​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖​នៅ​ថ្ងៃ​ចន្ទ​ទី​២២​វិច្ឆិកា​នេះ​អូស្ត្រាលី​បាន​ចាប់ផ្តើម​ជា​ផ្លូវការ​លើ​កម្មវិធី​ប្រណាំងប្រជែង​គ្នា​ដ៏​ក្តៅគគុក​មួយ​ដើម្បី​បំពាក់​កងទ័ពជើងទឹក​របស់​ខ្លួន​ជាមួយ​នឹង​​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​នៅក្នុង​សម្ពន្ធភាព​ការពារ​ជាតិ​ថ្មី​ជាមួយ​ចក្រភព​អង់គ្លេស​និង​សហរដ្ឋ​អាម៉េរិក​។​

​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​លោក ភី​ត​ធឺ ឌុ​ត​ថុន បាន​ចូលរួម​ជាមួយ​អ្នកការទូត​អាម៉េរិក​និង​អង់គ្លេស​ក្នុង​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដែល​អនុញ្ញាត​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​”​ព័ត៌មាន​ស្តីពី​ការ​​ជំរុញ​ផ្នែក​នុយក្លេអ៊ែរ​របស់​កង​ទ័ពជើងទឹក​” រវាង​ប្រទេស​របស់​ពួកគេ​។​

​វា​គឺជា​កិច្ចព្រមព្រៀង​ដំបូង​ស្តី​ពី​បច្ចេកវិជ្ជា​ដែល​ត្រូវបាន​ចុះហត្ថលេខា​ជា​សាធារណៈ​ចាប់តាំងពី​ប្រទេស​ទាំង​បី​បាន​ប្រកាស​នៅក្នុង​ខែ​កញ្ញា​អំពី​ការបង្កើត​សម្ពន្ធភាព​ការពារជាតិ AUKUS​ដើម្បី​ប្រឈម​​មុខ​នឹង​ភាព​តានតឹង​ជា​យុទ្ធសាស្ត្រ​នៅ​តំបន់​ប៉ាស៊ីហ្វិក ទី​ដែល​ការប្រកួតប្រជែង​រវាង​ចិន​និង​អាម៉េរិក​កំពុង​កើនឡើង​។​

​ប្រធានាធិបតី​អាម៉េរិក​លោក ចូ បៃ​ដិនបាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សុក្រ​នៅមុន​ពិធី​ចុះ​ហត្ថលេខា​របស់​លោក​ឌុ​តថុន​នៅទី​ក្រុងកុង​បេរ៉ា​ជា​មួយ​សេនានុព័ន្ធ​យោធា​អាម៉េរិក​​លោក​ម៉ៃ​ឃើ​ល ហ្គោល​មែន និង ឧត្តម​ស្នងការ​អង់គ្លេស (​ឯកអគ្គរដ្ឋទូត​) លោក វី​តូ​រៀ ទ្រី​ឌែ​ល យ៉ាង​ដូច្នេះ​ថា “​កិច្ចព្រមព្រៀង​នេះ​នឹង​អនុញ្ញាត​ឱ្យមាន​កិច្ច​សហប្រតិបត្តិការ​ដែល​នឹង​ធ្វើឱ្យ​ប្រសើរឡើង​​នូវ​ឥរិយាបថ​ការពារ​ទៅវិញទៅមក​របស់​យើង​”​។​

​ក្រោម​កិច្ច​ព្រមព្រៀង AUKUS អូស្ត្រាលី​នឹង​ទទួលបាន​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអែរ​ទំនើប​បំផុត​ចំនួន​ប្រាំ​បីគ្រឿង ដែល​មាន​សមត្ថភាព​បំបាំងកាយ​និង​ធ្វើ​បេសកកម្ម​រយៈ​ចម្ងាយ​ឆ្ងាយ​។ វា​ក៏​ផ្តល់​នូវ​សមត្ថភាព​ចែករំលែក​ព័ត៌មាន​តាម​អ៊ី​ន​ធឺ​ណេត បញ្ញា​សិប្ប​និមិត្ត ក្វាន​ធឹ​ម (quantum) និង​សមត្ថភាព​ក្រោម​សមុទ្រ​ដែល​គេ​មិន​បញ្ជាក់​ផង​ដែរ​។​

​កិច្ចព្រមព្រៀង​នេះ​បានធ្វើឱ្យ​ខឹងសម្បា​ដល់​ចិន ដែល​ពណ៌នា​វា​ថា​ជា​ការគំរាមកំហែង “​ដែល​គ្មាន​ការទទួលខុសត្រូវ​យ៉ាងខ្លាំង​” ចំពោះ​ស្ថិរភាព​ក្នុង​តំបន់​។​

​វា​ក៏​បាន​ធ្វើឱ្យ​ខឹងសម្បា​ដល់​បារាំង​ផងដែរ ដែល​បាន​ដឹង​ក្រោយ​គេ​ថា កិច្ចសន្យាលក់​នាវាមុជទឹក​ប្រើ​ប្រេងម៉ាស៊ូត​ផ្ទាល់​របស់​ខ្លួន​ជាមួយ​អូស្ត្រាលី ដែល​គេ​ប៉ាន់​ស្មានថា​មាន​តម្លៃ ៦៥ ពាន់​លាន​ដុល្លារ ត្រូវ​បាន​លុបចោល​។​

​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក ស្កុត ម៉ូ​រី​សុន មិន​បាន​សុំទោស​ចំពោះ​ការដោះស្រាយ​កិច្ចព្រមព្រៀង​នេះ​ទេ ដោយ​ទទូច​ថា​វា​ជា​ផលប្រយោជន៍​ជាតិ​របស់​ប្រទេស​របស់​គាត់ ហើយ​ថា​គាត់​ដឹងថា​វា​នឹង “​នាំឱ្យ​មាន​ការ​ប្រេះឆា​ខ្លះ​”៕

​កិច្ចព្រមព្រៀង​ត្រីភាគី​ផ្តល់​ឱ្យ​អូស្ត្រាលី​នូវ​បច្ចេកវិជ្ជា​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​របស់​អាម៉េរិក​