ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ជាមួយ​ការ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​“​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹងត្រង់​-​ក្រូចឆ្មារ​” សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​អញ្ជើញ​បើក​ការ​“​បើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ​៧១C” ដែល​ចំណាយ​ថវិកា​សាងសង់​ប្រមាណ ១២៩,៩៨ លាន​ដុល្លារ​អាមេរិក ផងដែរ​។​នេះ​គឺ​ជាត​ភ្ជាប់​ទំនាក់ទំនង​សកម្មភាព​ពាណិជ្ជកម្ម​និង​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ខេត្តកំពង់ចាម​និង​ខេត្ត​ត្បូងឃ្មុំ​និង​ខេត្ត​ជាប់​ពាក់ព័ន្ធ​ដូចជា​ខេត្តកំពង់ធំ​និង​ខេត្តក្រចេះ​ព្រមទាំង​សម្រួល​ដល់​ដល់​ការដឹកជញ្ជូន​ពូជ​ដំណាំ​ផលិតផល​កសិកម្ម​និង​កសិឧស្សាហកម្ម​ឱ្យ​កាន់តែ​រហ័ស​កាត់បន្ថយ​ការចំណាយ​និង​ចំណេញ​ពេលវេលា​។

​នៅ​ព្រឹក​ថ្ងៃទី ២៣ ខែវិច្ឆិកា ស្អែក​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក វ៉ាង វិ​ន​ធៀន (H.E Mr.Wang Wentian)​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ជា​អធិបតីភាព​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​“​ស្ពាន មិត្តភាព​កម្ពុជា​-​ចិន ស្ទឹងត្រង់​-​ក្រូចឆ្មារ​” និង “​ពិធី បើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ​៧១C” ។

​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី​រដ្ឋមន្ដ្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​ថ្លែង​ឲ្យ​ដឹងថា​នៅក្នុង​សុន្ទរកថា​ព្រាងទុក​ថា​គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹងត្រង់​-​ក្រូចឆ្មារ ចាប់ផ្តើម​នៅត្រង់​គីឡូម៉ែត្រ​លេខ ៥៨+២០០ ត្រើយ​ខាងលិច​ស្ថិត​លើផ្លូវ​ខេត្ត​លេខ ២៧១៤ នៅ​ចំណុច​ភូមិ​បឹង​ដែង ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្ត កំពង់ចាម​ភ្ជាប់​ទៅ​ត្រើយ​ខាងកើត​ទន្លេមេគង្គ​នៅ​ចំណុច​ភូមិ​ក្តុល​កណ្តាល ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។​តួ​ស្ពាន​សុទ្ធសាធ​មាន​ប្រវែង​១.១៣១​ម៉ែត្រ​ទទឹង​១៣,៥​ម៉ែត្រ ក្រាល​បេតុង​កៅស៊ូ​កម្រាស់ ៥​សង់ទីម៉ែត្រ មាន​ផ្លូវ​រថយន្ត​ចំនួន​២​គន្លង ផ្លូវ​ម៉ូតូ​ចំនួន ២​គន្លង​ផ្លូវ​ថ្មើរជើង​ចំនួន​២​គន្លង​សម្រាប់​ទៅមក​។ ផ្លូវ​មេ​សងខាង​ស្ពាន​ត​ភ្ជាប់​ទៅ​ផ្លូវ ជាតិ​លេខ​៧១C មាន​ប្រវែង ៨.៣២៣ ម៉ែត្រ ។ សរុប​រួមទាំង​ស្ពាន​និង​ផ្លូវ​ត​ភ្ជាប់​មាន​ប្រវែង​សរុប ៩.៤៥៤ ម៉ែត្រ​បាន​បើក​ការដ្ឋាន​កាលពី​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ក្រោម អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដោយ​ត្រូវ​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន​៤២​ខែ សាងសង់​ដោយ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ (SCG) និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​ក្វាង​ចូ​វ​វ៉ាន​អាន​ចំណាយ​ថវិកា​អស់ ៥៦,៩៩៨ លាន​ដុល្លារ​អាមេរិក​។​

​លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​មានប្រសាសន៍​ឲ្យ​ដឹង​ទៀតថា​៖​ចំពោះ​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៧១C៖​មាន​ប្រវែង​សរុប​១១៤,៦២​គ​.​ម ចាប់ផ្តើម ពី​គីឡូម៉ែត្រ លេខ ១៥៤+៧០០ ផ្លូវជាតិ​លេខ​៧​ស្ថិតក្នុង​ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ និង​បញ្ចប់​នៅ​គីឡូម៉ែត្រ​លេខ​៣០+៤០០ ផ្លូវជាតិ​លេខ ៧១ ស្ថិតក្នុង​ឃុំ​ស្វាយទាប ស្រុកចំការ លើ​ខេត្តកំពង់ចាម​។​គម្រោង​សាងសង់​នេះ​រួមមាន​៖ ផ្លូវ​មេ ប្រវែង ៩២,៤៤៦ គ​.​ម ទទឹងផ្លូវ​១១​ម៉ែត្រ ក្រាល​កៅស៊ូ​បេតុង​AC កម្រាស់ ៧​សង់ទីម៉ែត្រ​មាន​កន្លែង​សម្រាប់​បត់ ត្រឡប់​២​កន្លែង (U-Turn), ផ្លូវ​ត​ភ្ជាប់ មាន​ប្រវែង ១៥,៨២១ គ​.​ម ទទឹងផ្លូវ​១១​ម៉ែត្រ ក្រាល​កៅស៊ូ​បេតុង​AC កម្រាស់ ៧​សង់ទីម៉ែត្រ​, ផ្លូវ​ខ្នែង ចំនួន​៩​ខ្សែ ប្រវែង ៦,៣៥៣ គ​.​ម ទទឹង​តួ​ផ្លូវ​៩​ម៉ែត្រ​ក្រាល​កៅស៊ូ​DBST, ស្ពាន​ចំនួន​១១​កន្លែង​ប្រវែង ៨៧៥​មែត្រ​និង​ដាក់លូ​គ្រប់​ប្រភេទ​ចំនួន​២០២ កន្លែង​ដែល​នឹង​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន ៤២​ខែ សាងសង់​ដោយ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ​(SCG) និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា បច្ចេកទេស​ក្វាង​ចូ​វ​វ៉ាន​អាន​ដែល​គ្រោង​ចំណាយ​ថវិកា​សាង សង់​ប្រមាណ ១២៩,៩៨ លាន​ដុល្លារ​អាមេរិក​។​

​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​៖​រាជរដ្ឋាភិបាល​ក៏បាន​គិតគូរ​អំពី​ការរួមចំណែក​នៅក្នុង​ដំណើរការ​ត្រៀម​ស្តារ​សេដ្ឋ កិច្ច​ឡើងវិញ​ផងដែរ​ដោយបាន​អនុញ្ញាត​ឱ្យមាន​ការបន្ត​អនុវត្ត​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​អាទិភាព​សំខាន់ៗ​មួយចំនួន​រួមមាន​៖​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​ចំនួន​៣៨​ខ្សែ​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប​, ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​,​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៤​ខ្សែ នៅ​ខេត្ត​ព្រះសីហនុ​, ផ្លូវ​ក្រវាត់ក្រុង​ទី​៣,​ផ្លូវជាតិ​លេខ ២ និង​២២, ផ្លូវជាតិ​លេខ​៥, ផ្លូវជាតិ​លេខ​១០, ផ្លូវជាតិ​លេខ​៤៨, ផ្លូវ​លេខ​១៤៦B, រួមទាំង​ផ្លូវជាតិ​លេខ​៧១C ដែល​កំពុង​ប្រារព្ធ​ពិធីបើកការដ្ឋាន​សាងសង់​នាពេលនេះ​ផង ដែរ​។ ទន្ទឹមនឹងនេះ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​និង​ស្ពាន​សំខាន់ៗ​មួយចំនួន​ផ្សេងទៀត​រួមមាន​៖ ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ខេត្តក្រចេះ​, ផ្លូវជាតិ​លេខ​៣១,​ផ្លូវជាតិ លេខ​៣៣,​ផ្លូវជាតិ​លេខ​៤១, និង​ផ្លូវជាតិ​លេខ​៧(​ស្គន់​-​កំពង់ចាម​) បានបញ្ចប់​ការចរចា​កិច្ចសន្យា​ឥណទាន​និង​កំពុង​ត្រៀម​អនុវត្ត​,​គម្រោង​សាងសង់​ផ្លូវជាតិ​ត​ភ្ជាប់​ពី​ខេត្ត បាត់ដំបង​ទៅ​ខេត្តសៀមរាប​និង​ផ្លូវជាតិ​ត​ភ្ជាប់​ពី​ខេត្តកំពង់ឆ្នាំង​ទៅ​ខេត្តកំពង់ធំ (​ផ្លូវជាតិ​លេខ​៥០C) បានបញ្ចប់​ការសិក្សា​សមិទ្ធិ​លទ្ធភាព​រួចហើយ​និង​គម្រោង​ស្ពាន​ឆ្លង កាត់​ទន្លេបាសាក់​មួយទៀត​ដែលមាន​ទីតាំងនៅ​ចាក់អង្រែ​ចន្លោះ​ស្ពាន​ព្រះមុនីវង្ស និង​ស្ពាន​តាខ្មៅ​បាននិងកំពុង​សិក្សា​។​

