ដោយៈ​សុផល / សៀមរាប​៖ ដើម្បីឱ្យ​ការបើកទទួល ភ្ញៀវទេសចរ​អន្តរជាតិ និង​អ្នកដំណើរ ដែល​បាន​ចាក់​វ៉ាក់សាំង កូ​វីដ​-១៩ ពេញលេញ ចូលក្នុង​ប្រទេស​កម្ពុជា ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល និង​ឯកជន ដើម្បី​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍ ក្នុង​និង​ក្រោយ​វិបត្តិ ជំងឺ​កូ​វីដ​-១៩ បានដាក់​ចេញ អនុសាសន៍​ណែនាំ ដល់​រដ្ឋបាល​ខេត្តសៀមរាប និង​ផ្នែក​ឯកជន ក្នុង​វិស័យ​ទេសចរណ៍ ចូលរួម​អនុវត្ត ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​លោក​រដ្ឋមន្ត្រី ថោង ខុន បានដាក់​ចេញ​អនុសាសន៍ ដូចនេះ នា​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ក្នុងឱកាស​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ «​ការទទួល​ទេសចរ​អន្តរជាតិ និង​អ្នក ដំណើរ ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ពេញលេញ​ចូល ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​» ដោយមាន​ការចូលរួម​ពី​lok ហ៊ុន ម៉ានិត ប្រធាន​អនុគណៈកម្មការ គ្រប់គ្រង​ច្រកទ្វារ ចេញ​-​ចូល​ប្រទេស និង​ការធ្វើ​ច​ត្តា​ឡី​ស័ក​, លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប មន្ត្រី​ជំនាញ​ក្រសួងសុខាភិបាល រួមទាំង​ផ្នែក​ឯកជន ក្នុង​វិស័យ​ទេសចរណ៍ និង​ផ្នែក​ពាក់ព័ន្ធ មួយចំនួន ដោយផ្ទាល់ និង​តាម​ប្រព័ន្ធ​អន​ឡាញ នៅ​សណ្ឋាគារ​សុខា សៀមរាប ខេត្តសៀមរាប​។​

​អនុសាសន៍​ណែនាំ​របស់ lok​រដ្ឋមន្ត្រី ថោង ខុន រួមមាន​៖
​ទី​១៖ សម្រាប់​រដ្ឋបាល​ខេត្តសៀមរាប​៖ បន្ត​ពង្រឹង​ឆ្លើយតប សមត្ថភាព​ព្យាបាល និង​គ្រប់គ្រង ហានិភ័យ​នៅតាម​មូលដ្ឋាន​, ពង្រឹង​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ រួមមានៈ រមណីយដ្ឋាន​ទេសចរណ៍​, សហគមន៍​ទេសចរណ៍​, ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន ទេសចរណ៍​, សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍​, ដឹកជញ្ជូន​ទេសចរណ៍​ផ្លូវទឹក​, ដឹកជញ្ជូន​ទេសចរណ៍​ផ្លូវគោក​, ការី​ទេសចរណ៍​ក្នុងស្រុក និង​មគ្គុទ្ទេសក៍​ទេសចរណ៍ និង​អ្នកបកប្រែ​ភាសា​បន្ត​, កីឡា​ទេសចរណ៍​, សេវាកម្ម​មណ្ឌល​កម្សាន្ត​ទេសចរណ៍ មនុស្សពេញវ័យ (​បៀ​ហ្គា​ឌិន ខារ៉ាអូខេ រង្គសាល និង​ឌី​ស្កូ​តែ​ក​), សេវាកម្ម​ស្ប៉ា និង​ម៉ាស្សា​, សេវាកម្ម​ម៉ា​យ (MICE) បន្ទប់​ប្រជុំ​, ព្រឹត្តិការណ៍​ទេសចរណ៍ និង​ការី​ទេសចរណ៍ នាំ​ភ្ញៀវ​ចូល និង​សេវាកម្ម​ផ្សេងៗ​ទៀត ឱ្យស្រប​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា (SOP) ដែលមាន​ជា​ធរមាន (​ដោយឡែក​ចំពោះ ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​ទែ​ក រង់ចាំ​ក្រោយ ថ្ងៃទី​៣០ ខែវិច្ឆិកា ២០២១)​។​

