល​កម្មករ​ចិន​តវ៉ា រដ្ឋាភិបាលកណ្តាល​តែងតែ​បែងចែក​កិច្ចសន្យា​ជំនួយ​បរទេស​ដល់​ក្រុមហ៊ុន​រដ្ឋ​ធំៗ​នៅក្នុង​វិស័យ​នេះ​។​

​បន្ទាប់​មក​ក្រុមហ៊ុន​ទាំងនោះ​ជួល​បុគ្គលិក​បន្ថែម ហើយ​បញ្ជូន​កម្លាំង​ពលកម្ម​និង​សម្ភារៈ​ទៅ​កាន់​ប្រទេស​អ្នក​ទទួល​រយៈពេល​ជាច្រើន​ឆ្នាំ ដើម្បី​សាងសង់​ផ្លូវ កំពង់ផែ ឬ​អង់​តែ​ន​ទូរស័ព្ទ​។​ដូច្នេះ​តាម​ន័យ​​នយោបាយ ជំនួយ​គឺជា​លទ្ធផល​ឈ្នះ​-​ឈ្នះ​សម្រាប់​ចិន​។ ប្រាក់​ជំនួយ​ជួយ​កាត់បន្ថយ​ភាព​អត់​ការងារ​ធ្វើ​ក្នុងស្រុក ដែល​បាន​បន្ធូរបន្ថយ​ភាព​តានតឹង​ក្នុង​សង្គម​ហើយ​ប្រទេស​អ្នក​ទទួល​មាន​ការដឹងគុណ​​ចំពោះ​ជំនួយ​ហិរញ្ញវត្ថុ​នេះ​។​

​ជំនួយ​ស្បៀងអាហារ​របស់​សហរដ្ឋ​អាម៉េរិក​ដំណើរកា​រលើ​គោលការណ៍​ស្រដៀង​គ្នា​នេះ​ដែរ គឺ​រដ្ឋាភិបាល​អាម៉េរិក​ប្រមូល​ទិញ​ស្រូវ​សាលី​នៅក្នុង​ឆ្នាំ​ផលិតកម្ម​ដែល​កំពុង​រីកចម្រើន​ដើម្បី​ផ្តល់​កម្រិត​តម្លៃ​​សុវត្ថិភាព​សម្រាប់​កសិក​រ​អាម៉េរិក ហើយ​បន្ទាប់​មក​បញ្ជូន​អាហារ​ដែល​លើស​ទៅ​ប្រទេស​ក្រីក្រ​ជា​ជំនួយ​ទ្វេភាគី​។​

​ប៉ុន្តែ​ការ​លាតត្រដាង​ដ៏​សំខាន់​បំផុត​ពី​ការសិក្សា​សេដ្ឋកិច្ច​ថ្មីៗ​នេះ​គឺថា ជំនួយ​របស់​ចិន​បង្កើន​កំណើន​ផលិតផល​ក្នុងស្រុក​សរុប ការប្រើប្រាស់​ក្នុង​គ្រួសារ និង​ការងារ​នៅក្នុង​ប្រទេស​អ្នក​ទទួល​។ ដូច្នេះ ផ្ទុយ​ពី​ការយល់ឃើញ​ទូទៅ​របស់​អ្នក​រិះគន់ អត្ថប្រយោជន៍​នៃ​ជំនួយ​បរទេស​របស់​ចិន​គឺ​ស្រោច​ទៅលើ​ពលរដ្ឋ​សាមញ្ញ​។​

​ជា​ការពិត ខណៈ​មនុស្ស​ជាច្រើន​អាច​ពិបាក​នឹង​ទទួលយក​លទ្ធផល​រក​ឃើញ​ទាំងនេះ ពួកគេ​មិន​មាន​ការភ្ញាក់ផ្អើល​នឹង​លទ្ធផល​ស្រាវជ្រាវ​នេះ​ទេ​។​សេដ្ឋកិច្ចវិទូ​ភាគច្រើន​ក៏​ដូច​ជា​មន្ត្រី​នៅ​ស្ថាប័ន​នានា​​ដូច​ជា​ធនាគារ​ពិភពលោក​យល់​ស្រប​ថា ហេដ្ឋារចនាសម្ពន្ធ​ទំនើប​គឺជា​គន្លឹះ​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​ក្រីក្រ​។​

​ទោះយ៉ាងណា ប្រទេស​ដែល​ត្រូវការ​ហេដ្ឋារចនាសម្ពន្ធ​បែបនេះ​ច្រើនតែ​ជា​ប្រទេស​ដែល​មាន​ស្ថាប័ន​ឥត​ប្រយោជន៍​ដែល​ជារឿយៗ​ជា​មូលហេតុ​ដែល​ប្រទេស​ទាំងនេះ​នៅ​តែ​ក្រីក្រ​និង​មិន​អាច​សាងសង់​​ហេដ្ឋារចនាសម្ពន្ធ​បាន​ដោយ​ខ្លួនឯង​។​

