​ប្រែ​សម្រួលៈ​វាសនា​/​ព្រុច​សែ​ល​៖ ការប្រឆាំង​តវ៉ា​នៅ​រលក​ថ្មី​មួយ​បាន​ផ្ទុះឡើង​នៅ​បណ្តា​ទីក្រុង​អឺរ៉ុប​ជាច្រើន​និង​នៅក្នុង​ដែនដី​ក្រៅប្រទេស​របស់​បារាំង​កាលពី​ថ្ងៃអាទិត្យ​ទី​២១​វិច្ឆិកា នៅពេល​អ្នកប្រឆាំង​​តវ៉ា​បាន​ប្រតិកម្ម ដែល​ពេល​ខ្លះ​បែប​ហិង្សា ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ក្នុង​ការដាក់​ការ​រឹតបន្តឹង​ឡើងវិញ​ដើម្បី​ប្រឆាំង​ជំងឺ​កូវី​ដ​១៩​។​

​ប៉ូលិស​ប្រើ​គ្រាប់​បែកផ្សែង​និង​បាញ់​ទឹក​លើ​អ្នក​ប្រឆាំង​នឹង​វិធានការ​ប្រឆាំង​កូវី​ដ​១៩​នៅ​ក្រុង​ព្រុច​សែល​កាលពី​ថ្ងៃ​២១​វិច្ឆិកា​

​ប៉ូលិស​និង​អ្នក​ប្រឆាំង​តវ៉ា​បាន​ប៉ះទង្គិច​គ្នា​នៅ​ទីក្រុង​ព្រុច​សែល​របស់​បែល​ហ្សិ​ច​និង​នៅ​ទីក្រុង​ជា​ច្រើន​នៅ​ហូ​ឡង់ ព្រមទាំង​កោះ​ហ្កា​ដា​ឡូ​ប ដែល​ជា​ដែនដី​ក្រៅប្រទេស​របស់​បារាំង​។​

​បាតុកម្ម​ថ្មី​ក៏​កើតមាន​នៅ​អូទ្រីស កន្លែង​ដែល​រដ្ឋាភិបាល​ដាក់ចេញ​ការបិទ​ខ្ទប់​ថ្មី​មួ​យ​និង​កាតព្វកិច្ច​វ៉ាក់សាំង​កូវី​ដ​១៩​។​

​នៅ​ព្រុច​សែ​ល អំពើហិង្សា​បាន​ផ្ទុះឡើង​នៅ​កន្លែង​តវ៉ា​មួយ​ប្រឆាំង​នឹង​វិធានការ​ទប់ស្កាត់​កូវី​ដ​១៩ ដែល​ប៉ូលិស​បាន​និយាយថា មាន​ការចូលរួម​ពី​មនុស្ស​ដល់​ទៅ​៣៥.០០០​នាក់​។​ការដើរ​ដង្ហែ​នៅក្នុង​រដ្ឋធានី​​របស់​សហភាព​អឺរ៉ុប​នេះ ភាគច្រើន​ផ្តោតលើ​ការហាម​មិនអោយ​អ្នក​មិន​ចាក់​វ៉ាក់សាំង​ចូល​កន្លែង​នានា​ដូចជា​ភោជនីយដ្ឋាន​និង​រង្គសាល​។​វា​បាន​ចាប់ផ្តើម​ដោយ​សន្តិវិធី តែ​ក្រោយមក​ប៉ូលិស​បាន​បាញ់​​ទឹក​និង​គ្រាប់​បែកផ្សែង​ជា​ការឆ្លើយតប​នឹង​ការ​ចោល​វត្ថុ​នានា​ពី​សំណាក់​ពួក​បាតុករ​។​

​ប៉ូលិស​៣​នាក់​បាន​រងរបួស និង​បាតុករ​ជាច្រើន​នាក់​ត្រូវបាន​ចាប់ខ្លួន​។​

​ការតវ៉ា​ប្រឆាំង​ក៏​បាន​ផ្ទុះ​នៅ​ទីក្រុង​ជាច្រើន​នៅ​ហូ​ឡង់ ក្នុង​ការប្រឆាំង​នឹង​ការ​រឹតបន្តឹង​របស់​រដ្ឋាភិបាល​ដើម្បី​ទប់ស្កាត់​កូវី​ដ​១៩​ដល់​យប់​ទី​៣​ជាប់​គ្នា​។​បាតុករ​បាន​ដុត​ផាវ​កាំជ្រួច​និង​វាយ​បំផ្លាញ​ទ្រព្យ​​សម្បត្តិ​នៅ​ទីក្រុង​ហ្គ្រោ​នី​ន​ជេន និង​លី​អូ​វ៉ាដិន ព្រមទាំង អេន​ស្កេ​ដនិង ទូល​ប៊ឺក​។​