​ទី​២៖ សម្រាប់​វិស័យ​ឯកជន​៖ ប្រតិបត្តិ​ករ​ទេសចរណ៍ និង​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ ត្រូវ​ត្រៀមខ្លួន​សម្រប​គំរូ អាជីវកម្ម​តាម​គន្លង​ប្រក្រតីភាព​ថ្មី ដោយ​ត្រូវ​ចូលរួម​អនុវត្ត ឱ្យបាន​ហ្មត់ ចត់​នូវ វិធាន​សុវត្ថិភាព និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា SOP នានា​របស់​ក្រសួងទេសចរណ៍ និង​ក្រសួង​ពាក់ព័ន្ធ​, អនុវត្ត​នូវ​ទស្សនទាន «IBEST» នៅ​គ្រប់​កោសិកា នៃ​ខ្សែ​ច្រវាក់ ផ្គត់ផ្គង់ នៃ​វិស័យ​ទេសចរណ៍​កម្ពុជា និង​ចូលរួម​ជាមួយ ក្រសួងទេសចរណ៍ ក្នុងការ​ជំរុញ​ការ ផ្សព្វផ្សាយ ទាំង​ក្នុងប្រទេស និង​ទៅ​ក្រៅប្រទេស ពិសេស​ដល់​ប្រភព​ទីផ្សារ ទេសចរណ៍ អន្តរជាតិ សំខាន់ៗ​របស់​កម្ពុជា​។​

​ទី​៣៖ សម្រាប់​ច្រកទ្វារ​ចេញ​-​ចូល​អន្តរជាតិ​៖ ត្រូវ​ជំរុញ​ការអនុវត្ត​នីតិវិធី ប្រតិបត្តិ​ស្ដង់ដា អប្បបរមា (SOP) តាម​គន្លង​ប្រក្រតីភាព​ថ្មី គ្រប់​ច្រកទ្វារ​ចេញ​-​ចូល​ប្រទេស ជាពិសេស អាកាសយានដ្ឋាន​អន្តរជាតិ ខេត្តសៀមរាប​។​

​ទី​៤៖ សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍ ត្រូវ​ជំរុញ​ការហោះហើរ​ក្នុងស្រុក​និង​ការតភ្ជាប់ ផ្លូវអាកាស ពី​ប្រទេស​ដែលជា​ប្រភព ទីផ្សារ​ទេសចរណ៍ សំខាន់ៗ​របស់​កម្ពុជា បម្រើ​ដល់ ការបើកទទួល​ទេសចរ​អន្តរជាតិ និង​អ្នកដំណើរ ដែល​បាន​ចាក់​វ៉ាក់សាំង កូ​វីដ​-១៩ ពេញលេញ ប្រកបដោយ​តម្លៃ​សមរម្យ គុណភាព និង​សុវត្ថិភាព​។​

​ទី​៥៖ សម្រាប់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​៖ ប្រជាពលរដ្ឋ នៅតាម​រាជធានី​-​ខេត្ត ត្រូវ​ចូលរួម អនុវត្តតាម​វិធានការ និង​គោលការណ៍​ណែនាំ​នានា របស់​រាជរដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ព្រមទាំង​ស្តារ សកម្មភាព​សង្គម​-​សេដ្ឋកិច្ច តាម​គន្លង​ប្រក្រតីភាព ដោយ​ត្រូវ​បន្ត​ចូលរួម ចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ជំរុញ និង​ចូលរួម​អនុវត្តតាម​វិធាន «៣​ការពារ និង​៣​កុំ​» វិធាន​សុខាភិបាល វិធាន SOP របស់​ក្រសួងទេសចរណ៍​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ឱ្យបាន​ហ្មត់ចត់​។​

