ភ្នំពេញៈ​កាលពីពេល​ថ្មីៗ​នេះ​ចៅក្រម​អនុវត្ត​សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​ដីកា​សម្រេច​ចាប់ផ្តើម​ការលក់​ដោយ​បង្ខំ​ផ្ទះ​ដែលជា​កម្មសិទ្ធិ​របស់​មេ​ឧទ្ទាម​ក្រៅច្បាប់​រត់ចោលស្រុក សម រង្ស៊ី ដើម្បី​យកលុយ​ទៅ​ឲ្យ​ម្ចាស់បំណុល​ចំនួន​បួន​ភាគី ។​តែ​ដំណើរការ​នៃ​ការលក់​អចលនទ្រព្យ​មួយ​នេះ​នឹង​ប្រព្រឹត្តទៅ​យ៉ាងដូចម្តេច​?​។​

​អ្នកច្បាប់​បានធ្វើការ​ពន្យល់​នៅ​ថ្ងៃទី​១៧​ខែវិច្ឆិកា​ឆ្នាំ​២០២១​នេះ​អំពី​នីតិវិធី​នៃ​ការលក់​អចលនវត្ថុ​ដែលជា​កម្មសិទ្ធិ​របស់​ពិរុទ្ធជន​ឈ្មោះ សម​-​រង្ស៊ី និង ជូ​ឡុង​-​សូ​មួ​រ៉ា ថា​នេះ​ជាការ​ប្រតិបត្តិ​នូវ​ច្បាប់​និង​នីតិវិធី​ជា​ធរមាន​ទាំងស្រុង​។​ពេល​សាលក្រម​ចូល​ជា ស្ថាពរ​ភ្លាម​មេធាវី​ដើមចោទ​បានដាក់​ពាក្យសុំ​អនុវត្ត​ដោយ​បង្ខំ​លើ​ចំណុច​រឹបអូស​អចលនទ្រព្យ​លក់​ឡាយឡុង​ដើម្បី​សង​សំណង​ជំងឺ​ចិត្ត​ដល់​ដើមបណ្តឹង​។

​បន្តថា​មក​ចៅក្រម​ទទួលបន្ទុក​អនុវត្ត​ចេញ​ដីកា​សម្រេច​ចាប់ផ្តើម​លក់​ដោយ​បង្ខំ​យកទៅ​បិទមុខ​ផ្ទះ​ទុកជា​ការជូនដំណឹង​ដល់​ភាគី​ចុងចោទ​។​បន្ទាប់មក​ចៅក្រម​ចេញ​ដីកា​សម្រេច​ចាត់តាំង​ក្រុមហ៊ុន​ណាមួយ​ឬ​ជំនាញ​សុរិយោដី​ចុះ​ដល់ទី​តាំង​ដើម្បី​វាយតម្លៃ​ផ្ទះ​ដែល​ត្រូវ​លក់​ឡាយឡុង​នោះ​តាម​ហាងឆេង​។​ទទួលបាន​ការវាយតម្លៃ​ហើយ​ចៅក្រម​បញ្ជូន​សំណុំ​រឿងនេះ​ទៅ​អាជ្ញាសាលា​ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​។​

​ប្រភព​ដដែល​បាន​បន្តថា​អាជ្ញាសាលា​ដាក់​តម្លៃ​ក្រោម​ហាងឆេង​រួច​ដាក់​ដេញថ្លៃ​តាម​ស្រោមសំបុត្រ​។​បើ​នរណា​ដេញថ្លៃ​ខ្ពស់ជាង​ផ្ទះ​នេះ​ត្រូវបាន​ទៅ​អ្នកដេញថ្លៃ​ខ្ពស់​នោះ​។​តែបើ​គ្មាន​អ្នកដេញថ្លៃ​ទេ​អាជ្ញាសាលា​ត្រូវ​បញ្ចុះតម្លៃ​ដេញថ្លៃ​ហើយ​ដាក់​ដេញថ្លៃ​ជា​បន្តទៀត​រហូតដល់​ស​ម្រេច​តម្លៃ​លក់​ឡាយឡុង​បាន​។​