​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹងត្រង់​-​ក្រូចឆ្មារ​និង​ផ្លូវជាតិ​លេខ​៧១C គឺជា​គម្រោង​យុទ្ធសាស្ត្រ​ប្រទាក់ក្រឡា​គ្នា​យ៉ាងសំខាន់​សម្រាប់​ត​ភ្ជាប់​ទំនាក់ទំនង​សកម្មភាព​ពាណិជ្ជកម្ម និង​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ខេត្តកំពង់ចាម​និង​ខេត្ត​ត្បូងឃ្មុំ​និង​ខេត្ត​ជាប់​ពាក់ព័ន្ធ​ដូចជា​ខេត្តកំពង់ធំ​និង​ខេត្តក្រចេះ​ព្រមទាំង​សម្រួល​ដល់​ដល់​ការ ដឹកជញ្ជូន​ពូជ​ដំណាំ​ផលិតផល​កសិកម្ម​និង​កសិឧស្សាហកម្ម​ឱ្យ​កាន់តែ​រហ័ស​កាត់បន្ថយ​ការចំណាយ​និង​ចំណេញ​ពេលវេលា​។ បន្ថែម​ពីលើ​នេះ​គម្រោង​នេះ​ក៏បាន​បង្ហាញ​នូវ ការតភ្ជាប់​ក្តីសង្ឃឹម​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​កុះករ​ក្នុង​តំបន់​នេះ​ពិសេស​ភាព​សុខដុម​នីយកម្ម​ខាង​ជំនឿ​សាសនា​រវាង​អ្នក​កាន់សាសនា​ព្រះពុទ្ធ​និង​សហគមន៍​សាសនិក ឥស្លាម​កម្ពុជា​ឱ្យ​កាន់តែ​ជិតស្និទ្ធ និង​រឹងមាំ​ថែមទៀត​តាមរយៈ​ការប្រាស្រ័យ​និង​ទំនាក់ទំនង ពាណិជ្ជកម្ម​រួមគ្នា ។​

​សមិទ្ធផល​ថ្មី​នេះ​គឺជា​ចំណងដៃ​ដ៏​ថ្លៃថ្លា​មិនអាច​កាត់ថ្លៃ​បាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខេត្តកំពង់ចាម​និង​ខេត្ត​ត្បូងឃ្មុំ​ព្រមទាំង​បងប្អូន​ប្រជា​ពល រដ្ឋ​ទូទាំងប្រទេស​ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​ទូទៅ​និង​យូរអង្វែង ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាព​ប៉ិនប្រសប់​និង​គតិបណ្ឌិត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែលជា​អគ្គម​គ្គុ​ទេសន៍​និង​ជា​ប្រតិបត្តិ​ករ​នយោបាយ​ឈ្នះ​-​ឈ្នះ ដែល​បាន​នាំយក​សន្តិភាព​មក​ជូន​ជាតិ​មាតុភូមិ​កម្ពុជា​។

​តម្លៃ​នៃ សន្តិភាព បានផ្តល់​ឱកាស​ឱ្យ​កម្ពុជា​អាចធ្វើ​ការអភិវឌ្ឍ​ប្រទេស​រីកចម្រើន​លើ​គ្រប់​វិស័យ ជាពិសេស វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​។ ជាក់ស្តែង​កម្ពុជា​បាន​សាងសង់ ផ្លូវជាតិ ផ្លូវ​ខេត្ត និង​ផ្លូវ​ជនបទ ក្រាល​កៅស៊ូ និង​បេតុង​សរុប​ប្រវែង​ប្រមាណ ១៥.០០០ គីឡូម៉ែត្រ​,​ស្ពាន​ធំៗ​ចំនួន​២០,​លើក​កម្រិត​ព្រលានយន្តហោះ​ឱ្យមាន​លក្ខណៈ​ស្តង់ ដារ​អន្តរជាតិ​ចំនួន​៣​និង​កំពុង​សាងសង់​ព្រលានយន្តហោះ​ស្តង់ដារ​អន្តរជាតិ ៣ បន្ថែមទៀត​នៅ​ខេត្តសៀមរាប ខេត្តកោះកុង និង​រាជធានី​ភ្នំពេញ​,​លើក​កម្រិត​កំពង់ផែ​ស្វយ័ត ភ្នំពេញ​និង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ឱ្យមាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ​,​បាន​ស្តារ​ផ្លូវដែក​ភាគ​ខាងជើង​និង​ភាគខាងត្បូង​ឡើងវិញ​,​និង​កំពុង​សាងសង់​ផ្លូវ​ល្បឿន​លឿន ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅកាន់​កំពង់ផែ​ទឹក​ជ្រៅ​ក្រុងព្រះសីហនុ​,​ព្រមទាំង​សមិទ្ធផល​ផ្សេងៗ​ជាច្រើន​ទៀត​ពាសពេញ​ផ្ទៃ​ប្រទេស ។​សមិទ្ធផល​ទាំងអស់នេះ​កើតឡើង​ដោយ សារ​សន្តិភាព ៕