ដោយៈ សុផល / ភ្នំពេញ៖ «យុទ្ធសាស្ត្រសហប្រតិបត្តិការ សេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី – ចៅប្រាយ៉ា – មេគង្គ ( ACMECS)» បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយបំពេញ បន្ថែម ទៅលើការកសាង សហគមន៍សេដ្ឋកិច្ចអាស៊ាន។ នេះជាប្រសាសន៍លើកឡើង របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងកិច្ចប្រជុំ ACMECS លើកទីបី តាមប្រព័ន្ធវីដេអូពីចម្ងាយ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។
កិច្ចប្រជុំ ACMECS ដែលក្រោមកិច្ចសម្របសម្រួល ពីលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជានេះ បានត្រូវរៀបចំឡើង ក្នុងគោលបំណង ស្វែងយល់ ពីវិធីផ្តល់គុណតម្លៃ ជាយុទ្ធសាស្ត្រ ដល់ក្របខណ្ឌ កិច្ចសហប្រតិបត្តិការ ACMECS ក្នុងការបំពេញបន្ថែម ដល់យន្តការ អនុតំបន់ផ្សេងទៀត ក៏ដូចជា ដើម្បីប្រមូលធាតុចូល និងមតិយោបល់ពី ភាគីពាក់ព័ន្ធទាំងអស់ សម្រាប់ការពិនិត្យ ពិចារណា មុនកិច្ចប្រជុំឧត្តមមន្ត្រី ACMECS។
ក្រៅពីគូសបញ្ជាក់ពីតួនាទី យ៉ាងសំខាន់របស់ ACMECS លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គប្រជុំ អំពីលទ្ធផល និងបញ្ហាអាទិភាព ដែលជាលទ្ធផល នៃកិច្ចប្រជុំ រដ្ឋមន្ត្រីដឹកជញ្ជូន អាស៊ាន ដែលលោកបានធ្វើជា ប្រធានដឹកនាំកិច្ចប្រជុំ កាលពីថ្ងៃទី ១១-១២ ខែវិច្ឆិកា ឆ្នាំ ២០២១។
សូមជម្រាបជូនថា៖ ACMECS ត្រូវបានបង្កើតឡើង នៅឆ្នាំ២០០៣ មានប្រទេសជា សមាជិក ចំនួន ប្រាំរួមមាន៖ កម្ពុជា វៀតណាម ឡាវ មីយ៉ាន់ម៉ា និងថៃ មានគោលបំណង តភ្ជាប់គម្លាតសេដ្ឋកិច្ច ក្នុងចំណោមប្រទេសទាំងអស់ ជាសមាជិក និងលើកកម្ពស់វិបុលភាព នៅក្នុងអនុតំបន់ ប្រកបដោយនិរន្តរភាព។
ក្របខណ្ឌកិច្ចសហប្រតិបត្តិការថ្មីនេះ ត្រូវបានរំពឹងថា នឹងដើរតួជាប្លុកអភិវឌ្ឍន៍ និងជំរុញអាស៊ាន ឱ្យឆ្ពោះទៅមុខ ក្នុងល្បឿនកាន់តែលឿន ដោយឈរលើមូលដ្ឋានរឹងមាំ និងពឹងផ្អែកលើខ្លួនឯង និងវិបុលភាព រួមគ្នា៕/V