ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)បាននិយាយថា តារាវាយតេន្នីសចិន ផឹង ស័យបាននិយាយថានាងមានសុវត្ថិភាពនិងមានសុខភាពល្អក្នុងអំឡុងពេលសន្ទនាតាមវីដេអូបន្តផ្ទាល់ជាមួយប្រធាន IOC កាលពីថ្ងៃអាទិត្យទី២១វិច្ឆិកា ចំពេលមានការព្រួយបារម្ភជាអន្តរជាតិអំពីសុខុមាលភាពរបស់នាងបន្ទាប់ពីមានការអះអាងដ៏កក្រើកអំពីការរំលោភផ្លូវភេទ។
IOC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅពេលចាប់ផ្តើមការសន្ទនាតាមវីដេអូរយៈពេល ៣០ នាទីជាមួយប្រធាន IOC លោក ថូម៉ាស បាច់ “នាងផឹង ស័យបានថ្លែងអំណរគុណដល់ IOC សម្រាប់ការព្រួយបារម្ភអំពីសុខុមាលភាពរបស់នាង”។
IOC និយាយថា “នាងបានបកស្រាយថានាងមានសុវត្ថិភាពនិងមានសុខភាពល្អ ដោយរស់នៅផ្ទះរបស់នាងក្នុងទីក្រុងប៉េកាំង ប៉ុន្តែចង់ឱ្យមានការគោរពឯកជនភាពរបស់នាងនៅពេលនេះ”។
“នោះហើយជាមូលហេតុដែលនាងចំណាយពេលជាមួយមិត្តភក្តិនិងក្រុមគ្រួសារឥឡូវនេះ។ ទោះយ៉ាងណាក៏ដោយ នាងនឹងបន្តប្រឡូកក្នុងកីឡាវាយតេន្នីស ដែលជាកីឡានាងស្រលាញ់ខ្លាំងបំផុត”។
កាលពីព្រឹកថ្ងៃអាទិត្យ គេឃើញនាងផឹងបានចូលរួមក្នុងការប្រកួតតេន្នីសមួយនៅទីក្រុងប៉េកាំងនៅក្នុងរូបថតផ្លូវការនៃព្រឹត្តិការណ៍នេះដោយបង្ហាញមុខជាសាធារណៈលើកដំបូងចាប់តាំងពីនាងបានចោទប្រកាន់អតីតឧបនាយករដ្ឋមន្ត្រី ចាង កៅលី ថារំលោភនាង ហើយការចោទនោះត្រូវបានលុបចេញពីអ៊ីនធឺណេតភ្លាមៗហើយនាងក៏បាត់មុខតាំងពីពេលនោះមក។
ម្ចាស់ជើងឯក Grand Slam ពីរសម័យកាលវ័យ ៣៥ ឆ្នាំរូបនេះបានចោទប្រកាន់កាលពីដើមខែនេះថា លោកកៅលី ដែលឥឡូវនេះមានអាយុ ៧០ឆ្នាំបានបង្ខំនាងឱ្យរួមភេទក្នុងអំឡុងពេលទំនាក់ទំនងស្នេហាលួចលាក់អស់ជាច្រើនឆ្នាំ។
បន្ទាប់ពីមានការផ្ទុះការរិះគន់ជាសកលរួមទាំងពីកំពូលតារាវាយតេន្នីសលើពិភពលោកនិងអង្គការសហប្រជាជាតិ អ្នកសារព័ត៌មានរដ្ឋរបស់ចិនបានចេញផ្សាយវីដេអូឃ្លីបមួយដែលបង្ហាញថានាងផឹងមិនមានបញ្ហាអ្វីទេ៕
នាងផឹង ស័យបង្ហាញមុខសាជាថ្មីកាលពីថ្ងៃអាទិត្យអំឡុងការតេតាមវីដេអូជាមួយប្រធានា IOC