ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​មេធាវី គី តិច ប្រធាន​ក្រុម​មេធាវី​រាជរដ្ឋាភិបាល​នៅ​ថ្ងៃទី​១៧​ខែវិច្ឆិកា​ឆ្នាំ​២០២១​បានចេញ ​សេចក្តីថ្លែងការណ៍​បញ្ជាក់ចំពោះ​វិធានការ​អនុវត្ត​សាលក្រម​សាលដីកា​លើ​ទ្រព្យសម្បត្តិ របស់​ទណ្ឌិត សម រ​ង្ស៉ី​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ក្រុមមេធាវី​រាជរដ្ឋាភិបាល​បាន​អះអាងថា «​កម្ពុជា​គ្មានទេ​អ្នកទោសនយោបាយ​ប៉ុន្តែ​មាន​អ្នកនយោបាយ​ជាប់ទោស ដោយសារ​ប្រព្រឹត្តិ​ល្មើសច្បាប់​»​។ ជន​ដែល​ប្រព្រឹត្ត​ល្មើសច្បាប់ ត្រូវ​ទទួលទោស និង​ទណ្ឌកម្ម តាម​ការកំណត់​នៃ​ច្បាប់​។​ការអនុវត្ត​ទោសទណ្ឌ​តាម​សេចក្តីសម្រេច​របស់​តុលាការ​ដែល​បាន​ឆ្លងកាត់​ដំណើរការ​នីតិវិធី​តាមផ្លូវ​ច្បាប់ និង​ក្លាយជា​សេចក្តីសម្រេច​ស្ថាពរ​រួចហើយនោះ ជា​និយាម​អនុវត្ត​ទូទៅ និង​ជា​ប្រក្រតី នៅ​គ្រប់​បណ្តា​ប្រទេស​ដែល​ប្រកាន់យក​នីតិរដ្ឋ​។​

​នៅពេលដែល​បុគ្គល​ណា​ម្នាក់ ប្រព្រឹត្ត​អំពើ​ដែលជា​បទល្មើស​ព្រហ្មទណ្ឌ ច្បាប់ព្រហ្មទណ្ឌ​កម្ពុជា​កំណត់​ចែង​នូវ​ទោស​ដាក់ពន្ធនាគារ និង​ទោសពិន័យ​ជា​ប្រាក់ ជាអាទិ៍ ដែលជា​លទ្ធផល​នៃ​បណ្តឹងអាជ្ញា និង​ទណ្ឌកម្ម​សំណង​ផ្នែក​រដ្ឋប្បវេណី ដែលជា​លទ្ធផល​នៃ​បណ្តឹងរដ្ឋប្បវេណី ដើម្បី​ជួសជុល​ការខូចខាត​របស់​ជន​រងគ្រោះ ដែល​បណ្តាលមកពី​អំពើ​ល្មើស​នោះ​។ ប្រសិនបើ​ពិរុទ្ធជន មិន​អនុវត្ត​សង​សំណង​ជួសជុល​ការខូចខាត ដល់​ដើមបណ្តឹង​ដោយ​ស្ម័គ្រចិត្ត​ទេ ដើមបណ្តឹង​មាន​សិទ្ធិ​សុំឱ្យ​តុលាការ រឹបអូស​ទ្រព្យសម្បត្តិ​របស់​ពិរុទ្ធជន​យកទៅ​លក់ឡៃ​ឡុង ដើម្បី​យកប្រាក់​មក​សង​សំណង​ទៅតាម​ការកំណត់​នៃ​សាលក្រម ឬ​សាលដីកា ដែល​បាន​ចូល​ជា​ស្ថាពរ ឬ​ដែលមាន​អានុភាព​អនុវត្ត​ដោយ​បង្ខំ​បើទោះបីជា​ពិរុទ្ធជន​បានគេច​ខ្លួន មិនទាន់​អាចឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច អនុវត្ត​ទោស​ព្រហ្មទណ្ឌ​លើ​បុគ្គល​នោះ​ក្តី​។​

​បុគ្គល​ឈ្មោះ សម រង្ស៊ី និង ជូ​ឡុង សូ​មួ​រ៉ា បាន​ប្រព្រឹត្ត​អំពើ​ដែល​ច្បាប់ព្រហ្មទណ្ឌ​កម្ពុជា​បញ្ញត្តិ​ថា ជា​បទល្មើស​។ នីតិវិធី​របស់​តុលាការ បាន​ប្រព្រឹត្ត​ទៅតាម​លំដាប់លំដោយ រហូត​ចប់សព្វគ្រប់​តាមច្បាប់​ជា​ធរមាន ហើយ​បុគ្គល​នេះ​ត្រូវបាន​តុលាការ​រកឃើញ​មាន​ពិរុទ្ធភាព​ចំពោះ​ការប្រព្រឹត្ត​អំពើ​ល្មើស​នឹង​ច្បាប់ព្រហ្មទណ្ឌ តាមរយៈ​សេចក្តីសម្រេច​របស់​តុលាការ ដែល​បាន​ក្លាយជា​ស្ថាពរ បិទផ្លូវ​តវ៉ា និង​មាន​អានុភាព​អនុវត្ត ដែលជា​លទ្ធផល​បានកំណត់​ផ្ដន្ទាទោស​ជនល្មើស​នេះ​ពីបទ​ព្រហ្មទណ្ឌ និង​កំណត់​ផ្តល់​សំណង​រដ្ឋប្បវេណី ជូន​ដើមបណ្តឹង​ជា​ជនរងគ្រោះ​។​

​បច្ចុប្បន្ន​បុគ្គល​បំពាន​ច្បាប់​ឈ្មោះ សម រង្ស៊ី និង ជូ​ឡុង សូ​មួ​រ៉ា ត្រូវ​ប្រឈម​នឹង​អំណាច​សាលក្រមសាលដីកា ដែល​ចូល​ជា​ស្ថាពរ​ជា​បន្តបន្ទាប់​ទៀត ព្រមទាំង​បណ្តឹងសុំ​អនុវត្ត​ដោយ​បង្ខំ​ជា​បន្តបន្ទាប់​ទៀតផង​ដែរ​៕

​សូម​ជូន​សេចក្តីថ្លែងការណ៍​របស់​ក្រុម​មេធាវី​រាជរដ្ឋាភិបាល​៖