ដោយ៖ ម៉េងឆៃ / ភ្នំពេញ៖ ជាថ្មីម្តងទៀត រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោកស្រី មិន មាណាវី បានអំពាវនាវឲ្យប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវ យកចិត្តទុកដាក់ ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដូចករណីឆ្លងរាលដាលជំងឺកូវីដ១៩។ ការអំពាវនាវយ៉ាងដូច្នេះ បន្ទាប់ពីកម្ពុជា នៅតែប្រឈមនឹងអត្រាស្លាប់ និងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ ទោះក្នុងស្ថានភាពកូវីដ-១៩ ក៏ដោយ។
លោកស្រី មិន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានទទួចឱ្យប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ យកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់លើការបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ខណៈបញ្ហានៃជំងឺកូវីដ១៩ នៅកម្ពុជា បានធូរស្បើយជាបន្តបន្ទាប់។
ដើម្បីទប់ស្កាត់ និងបង្ការគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលឈប់សម្រាកបុណ្យអុំទូក ចាប់ពីថ្ងៃទី១៨-២០វិច្ឆិកា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមនឹងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ បានបើកយុទ្ធនាការអប់រំ ផ្សព្វផ្សាយពីគ្រោះថ្នាក់ចរាចរណ៍ រួមទាំងការចែកមួកសុវត្ថិភាពដល់អ្នកដំណើរថែមទៀត។
ក្នុងពិធីផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ដល់អ្នកដំណើរ នៅផ្លូវជាតិលេខ១ ត្រង់ចំណុចផ្សារគគីរ កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា លោកស្រី មិន មាណវី បានអះអាងថា បញ្ហាសុវត្ថិភាពចរាចរណ៍ នៅតែបន្តប្រឈមខ្លាំង បន្ទាប់ពីមានការបើកដំណើរការប្រទេសឡើងវិញ ក្រោយពីជំងឺកូវីដ១៩ បានធូរស្រាល ដែលធ្វើការចរាចរណ៍តាមដងផ្លូវមានភាពមមាញឹកឡើងវិញ ពិសេសនាឱកាសឈប់សម្រាកបុណ្យអុំទូកនេះ។
ទន្ទឹមនឹងការផ្សព្វផ្សាយបញ្ហាចរាចរណ៍ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានចែកមួកសុវត្ថិភាពដល់អ្នកដំណើរ បានជិត ៩ម៉ឺនមួក ខណៈតាមគម្រោង នឹងបន្តចែកឱ្យបាន ១០ម៉ឺនមួកថែមទៀត។
ជាមធ្យម នៅទូទាំងប្រទេស គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក កើតឡើងរៀងរាល់ថ្ងៃ ហើយសបានសម្លាប់មនុស្សចន្លោះពី ៤នាក់ ទៅ ៥នាក់ ក្នុង ១ថ្ងៃ និងមានអ្នករងរបួសជាង ១០នាក់ ក្នុង ១ថ្ងៃ។ ក្នុងពេលបុណ្យទាន ចំនួនអ្នកធ្វើដំណើរ កើនឡើង ហើយគ្រោះថ្នាក់ចរាចរណ៍ ក៏កើតឡើងច្រើនផងដែរ។
ទន្ទឹមនឹងកំណើនអ្នកធ្វើដំណើរ មិនថាទៅលេងស្រុកកំណើត ឬក៏ដើរលេង តាមរមណីយដ្ឋាននានា ក្នុងឱកាសឈប់សម្រាកក្នុងពិធីបុណ្យអុំទូកនេះទេ សូម្បីអ្នកមិនធ្វើដំណើរទៅណាមកណា ក៏ជួបជុំគ្នា ផឹកស្រាច្រើនគ្នាដែរ។ គ្រឿងស្រវឹងនេះហើយ ជាមូលហេតុមួយ ក្នុងការបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែការបើកបរ នៅពេលស្រវឹង។
បើមើលពីកូវីដ នៅកម្ពុជាយើង ទោះជាចំនួនអ្នកឆ្លងថមថយ តែក៏នៅមានអ្នកឆ្លងប្រមាណ ៥០នាក់ និងស្លាប់ពី ៤នាក់ ទៅ ៥នាក់ ក្នុង ១ថ្ងៃៗ នៅឡើយ។ ម្នាក់ៗ ខ្លាចឆ្លង ខ្លាចឈឺ និងខ្លាចស្លាប់ដោយសារតែកូវីដ។ ប៉ុន្តែចំពោះគ្រោះថ្នាក់ចរាចរណ៍ ហាក់ដូចជា អ្នកដំណើរមួយចំនួន ភ្លេចខ្លួន។ ដូច្នេះកុំភ្លេចថា យើងការពារកុំឲ្យឆ្លងកូវីដ ដោយពាក់ម៉ាស លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព ជាដើម។ ចំណែកគ្រោះថ្នាក់ចរាចរណ៍ គឺត្រូវពាក់មួកសុវត្ថិភាព ពេលធ្វើដំណើរតាមម៉ូតូ ហើយកុំបើកបរលឿនពេក និងមិនត្រូវទទួលទានគ្រឿងស្រវឹង។ល។
ជារួម នៅពេលឈប់សម្រាកពីការងារ ឈប់សម្រាកពីការរៀនសូត្រ ជាដើម ក្នុងអំឡុងពេលបុណ្យអុំទូកនេះ ម្នាក់ៗ សូមសប្បាយដោយការទទួលខុសត្រូវ និងប្រុងប្រយ័ត្ន។ យើងខ្លាចទាំងកូវីដ ហើយយើងក៏ត្រូវតែខ្លាចគ្រោះថ្នាក់ចរាចរណ៍ដែរ។ ក្នុងនោះ បើសិនជាយើងការពារខ្លួនពីកូវីដបានហើយ តែបែរជាមករងគ្រោះថ្នាក់ ដោយសារតែផឹកស្រា បណ្តាលឲ្យខូចសុខភាព បណ្តាលឲ្យឈឺ រហូតដល់ពុលស្លាប់ជាដើមផងនោះ គឺមិនគួរកើតឡើងទាល់តែសោះ។ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចគ្នា សុទ្ធតែជារឿង ដែលអាចការពារបាន ហើយកូវីដ ក៏ការពារបានដែរ។ ដូច្នេះកុំភ្លេចខ្លួន មិនថា កូវីដ ឬក៏គ្រោះថ្នាក់ចរាចរណ៍នោះទេ៕srn