​ចំណែក​លោក គី តិច ប្រធាន​ក្រុម​មេធាវី​រាជរដ្ឋាភិបាល​បាន​បញ្ជាក់ថា នីតិវិធី​របស់​តុលាការ​បាន​ប្រព្រឹត្ត​ទៅតាម​លំដាប់ លំដោយ​រហូត​ចប់សព្វគ្រប់​តាមច្បាប់​ជា​ធរមាន​ហើយ​បុគ្គល​នេះ​ត្រូវបាន​តុលាការ​រកឃើញ​មាន​ពិរុទ្ធភាព​ចំពោះ​ការប្រព្រឹត្ត​អំពើ​ល្មើ​សនឹង​ច្បាប់ព្រហ្មទណ្ឌ តាមរយៈ​សេចក្ដីសម្រេច របស់​តុលាការ ដែល​បាន​ក្លាយជា​ស្ថាពរ បិទផ្លូវ​តវ៉ា​និង​មាន អានុភាព​អនុវត្ត ដែលជា​លទ្ធផល​បានកំណត់​ផ្ដន្ទាទោស ជនល្មើស​នេះ​ពីបទ​ព្រហ្មទណ្ឌ និង​កំណត់​ផ្ដល់​សំណង​រដ្ឋប្បវេណី ជូន​ដើមបណ្តឹង​ជា​ជនរងគ្រោះ​។​

​បច្ចុប្បន្ន​បុគ្គល​បំពាន​ច្បាប់​ឈ្មោះ សម​-​រង្ស៊ី និង ជូ​ឡុង​-​សូ​មួ​រ៉ា ត្រូវ​ប្រឈម​នឹង​អំណាច​សាលក្រម​សាលដីកា​ដែល​ចូល​ជា ស្ថាពរ​ជា​បន្តបន្ទាប់​ទៀត ព្រមទាំង​បង្ខាំង​សុំ​អនុវត្ត​ដោយ​បង្ខំ​ជា​បន្តបន្ទាប់​ទៀតផង​ដែរ​។​

​ប្រភព​ដដែល​បន្តទៀត​ថា នីតិវិធី​អនុវត្ត​តាមរយៈ​ការចេញ​ដីកា​សម្រេច​ចាប់ផ្តើម​ការលក់​ដោយ​បង្ខំ​នូវ​អចលនវត្ថុ​ដែលជា កម្មសិទ្ធិ​របស់ ពិរុទ្ធជន​ឈ្មោះ សម​-​រង្ស៊ី និង ជូ​ឡុង​-​សូ​មួ​រ៉ា ដែលជា​ទ្រព្យ​ឯកជន​របស់​ពិរុទ្ធ​ជននេះ ជាការ​ប្រតិបត្តិ​នូវ​ច្បាប់ និង​នីតិវិធី​ជា​ធរមាន​ទាំងស្រុង​។​ថ្វីត្បិតតែ​អចលនវត្ថុ​នេះ​ធ្លាប់​ត្រូវបាន​ប្រើប្រាស់​ជាទី​ស្នាក់ការ​នៃ​អតីត​គណបក្សនយោបាយ ប៉ុន្តែ​ទ្រព្យ​នេះ​ជា​កម្មសិទ្ធិ​របស់​រូបវន្ត​បុគ្គល​ឈ្មោះ សម​-​រង្ស៊ី និង ជូ​ឡុង​-​សូ​មួ​រ៉ា ដែលមាន​កាតព្វកិច្ច​ត្រូវ​សង​សំណង រដ្ឋប្បវេណី​តាម​អំណាច​នៃ​សេចក្ដីសម្រេច​ស្ថាពរ​របស់​តុលាការ ហើយ​មិនបាន​សង​សំណង​នោះ​ដោយ​ស្ម័គ្រចិត្ត​។ នៅពេលដែល​នីតិវិធី​លក់​ដោយ​បង្ខំ​ត្រូវបាន​អនុវត្ត​ចប់​រួចរាល់​លើ​អចលនវត្ថុ​នេះ អចលនវត្ថុ​នេះ​នឹង​ក្លាយជា​កម្មសិទ្ធិ​របស់ អ្នកទិញ ដែល​បាន​ដេញថ្លៃ​ទិញ​ពី​តុលាការ ហើយ​បុគ្គល សម​-​វ​ង្ស៊ី និង ជូ​ឡុង​-​សូ​មួ​រ៉ា ឬ​ជន​ណាក៏ដោយ​គ្មាន​សិទ្ធិ​ទទួល បាន​អចលនវត្ថុ​នេះ​វិញ​ឡើយ​។ ការ​រឹបអូស និង​ដាក់លក់​ទ្រព្យសម្បត្តិ​របស់​ពិរុទ្ធជន ឬ​កូនបំណុល តាមផ្លូវ​តុលាការ ជា​នីតិវិធី​អនុវត្ត​ជា​ប្រក្រតី លើ​គ្រប់​បុគ្គល​ដែលមាន​កាតព្វកិច្ច​សង​សំណង​រដ្ឋប្បវេណី មិនមែន​អនុវត្ត​ចំពោះតែ សម​-​រង្ស៊ី និង ជូ​ឡុង​-​សូ​មួ​រ៉ា ទេ​។​

