​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ ខ្យល់​គ្រប់​កម្រិត បាន​ប្តូរ​ទិស​ទាំងស្រុង​មកពី​ទិសឦសាន​ជាការ​បញ្ជាក់ថា​រដូវវស្សា​ឆ្នាំ​២០២១ បាន​ចូលដល់​ទីបញ្ចប់​ហើយ តែ​អាកាសធាតុ​ត្រជាក់​នៅ​មិនទាន់​ចុះមក​រួច​នៅឡើយ​ទេ ដោយសារ​បាតុភូត ផ្សេងៗ​នៅ​បន្ត​មាន​ចូលដល់​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​រហូតដល់​ដើមខែ​ធ្នូ ចាប់ពី​ត្រឹម​ខេត្តកំពង់ធំ​ចុះក្រោម​(​ត្បូង​)​។​

​លោក​ចាន់​យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២១​ថា រដូវវស្សា​ឆ្នាំ​២០២១ បាន​ចូលដល់​ទីបញ្ចប់​ទាំងស្រុង​ហើយ បន្ទាប់ពី​ខ្យល់​នៅ​គ្រប់​កម្រិត (​ទាំង​នៅលើ​ផ្ទៃដី​៥០០​ម៉ែត្រ និង​នៅ​កម្ពស់​១.៥០០​ម៉ែត្រ​) បាន​ប្តូរ​ទិស ដោយ​ធ្លាក់​មកពី​ទិសឦសាន​ទាំងអស់​រួចមក តែ​ធាតុអាកាស​ត្រជាក់​នៅ​មិន​ចុះមក​រួច​នៅឡើយ​ទេ ដោយសារ​ភ្លៀង​ដែល​បង្កឡើង​ដោយ​បាតុភូត​ផ្សេងៗ​នៅមាន​បន្តបន្ទាប់​រហូត​ដល់​ដើមខែ​ធ្នូ​។​
អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​បញ្ជាក់ថា​នៅថ្ងៃនេះ (២២​វិច្ឆិកា​) មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​តិចតួច នៅ​ចុងខែ​វិច្ឆិកា​នេះ និង​នៅ​ដើមខែ​ធ្នូ​នៅតែ​ឃើញ​មាន​ភ្លៀង​បន្ត ធ្លាក់​មកទៀត ដោយសា​សម្ពាធ​ទាប ឬ​សម្ពាធ​ទាប​សកម្ម​នៅតែមាន​ឆ្លង​ពី​សមុទ្រ​ប៉ាស៊ីហ្វិក​កាត់​លើ​ប្រទេស​ហ្វីលីពីន​ចូលមក​ដល់​សមុទ្រ​ចិន​ខាងត្បូង រួមជាមួយ​សម្ពាធ​ទាប​ដែល កើត​នៅក្នុង​សមុទ្រ​ខាងត្បូង​ប្រទេស​វៀតណាម​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ជាពិសេស​ចាប់ពី​ត្រឹម​ខេត្តកំពង់ធំ​ចុះក្រោម (​ត្បូង​)​។​

​លោក​ចាន់ យុ​ត្ថា និយាយ​ឱ្យដឹង​ផងដែរ​ថា​សម្ពាធ​ខ្ពស់​ទោះបីជា​ឃើញ​រុញ​ចុះ​មកលើ​ភាគខាងត្បូង​ប្រទេស​ចិន​ជាច្រើន​ថ្ងៃ​មកហើយ​យ៉ាងណាក៏ដោយ តែ​មិនទាន់ អាចធ្វើឱ្យ​សីតុណ្ហភាព​ចុះ​ទាប​បាន​នៅឡើយ​ទេ ដោយសារ​ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​ក្បែរ ជប៉ុន កូរ៉េ នៅតែមាន​សម្ពាធ​ទាប​សកម្ម​ឬ​អាច​ដល់​កម្រិត​ជា​វិ​សម្ពាធ ធ្វើឱ្យ​សម្ពាធ​ខ្ពស់ ចុះ​មិនទាន់រួច ។ ជាទូទៅ​ប្រទេស​កម្ពុជា​បានទទួល​ឥទ្ធិពល​ខ្យល់មូសុង​ឦសាន​ហើយ តែ​អាកាសធាតុ​ត្រជាក់​អាច​រហូតដល់​ពាក់កណ្តាល​ខែធ្នូ​ទើប​អាច​កើតមាន​៕​