ដោយៈ សុផល / ភ្នំពេញ​៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ស្នើសុំ​ប្រទេស​អូស្ត្រាលី ជួយ​រៀបចំ​ផែនការមេ សម្រាប់​ការគ្រប់គ្រង ទឹក​កខ្វក់ នៅ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ក៏ដូចជា ជួយ​រៀបចំ​ផែនការមេ គ្រប់គ្រង​ទឹក កខ្វក់ ទូទាំងប្រទេស ដោយហេតុថា កំណើនប្រជាជន និង​កំណើន នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច កាន់តែខ្លាំង ដែល​ធ្វើឱ្យ ទឹក​កខ្វក់ ត្រូវបាន​បង្ហូរ​ចេញទៅ​សមុទ្រ ដោយផ្ទាល់ ឬ​គ្មាន​ការ​ចម្រោះ មុន​បង្ហូរ​ចូល​សមុទ្រ​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ស្នើឡើង​ដូច្នេះ ក្នុងពេល​ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​លោក Pablo Kang ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​សណ្ឋាគារ ឡឺ​រ៉ូយ៉ាល់ ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២១​។​

​ជាមួយគ្នា​នោះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ស្នើឱ្យ​ភាគី​អូស្ត្រាលី ពិនិត្យ និង​ធ្វើ​បច្ចុប្បន្នភាព ស្តង់ដា​បច្ចេកទេស សាងសង់​ផ្លូវ និង​ស្ពាន​របស់​ប្រទេស​អូស្ត្រាលី (P4i) ដើម្បីឱ្យ​ស្របតាម​ការរីក​ចម្រើន ផ្នែក​បច្ចេកវិទ្យា និង​ប្រែប្រួល​អាកាសធាតុ​។ កម្ពុជា​បាន​អនុវត្ត តាម​ស្តង់ដា​នេះ អស់​រយៈពេល​ជាង ១០ ឆ្នាំ កន្លង​ទៅហើយ​។​

​បន្ថែម​ពីលើ​នេះ លោក​ទេសរដ្ឋមន្ត្រី បានស្នើ​ឱ្យ​ភាគី​អូស្ត្រាលី ពិនិត្យ​លទ្ធភាព លើ​ការជួយ គាំទ្រ ដល់​ការបណ្តុះបណ្តាល នៅ​វិទ្យាស្ថាន​តេ​ជោ សែន សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ពង្រឹងសមត្ថភាព វិស្វករ​កម្ពុជា ឱ្យមាន​សមត្ថភាព អាច​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយ​គុណភាព និង​ការរៀបចំ​គោល នយោបាយ សម្រាប់​ការដឹកជញ្ជូន​បៃតង និង​បាន​គូសបញ្ជាក់ ពី​តួនាទី​ចម្បង នៃ​វិស័យ​ឯកជន ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ទាំងមូល សម្រាប់​គាំទ្រ ដល់​ការដឹកជញ្ជូន​បៃតង ហើយ​ក្រសួង នឹង​ខិតខំ ប្រឹងប្រែង​ព​ន្លឿ​ន និង​លើកទឹកចិត្ត ឱ្យមាន​ការប្រើប្រាស់ យានយន្ត​ដើរ​ដោយ ថាមពល​អគ្គិសនី កាន់តែ​ទូលំទូលាយ​។​

​ឆ្លៀត​ក្នុងឱកាស​នៃ​ជំនួប​ទ្វេភាគី​នេះ លោក​ទេសរដ្ឋមន្ត្រី បានលើកឡើង​ផងដែរ​ថា​៖ កម្ពុជា ត្រូវការ​ថវិកា ប្រមាណ ៤៨ ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​អនុវត្ត​គម្រោង ចំនួន ៣៣០ ដែល​ត្រូវ​បានកំណត់ នៅក្នុង​ផែនការមេ ប្រព័ន្ធ​ដឹកជញ្ជូន ពហុ​មធ្យោបាយ និង​ការតភ្ជាប់ ក្នុង​រយៈពេល ១០ ឆ្នាំ​ខាងមុខ​។

​ទាក់ទង​នឹង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ លោក​ទេសរដ្ឋមន្ត្រី ក៏បាន​លើកឡើង ទាក់ទង​នឹង គម្រោង​ស្ថាបនា​កំពង់ផែ នៅ​ស្រុក​ដងទង់ ខេត្តកោះកុង ដោយ​ប្រើប្រាស់​ថវិកាជាតិ កំពង់ផែ ខេត្តកំពត និង​ខេត្ត​កែប គម្រោង​ពង្រីក​និង​លើកកម្ពស់ គុណភាព​ផ្លូវជាតិ​សំខាន់ៗ ពី​ពីរ​គន្លង ទៅ​បួន​គន្លង ពី​កៅស៊ូ​ពីរ ស្រទាប់​ស្តើង (DBST) ទៅ​បេតុង​កៅស៊ូ​(AC) ដើម្បីឱ្យ​សម ស្រប​នឹង​កំណើនសេដ្ឋកិច្ច និង​កំណើន​ដឹកជញ្ជូន​។​

​ជាការ​ឆ្លើយតប លោក​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី បានធ្វើការ​កត់សម្គាល់ សំណើ​ទាំងឡាយ ដែល​បានលើកឡើង ដោយ​លោក​ទេសរដ្ឋមន្ត្រី និង​សន្យា​ឆ្លើយតប ប្រកបដោយ​វិជ្ជមាន​។ បន្ថែម​ពីលើ​នេះ លោក​ឯកអគ្គរដ្ឋទូត បាន​សម្តែង​នូវ​ចំណាប់អារម្មណ៍ របស់ខ្លួន លើ​ការអភិវឌ្ឍ វិស័យ​ដឹកជញ្ជូន​បៃតង ដើម្បី​កាត់បន្ថយ បម្រែបម្រួល​អាកាសធាតុ និង​ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ នៅ​កម្ពុជា​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ដល់​រដ្ឋាភិបាល​អូស្ត្រាលី ដែល​បានផ្ដល់​ការគាំទ្រ និង​ទំនាក់ទំនង​ល្អ លើ​ការងារ​ស្ដារ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត នៅ​កម្ពុជា ឱ្យមាន​ការរីកចម្រើន ព្រមទាំង​ថ្លែងអំណរគុណ ចំពោះ​លោក​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ដែល​បាន​សន្យា​ឆ្លើយតប ចំពោះ​សំណើ របស់​កម្ពុជា​៕/V​