​គួររំលឹកថា​កាលពី​ថ្ងៃទី​១៥​ខែវិច្ឆិកា​ឆ្នាំ​២០២១​តុលាការ​បានចេញ​ដីកា​សម្រេច​ចាប់ផ្តើម​ការលក់​ដោយ​បង្ខំ​ផ្ទះ​ដែលជា​កម្មសិទ្ធិ​របស់​មេ​ឧទ្ទាម​ក្រៅច្បាប់​រត់ចោលស្រុក សម រង្ស៊ី ដើម្បី​យកលុយ​ទៅ​ឲ្យ​ម្ចាស់បំណុល​ចំនួន​បួន​ភាគី​ដែល​ក្នុងនោះ​មាន ដូចជា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា , សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា , សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​រាជរដ្ឋាភិបាល​ដែល​សរុប​ជា​ទឹកប្រាក់ ប្រមាណ​ជាង ២​លាន ៥​សែន​ដុល្លារ​អាមេរិក​។

​ដីកា​សម្រេច​ចាប់ផ្តើម​ការលក់​ដោយ​បង្ខំ​ផ្ទះ​នេះ ចេញ​ដោយ​លោក អ៊ឹម វណ្ណៈ ចៅក្រម​អនុវត្ត​សាលាដំបូង​រាជធានី​ភ្នំពេញ​។​
​ផ្ទះ​ដែលជា​កម្មសិទ្ធិ​របស់​ទ​ណ្ឌិ​ត សម រង្ស៊ី គឺ​ស្ថិត​នៅផ្ទះ​លេខ ៥៧៦ ផ្លូវជាតិ​លេខ ២ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​អតីត​ស្នាក់ការ​កណ្តាល​អតីត​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​)​។​

​យោងតាម​ដីកា​ទាំង​៤ ត្រូវ​បង់ប្រាក់​ដល់​ទៅ​១​លាន​ដុល្លារ ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ,​បង់ប្រាក់​៥​សែន​ដុល្លារ ជូន​សម្តេច​ចក្រី ហេង សំរិន ,​បង់ប្រាក់​ប្រមាណ​៥​សែន​ដុល្លារ ជូន​សម្តេច​ក្រឡាហោម ស ខេង​និង​បង់ប្រាក់​ជាង ៤,៤​សែន ដុល្លារ ជូន​រដ្ឋាភិបាល​កម្ពុជា​។​

​យោងតាម​ដីកា​សម្រេច​ចាប់ផ្តើម​ការលក់​ដោយ​បង្ខំ​ផ្ទះ គឺមាន​ចំនួន ៤ មានដូចជាៈ
១. រវាង​ម្ចាស់បំណុល​នៃ​ការអនុវត្ត​សម្តេច​តេ​ជោ ហ៊ុន សែន និង​កូនបំណុល​នៃ​ការអនុវត្ត​ឈ្មោះ សម រង្ស៊ី​។ ដោយមាន​លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានស្នើ​សុំ​ឲ្យ​អនុវត្តតាម​វិធាន​បង្ខំ​ដោយផ្ទាល់ លក់​ដោយ​បង្ខំ​នូវ​អចលនវត្ថុ​មាន​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ លេខ ភព​០៩៧២៥ ចុះ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០០៧ ចេញ​ដោយ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជា​កម្មសិទ្ធិ​របស់​កូនបំណុល​នៃ​ការអនុវត្ត​ឈ្មោះ សម រង្ស៊ី ដើម្បី​ទទួលបាន​ការសង​តាម​អំណាច​សាលដីកា​ស្ថាពរ លេខ​៤៩៩ ចុះ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ របស់​តុលាការ​កំពូល​។ សិទ្ធិ​លើ​បំណុល​ដែល​ទាមទារ​ប្រាក់​ចំនួន ៤,០០០,០០០,០០០(​បួន​ពាន់​លាន​)​រៀល​។