​ជាមួយគ្នា​នោះ លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ទៀតថាៈ ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ មោះមុត និង​ឈ្លាសវៃ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​ប្រយុទ្ធ យ៉ាង​សស្រាក់សស្រាំ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ សំដៅ​ការពារ​អាយុជីវិត របស់​ប្រជាពលរដ្ឋ សុខភាព​សាធារណៈ ព្រមទាំង​កាត់បន្ថយ ឱ្យ​បានជា​អតិបរមា នូវ​ផលប៉ះពាល់ នៃ​ការឆ្លង​រាលដាល ជំងឺ​កូ​វីដ​១៩ តាមរយៈ​ការដាក់ចេញ ជា​បន្តបន្ទាប់​នូវ​ច្បាប់​, បទ​ប្ប​ញ្ញ​តិ្ត​, វិធានការ​សុខាភិបាល​, វិធានការ​រដ្ឋបាល និង​វិធានការ ផ្សេងៗ​ទៀត ពិសេស​ការបន្ត​បន្ត​ចាក់​វ៉ាក់សាំង ដូ​ស ជំ​រូ​ញ និង​ចាក់​ដល់​ក្មេង​អាយុ ៥​ឆ្នាំ ថែមទៀត​។​តាមរយៈ​វិធានការ​នានា​ដែល​បាន​ដាក់ចេញ​ទាន់ពេល ព្រមជាមួយ​ស​ន្ទ​ស្សន៍ យ៉ាង​ល្អ​នៃ​ការចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ល​មូលដ្ឋាន​ពេញលេញ ដូ​ស​ជំរុញ និង​ដល់​កុមារ ៥​ឆ្នាំ កម្ពុជា​អាច​គ្រប់គ្រង​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​-១៩ បានល្អ​ប្រសើរ និង​ជួយ សម្រួល ដល់​សកម្មភាព​សេដ្ឋកិច្ច ដូចជា​ពាណិជ្ជកម្ម​ក្នុងស្រុក និង​អាជីវកម្ម​នានា ឱ្យមាន​ដំណើរ​ការល្អ ក៏ដូចជា ជួយ​សម្រាល​បន្ទុក​ជីវភាព របស់​ប្រជាពលរដ្ឋ​ទូទៅ​។​

​លោក ទៀ សីហា បានឱ្យដឹង​ដែរ​ថាៈ ដើម្បីឱ្យ​ខេត្តសៀមរាប ស័ក្តិ​សមជា​ខេត្ត ប៉ូល​ទេសចរណ៍​មួយ ដ៏​សំខាន់​របស់​កម្ពុជា អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ឱ្យមក​ទស្សនា​កម្សាន្ត បាន​កាន់តែច្រើន រដ្ឋបាលខេត្ត អាជ្ញាធរ​ជាតិ​អប្សរា រដ្ឋបាល​ក្រុង​សៀមរាប និង​មន្ទីរ​-​អង្គភាព​ជំនាញ កំពុង​ជម្រុញ និង​យកចិត្តទុកដាក់​លើ​ការ កែលម្អ​សោភ័ណភាព ក្នុង​ក្រុង ឱ្យបាន​កាន់តែ​ល្អប្រសើរ ពិសេស​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ការបំពាក់​ប្រព័ន្ធ​បំភ្លឺ​សាធារណៈ ការរៀបចំ​ប្រព័ន្ធ បណ្តាញ​លូទឹក​ភ្លៀង និង​ទឹក​កខ្វក់ ភ្លើង​សញ្ញា​ចរាចរណ៍ កាមេរ៉ា​សុវត្ថិភាព និង​ការដាំ​ដើមឈើ ការរៀបចំ​សួនច្បារ ការដាក់​ឈ្មោះ​ផ្លូវ ការរៀបចំ​សណ្តាប់ធ្នាប់ សាធារណៈ និង​ការរៀបចំ​កែលម្អ នៅតាម​តំបន់​រមណីយដ្ឋាន​អង្គរ​។​

​រដ្ឋបាល​ខេត្តសៀមរាប កំពុង​សិក្សា និង​រៀបចំ​ទីក្រុង​សៀមរាប ជាទី​ក្រុង​ឆ្លាត​វៃ​អាស៊ាន ក្រោម​កិច្ចសហប្រតិបត្តិការ បច្ចេកទេស ពី​ទី​ភ្នា​ក់​ការងារ សហប្រតិបត្តិការ​អន្តរជាតិ ជប៉ុន (JICA) ដើម្បី​រៀបចំ​ផែនការ​អភិវឌ្ឍ ទីក្រុង​ឆ្លាត​វៃ ក្រុង​សៀមរាប ដោយ​ផ្តោតទៅលើ ការដោះស្រាយ នូវ​វិស័យ​ចំនួន​៤​គឺ វិស័យ​ទេសចរណ៍​ឆ្លាត​វៃ​, វិស័យ​ចល័ត​ឆ្លាត​វៃ​, វិស័យ​សន្តិសុខ​ឆ្លាត​វៃ និង​វិស័យ​គ្រប់គ្រង​សំណល់​ឆ្លាត​វៃ​។​

​ក្នុងឱកាស​នៃ​កិច្ចប្រជុំ​នេះ លោក​រដ្ឋមន្ត្រី ថោង ខុន ក៏បាន​ប្រគល់​ឯកសារ​មួយចំនួន និង​ម៉ាស់ ចំនួន ២០ ម៉ឺន ជូន​រដ្ឋបាល​ខេត្តសៀមរាប ដែលជា​ជំនួយ​របស់​ក្រុមហ៊ុន Wonderpass Technology៕/V​