– មូលហេតុ​ដែល​ជំនួយ​ចិន​ដំណើរការ​

​ក្នុង​ករណីបែបនេះ ជំនួយ​របស់​ចិន​អាច​ផ្តល់​នូវ​ដំណោះស្រាយ​យ៉ាង​ស្អាត​។ ដោយសារ​តែ​ក្រុមហ៊ុន​ចិន​នាំ​កម្មករ​និង​សម្ភារៈ​ផ្ទាល់ខ្លួន​របស់​ពួកគេ ហើយ​មិន​ពឹងផ្អែក​លើ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ក្នុងស្រុក ពួកគេ​ភាគច្រើន​ត្រូវបាន​ការពារ​ពី​អំពើពុករលួយ​និង​ការ​សូកប៉ាន់​ក្នុងស្រុក​។​

​ជាងនេះទៅទៀត​ហេដ្ឋារចនាសម្ពន្ធ​ដែល​ចិន​សាងសង់​អាចមា​ន​អត្ថប្រយោជន៍​យ៉ាង​ទូលំទូលាយ​បើ​ទោះបីជា​រដ្ឋាភិបាល​របស់​ប្រទេស​អ្នកទទួលមិន​ចាប់អា​រម្ម​ណ៍​លើ​សុខុមាលភាព​របស់​ពល​រដ្ឋ​ខ្លួន​ក៏​​ដោយ​។​

​ផ្លូវ​ថ្មី​ដែល​ត​ភ្ជាប់​អណ្តូងរ៉ែ​ទៅ​កំពង់ផែ​ក៏​ផ្តល់​មធ្យោបាយ​ធ្វើ​ដំណើរ​សម្រាប់​ប្រជាជន​ដែល​រស់នៅ​តាម​ផ្លូវ​នោះ​ផងដែរ ដែល​ជំរុញ​ឱ្យមាន​ការអភិវឌ្ឍ​នៅ​ទីនោះ​។​

​អង់​តែ​ន​ទូរគមនាគមន៍​ដែល​សាងសង់ឡើង​សម្រាប់​គោលបំណង​រដ្ឋាភិបាល​អាច​បង្កើន​លំហូរ​ព័ត៌មាន​និង​ការចូល​ទៅ​កាន់​ទីផ្សា​រ​សម្រាប់​កសិករ​។​

​ខ្សែ​ថាមពល​អគ្គិសនី​នៅតាម​ដងផ្លូវ​ឬ​ផ្លូវ​រថភ្លើង​ក៏​អាច​ផ្តល់​ពន្លឺ​ដែល​អនុញ្ញាត​ឱ្យ​កុមារ​ក្នុង​មូលដ្ឋាន​អាច​រៀនសូត្រ​បាន​នៅពេល​យប់​ផងដែរ​។​

​កំហុស​នៃ​ជំនួយ​ចិន​នឹង​ស្ថិត​ក្នុង​ការ​ផ្តោតអារម្មណ៍​កាន់តែខ្លាំង​នៅពេល​ដែល​អ្នកស្រាវជ្រាវ​យកចិត្តទុកដាក់​បន្ថែ​ម​ទៀត​លើ​ប្រធានបទ​នេះ​។ ប៉ុន្តែ​ចេតនា​នយោបាយ​របស់​ចិន​មិនមាន​អ្វី​អាក្រក់​នោះទេ​។​

​ការពិត​ដែលថា​ជំនួយ​អាច​ផ្តល់​អត្ថប្រយោជន៍​ដល់​ជនក្រីក្រ​ត្បិត​មាន​ចេតនា​អាត្មានិយម​នៅ​ពីក្រោយ គឺជា​ជោគជ័យ​មួយ​សម្រាប់​ប្រទេស​អ្នកទទួល​។ យ៉ាងណាមិញ គ្មាន​ប្រទេស​ម្ចាស់​ជំនួយ​ណា​ដែល​ផ្តល់​ជំនួយ​ដ៏​ច្រើន​បែប​នេះ​សម្រាប់​ហេតុផល​ពិត​ទាំងស្រុង​នោះទេ​។​

​ផ្អែក​លើ​អ្វី​ដែល​អ្នកស្រាវជ្រាវ​បានដឹង ជំនួយ​របស់​ចិន​ហាក់ដូចជា​ឧទាហរណ៍​ដ៏​កម្រ​នៃ​ជំនួយ​អភិវឌ្ឍន៍ ដែល​ផ្តល់​អត្ថប្រយោជន៍​ជា​ប្រព័ន្ធ​ដល់​ប្រទេស​អ្នកទទួល​តាម​មធ្យោបាយ​ដ៏​មាន​អត្ថន័យ​។​

​ការ​ក្រឡេកមើល​ឱ្យ​បាន​យូរ​អាចមាន​ប្រយោជន៍​សម្រាប់​អ្នក​បង្កើត​គោល​នយោបាយ​នៅក្នុង​ប្រទេស​ផ្សេង​ទៀត​ដែល​ចាប់អារម្មណ៍​ក្នុងការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រសិទ្ធភាព​នៃ​ជំនួយ​បរទេស​៕

ផ្លូវហាយវ៉េនៅប៉ាគីស្ថាននិងស្ថានីយរថភ្លើងនៅគេនយ៉ា ស្ថាបនាក្រោយជំនួយចិន