២. រវាង​ម្ចាស់បំណុល​នៃ​ការអនុវត្ត​សម្តេច​ក្រឡាហោម ស ខេង និង​កូនបំណុល​នៃ​ការអនុវត្ត​ឈ្មោះ សម រង្ស៊ី​។ ដោយមាន​លោក​មេធាវី ហាក់ សៀក​លី , ពេជ្រ សូរិយា និង​លោក​មេធាវី​ចៅ ប៊ុន​ហួន​តំណាង​ដោយ​អាណត្តិ​របស់ សម្តេច​ក្រឡាហោម ស ខេង បានស្នើ​សុំ​ឲ្យ​អនុវត្តតាម​វិធាន​បង្ខំ​ដោយផ្ទាល់​លក់​ដោយ​បង្ខំ​នូវ​អចលនវត្ថុ​មាន​ប័ណ្ណ​សំគាល់ សិទ្ធិ​កាន់ កាប់​អចលនវត្ថុ លេខ ភព​០៩៧២៥ ចុះ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០០៧​ចេញ​ដោយ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​រាជធានី ភ្នំពេញ​ជា​កម្មសិទ្ធិ​របស់​កួន​បំណុល​នៃ​ការអនុវត្ត​ឈ្មោះ​សមរង្ស៊ី​ដើម្បី​ទទួលបាន​ការសង​តាម​អំណាច​សាលក្រម​ព្រហ្មទណ្ឌ​ស្ថាពរ​លេខ​៥៩៦៨”​ត​”​ចុះ​ថ្ងៃទី​៣០​ខែធ្នូ​ឆ្នាំ​២០២០​របស់​សាលា​ដំ​បួង​រាជធានី​ភ្នំពេញ​។​សិទ្ធិ​លើ​បំណុល​ដែល​ទាមទារ​ប្រាក់ ចំនួន ២.០០០.០០០.០០០(​ពីរពាន់​លាន​)​រៀល​។

៣.​រវាង​ម្ចាស់បំណុល​នៃ​ការអនុវត្ត​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​កូនបំណុល​នៃ​ការអនុវត្ត​ឈ្មោះ សម រង្ស៊ី​។ ដោយមាន​លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច ហេង សំរិន​បានស្នើ​សុំ​ឲ្យ​អនុវត្តតាម​វិធាន​បង្ខំ​ដោយ ផ្ទាល់ លក់​ដោយ​បង្គំ​នូវ​អចលនវត្ថុ​មាន​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់ កាប់​អចលនវត្ថុ លេខ ភព​០៩៧២៥ ចុះ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០០៧ ចេញ​ដោយ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ​មាន​ទីតាំង​ស្ថិតនៅ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជា​កម្មសិទ្ធិ​របស់​កួន​បំណុល​នៃ​ការអនុវត្ត​ឈ្មោះ សម រង្ស៊ី ដើម្បី​ទទួលបាន​ការសង តាម​អំណាច​សាលដីកា​ស្ថាពរ លេខ​៣៥០ ចុះ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៧ របស់​តុលាការ​កំពូល​។ សិទ្ធិ​លើ​បំណុល​ដែល​ទាមទារ​ប្រាក់​ចំនួន ២៥០,០០០,០០០ (​ពីរ​រយ​ហាសិប​លាន​)​រៀល​។​
៤. រវាង​ម្ចាស់បំណុល​នៃ​ការអនុវត្ត រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហ​កូនបំណុល​នៃ​ការអនុវត្ត​ឈ្មោះ សម រង្ស៊ី និង​ឈ្មោះ ជូ​ឡុង ស៊ូ​មួ​រ៉ា ។ ដោយមាន​លោក​មេធាវី សួង ចាន់ថន និង​លោក​មេធាវី គួ​ន សារឿន ជា​មេធាវី​រាជរដ្ឋាភិបាល​បានស្នើ​សុំ​ឲ្យ​អនុវត្តតាម​វិធាន​បង្ខំ​ដោយផ្ទាល់​លក់​ដោយ​បង្គំ​នូវ​អចលនវត្ថុ​មាន​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់ កាប់​អចលនវត្ថុ លេខ ភព​០៩៧២៥​ចុះ​ថ្ងៃទី​១៥​ខែសីហា​ឆ្នាំ​២០០៧​ចេញ​ដោយ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ជា​កម្មសិទ្ធិ​របស់ កូនបំណុល​នៃ​ការអនុវត្ត​ឈ្មោះ សម រង្ស៊ី និង​ប្រពន្ធ​ឈ្មោះ ជូ​ឡុង ស៊ូ​មួ​រ៉ា ដើម្បី​ទទួលបាន​ការសង​តាម​អំណាច​សាលក្រម ព្រហ្មទណ្ឌ​ស្ថាពរ​លេខ ១៩៧ ក្រ​៦ ចុះ​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២១​របស់​សាលាដំបូង​រាជធានី ភ្នំពេញ​។​សិទ្ធិ​លើ​បំណុល ដែល​ទាមទារ​ប្រាក់​ចំនួន ១.៨០០.០០០.០០០ (​មួយ​ពាន់​ប្រាំបី​រយ​លាន​) រៀល​៕​ដោយៈ ពល​ជ័យ​(ប្រភព AMS)