ទិវា​ពិភពលោក​គ្មាន​ថ្នាំជក់​ឆ្នាំ​២០១៨ “​ជក់បារី​បណ្តាល​ឲ្យ​កើត​ជំងឺ​បេះដូង​សរសៃឈាម​“

3158
ចែករម្លែក
  • 33
    Shares

​ជំងឺ​បេះដូង​សរសៃឈាម​បណ្តាលមកពី​ការប្រើប្រាស់​ថ្នាំជក់ និង​ការ​ស្រូប​ផ្សែង​បារី​ពី​គេ បានសម្លាប់​មនុស្ស ២​លាន​នាក់ ជា​រៀងរាល់ឆ្នាំ ហើយ​នៅ​ឆ្នាំ​២០២០ ចំនួន​នេះ​នឹង​ឡើង​៣​លាន​នាក់​។ ជា​សរុប​ថ្នាំជក់​សម្លាប់​មនុស្ស​៧​លាន​នាក់​លើ​ពិភពលោក ចំពោះ​កម្ពុជា​ថ្នាំជក់​បានសម្លាប់​មនុស្ស​១​ម៉ឺន​នាក់​ក្នុង​មួយឆ្នាំៗ​ផងដែរ​។​

​វេជ្ជបណ្ឌិត លឹម ស៊ី​វុ​ត​ថា ឯកទេស​ជំងឺ​បេះដូង​សរសៃឈាម នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បាន​ឲ្យ​ដឹងថា ការជក់បារី​បង្ក​ឲ្យ​កក​ដុំ​កំណកខ្លាញ់​លើ​ផ្ទៃ នៃ​សរសៃឈាម​ដែល​បង្ក​ឲ្យ​ស្ទះ​សរសៃឈាម​បេះដូង​ទៅ​ថ្ងៃក្រោយ លើសពីនេះ​ទៀត វា​ធ្វើ​ឲ្យ​កំណក​ឈាម នៅក្នុង​សរសៃឈាម​ងាយ​កើតឡើង ដែល​បណ្តាល​ឲ្យ​ស្ទះ​សរសៃឈាម​បេះដូង ក៏ដូចជា​ស្ទះ​សរសៃឈាម​ខួរក្បាល និង​សរសៃឈាម​ផ្សេងៗ​ទៀត​។ នៅ​ឆ្នាំ​២០២០​រៀងរាល់​អ្នកស្លាប់​១០​នាក់ ដោយសារ​ជំងឺ​ដែល​ទាក់​ទង់​នឹង​ថ្នាំជក់ មាន​៧​នាក់​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ តួយ៉ាង​ដូច​ប្រទេស​កម្ពុជា​ជាដើម​។

​ធនាគារពិភពលោក​បាន​ឲ្យ​ដឹងថា ក្នុង​មួយឆ្នាំៗ​ពិភពលោក​ចំណាយ​ថវិកា ២០០​ពាន់​លាន​ដុល្លារ ទៅលើ​ការព្យាបាល​ជំងឺ​ដែល​បណ្តាលមកពី​ថ្នាំជក់ ហើយ​៥០%​នៃ​ចំណាយ​នេះ នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍​។​

​វេជ្ជបណ្ឌិត លឹម ស៊ី​វុ​ត​ថា​បន្ថែមទៀតថា អ្នកជំងឺ​បេះដូង​សរសៃឈាម​ប្រឈមមុខ​នឹង​ការព្យាបាល​មួយជីវិត​។ អ្នកជំងឺ​បេះដូង​សរសៃឈាម ដែល​រួច​ផុតពី​ការបាត់​បង់ជីវិត គឺ​មិនអាច​បំពេញការងារ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​បានទេ ព្រមទាំង​ត្រូវ​ចំនាយ​ថវិការ​ព្យាបាល​ជំងឺ​នេះ​ពេញ​មួយជីវិត​ផងដែរ ដែល​ធ្វើអោយប៉ះពាល់​យ៉ាងខ្លាំង​ចំពោះ​សេដ្ឋកិច្ច​គ្រួសារ​។​

​លោក នូ ផល អ្នកជំងឺ​បេះដូង​សរសៃឈាម ដែល​កំពុង​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បាន​ឲ្យ​ដឹងថា គាត់​ជក់បារី​រយៈពេល​២០​ឆ្នាំ​ហើយ ហើយ​ឥឡូវ​គាត់​មាន​អាកា​រៈ​ញ័រ​ហត់ ពេញ​ខ្លួន ស្ទើរ​ទ្រាំ​មិនបាន​។​

​ដូចនេះ​ដើម្បី​បន្ថយ​ចំនួន​អ្នកស្លាប់​និង​ពិ​ការដែល​បណ្តាលមកពី​ការប្រើប្រាស់​ថ្នាំជក់​នេះ គឺ​ការអនុវត្ត​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​ត្រូវធ្វើ​អោយបាន​ម៉ត់ចត់​បំផុត​ដូចជា​៖ ការបោះពុម្ព​សារ​ព្រមាន​សុភាពជា​រូបភាព​និង​ជា​ភាសា​ខ្មែរ​នៅលើ​កញ្ចប់​បារី ការហាមឃាត់​ការជក់បារី​នៅក្នុង​អាគារ​នៃ​កន្លែងធ្វើការ និង​កន្លែង​សាធារណៈ កា​ហាមឃាត់​ការផ្សាយពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់​គ្រប់​ទំរង់ និង​ការដំឡើង​ពន្ធ​ផលិតផល​ថ្នាំជក់​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