​ដោយៈ អង្គា​រ៍​ហេង / ភ្នំពេញៈ មន្ត្រី​អគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួត ប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) បានឱ្យដឹង​នៅ​រសៀល ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ​ថាៈ សុខ​ភាពជា​កត្តា​សំខាន់បំផុត សម្រាប់​មនុស្ស​ទូទៅ ដែល​មិនអាច​ខ្វះ បាន​។ បច្ចុប្បន្ន អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ស្រាវជ្រាវ ទប់ស្កាត់ និង​រារាំង​នូវ​អំពើ​មិន​សុចរិត​ផ្សេងៗ ក្នុង​ធុរកិច្ច​ពាណិជ្ជកម្ម នៅលើ​ទីផ្សារ ពិសេស​គឺ វិស័យ​ម្ហូបអាហារ ដែល​ចរាចរ​លើ​ទីផ្សារ និង​ជា​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ទូទៅ ដែល​មិនអាច​ខ្វះ​បាន​។​

​មន្ត្រី​ដដែល បាន​បន្តថាៈ ដើម្បី​ធានាឱ្យមាន​សុវត្ថិភាព សុចរិត​ភាព និង​ការពារ​សុខភាព របស់​ប្រជាពលរដ្ឋ មន្ត្រី​ជំនាញ ក​.​ប​.​ប​. តែងតែ​ចុះ​ត្រួតពិនិត្យ​ទំនិញ​លើ​ទីផ្សារ​។ ជាក់ស្ដែង កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១ មន្ត្រី​ជំនាញ ក​.​ប​.​ប​. បាន​រកឃើញ និង​ដកហូត​នូវ ទំនិញ​ចម្រុះ ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ និង​ខូចគុណភាព ចំនួន ៧៨៧,១៨ គីឡូក្រាម និង​អាល់កុល​ក្លែងក្លាយ (​មេ​តា​ណុល​) ចំនួន ៩៧ លីត្រ ស្ថិតក្នុង​ខេត្ត​មួយចំនួន ដូចជា ខេត្តកំពត ខេត្ត​កែប ខេត្តកោះកុង ខេត្តកំពង់ធំ ខេត្តបន្ទាយមានជ័យ និង​រាជធានី​ភ្នំពេញ​។​

​គួរ​បញ្ជាក់ថា រាល់​ទំនិញ ដែល​បាន​ដកហូត​ទាំងអស់ នឹង​យកមក​រក្សាទុក ដើម្បី​ចាត់ការ តាម​នីតិវិធី និង​ធ្វើ​ការពិន័យ​អន្តរការណ៍ ៕/V​