​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ លោក អូ​ឡេ ហ្គា​ន់​ន័​រ សូល​ឃ្យែ ត្រូវ​បាន​បណ្តេញចេញ​ពី​តំណែង​ជា​អ្នក​ចាត់ការ​ទូទៅ​របស់​ក្រុម​បិសាច​ក្រហម Manchester United​កាលពី​ថ្ងៃអាទិត្យ​​ទី​២១​វិច្ឆិកា​។​

United ដែល​បាន​ធ្វើ​ការសម្រេចចិត្ត​បែប​នេះ​បន្ទាប់ពី​បរាជ័យ ៤-១ របស់ United នៅ​ទឹកដី Watford បានដាក់​លោក ម៉ៃ​ឃើ​ល ខា​រីក ឱ្យ​ដឹកនាំ​បណ្តោះអាសន្ន​ខណៈ​ក្លឹប​កំពុង​សម្លឹងមើល​​ការតែងតាំង​អ្នកចាត់ការ​បណ្តោះអាសន្ន​រហូត​ដល់​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ​។​

​សេចក្តីថ្លែងការណ៍​មួយ​បាន​និយាយថា “Manchester United សូម​ប្រកាស​ថា លោក អូ​ឡេ ហ្គា​ន់​ន័​រ សូល​ឃ្យែ បាន​ចាកចេញ​ពី​តួនាទី​របស់​គាត់​ជា​អ្នក​ចាត់ការ​ទូទៅ​។ អូ​ឡេ​នឹង​នៅតែ​ជា​វីរបុរស​នៅ Manchester United ហើយ​វា​ពិតជា​គួរឱ្យ​សោកស្តាយ​ដែល​យើង​បាន​ឈាន​ដល់​ការសម្រេចចិត្ត​ដ៏​លំបាក​នេះ​”​។​

“​ខណៈ​ប៉ុន្មាន​សប្តាហ៍​កន្លងមក​មាន​ការខកចិត្ត​គេ​មិនគួរ​បិទបាំង​រាល់​ការងារ​ដែល​គាត់​បាន​ធ្វើ​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុងក្រោយ​នេះ​ដើម្បី​កសាង​មូលដ្ឋានគ្រឹះ​ឡើងវិញ​សម្រាប់​ភាពជោគជ័យ​យូរ​​អង្វែង​នោះទេ​”​។​

“​អូ​ឡេ​ចាកចេញ​ជាមួយការ​អរគុណ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​របស់​យើង​ចំពោះ​ការខិតខំ​ប្រឹងប្រែង​មិនចេះ​នឿយហត់​របស់​គាត់​ក្នុងនាម​ជា​អ្នក​ចាត់ការ​ទូទៅ និង​សូម​ជូនពរ​ឱ្យ​គាត់​មាន​អនាគត​ល្អ​ត្រចង់​។ កន្លែង​របស់​គាត់​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប​នឹង​តែងតែ​មាន​ការធានា មិន​ត្រឹមតែ​សម្រាប់​រឿងរ៉ាវ​របស់​គាត់​ក្នុងនាម​ជា​កីឡាករ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក្នុងនាម​គាត់​ជា​បុរស​ដ៏​អស្ចារ្យ​និង​ជា​អ្នកចាត់កា​រទូ​​ទៅ​ម្នាក់​ដែល​បាន​ផ្តល់ឱ្យ​យើង​នូវ​ពេលវេលា​ដ៏​អស្ចារ្យ​ជាច្រើន​ផងដែរ​។ គាត់​នឹង​ត្រូវ​បាន​ស្វាគមន៍​ជា​រៀង​រហូត​មក​កាន់​ទឹកដី Old Trafford ដែល​ជា​ផ្នែក​នៃ​គ្រួសារ Manchester United”​។​

​ការងារ​ដំបូង​របស់​លោក​ខា​រីក បន្ទាប់ពី​បាន​ឡើង​ពី​តួនាទី​របស់​គាត់​ជា​ជំនួយការ​អ្នក​ចាត់ការ​ទូទៅ គឺ​ការប្រកួត​ដ៏​សំខាន់​ក្នុង​ក្របខ័ណ្ឌ Champions League នៅ​ទឹកដី​របស់ Villarreal ដែល​នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​អង្គារ​៕

​លោក​អូ​ឡេ​ត្រូវ​បាន​បណ្តេញ​ពី​តំណែង