​អាជ្ញាធរ​បាន​ចេញ​បទបញ្ជា​គ្រាអាសន្ន​មួយ​នៅ​ទីក្រុង​អេនស្កេ​ដ​ក្បែរ​ព្រំដែន​អាឡឺម៉ង់ ដោយ​បញ្ជា​អោយ​ប្រជាជន​ចាកចេញ​ពី​ដងផ្លូវ​។​

​កាលពី​យប់​ថ្ងៃ​សុក្រ​ក៏មាន​ចលាចល​នៅ​ទីក្រុង រ៉ត់​ធឺ​ដាំ និង​ក្នុង​ទី​ក្រុងឡាអេ ផង​ដែរ​និង​តាំង​ពី​សប្តាហ៍​មុន​មក មនុស្ស​ជាង​១០០​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ហូ​ឡង់ និង​១២​នាក់​រងរបួស​ពាក់ព័ន្ធ​នឹង​​អំពើហិង្សា​ក្នុង​ពេល​តវ៉ា​ប្រឆាំង​វិធានការកូ​វីដ​១៩​។​

​នៅ​អូទ្រីស មនុស្ស​ប្រមាណ​៦.០០០​នាក់​បាន​ជួបជុំគ្នា​នៅ​ទីក្រុង​លីន​ហ្ស៍ នៅ​មួយ​ថ្ងៃ​ក្រោយពី​មនុស្ស​ប្រមាណ​៤០.០០០​នាក់​ដើរ​ដង្ហែ​នៅ​ទីក្រុង​វី​យែន ប្រឆាំង​ការបិទ​ខ្ទប់​ដោយ​ផ្នែក​។​

​សូមបញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ចន្ទ​នេះ​ទៅ ប្រជាជន​អូទ្រីស​ជាង​៨,៩​លាន​នាក់​នឹង​មិន​ត្រូវ​អនុញ្ញាត​អោយ​ចាកចេញ​ពី​ផ្ទះ លើកលែងតែ​ចេញ​ទៅ​ធ្វើការ ទៅ​ទិញ​ទំនិញ​និង​ហាត់ប្រាណ រីឯ​ការចាក់​វ៉ាក់សាំង​ប្រឆាំង​​កូវី​ដ​១៩​នឹង​ជា​កាតព្វកិច្ច​ចាប់ពី​ថ្ងៃ​១​កុម្ភៈ​ឆ្នាំ​ក្រោយ​។​

​ទាហាន​បារាំង​ក៏​ត្រូវបាន​បញ្ជូន​ទៅ​កាន់​កោះ​ហ្កា​ដា​ឡូ​ប​នៅ​សមុទ្រ​កា​រ៉ា​អ៊ី​ព កាលពី​ថ្ងៃអាទិត្យ ក្រោយ​ផ្ទុះ​ចលាចល​អស់​ពេល​មួយ​សប្តាហ៍​ដោយសារតែ​វិធានការ​ប្រឆាំង​កូវី​ដ​១៩​។​ផ្លូវ​ជា​ច្រើន​នៅ​បន្ត​បិទ​កាល​​ពី​ថ្ងៃអាទិត្យ​ក្រោយ​អ្នក​ប្រឆាំង​តវ៉ា​មិន​គោរព​បំរាម​គោចរ​និង​នាំគ្នា​ដុត វាយបំផ្លាញ​និង​លួច​យក​ទំនិញ​តាម​ហាង​និង​ឳ​សថ​ស្ថាន​នៅពេល​យប់​។​ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​៣៨​នាក់ ហើយ​កងកម្លាំង​សន្តិ​​សុខ​២​នាក់​បាន​រងរបួស​។​

​ទាហាន​បារាំង​ក៏​ត្រូវបាន​បញ្ជូន​ទៅ​កាន់​កោះ​ហ្កា​ដា​ឡូ​ប​នៅ​សមុទ្រ​កា​រ៉ា​អ៊ី​ព កាលពី​ថ្ងៃអាទិត្យ ក្រោយ​ផ្ទុះ​ចលាចល​អស់​ពេល​មួយ​សប្តាហ៍​ដោយសារតែ​វិធានការ​ប្រឆាំង​កូវី​ដ​១៩

​សូមបញ្ជាក់​ថា អឺរ៉ុប​កំពុង​តស៊ូ​នឹង​ការផ្ទុះកូ​វីដ​១៩​នៅ​រលក​ថ្មី​ហើយ​ប្រទេស​ជាច្រើន​បាន​ងាក​មក​អនុវត្ត​វិធានការ​រឹតបន្តឹង​ប្រឆាំង​ជំងឺឆ្លង​នេះ​ឡើង​វិញ​ទោះ​ជា​បាន​ចាក់​វ៉ាក់សាំង​អោយ​ប្រជាជន​បាន​​ច្រើន​ហើយ​ក្តី​៕