​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ប៉ូលិស​និង​សាក្សី​បាន​និយាយថា មនុស្ស​ប្រហែល ៨០ នាក់ ដែល​ខ្លះ​ពាក់រ​បាំង​ស្គី​និង​កាន់​ដែកគាស់​បាន​ឆ្មក់​ចូល​ហាង​ទំនិញ​លំដាប់​ខ្ពស់​មួយ​កន្លែង​ក្នុង​​តំបន់​ឆកសមុទ្រ​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ ដោយ​វាយដំ​លើ​បុគ្គលិក​និង​លួច​ទំនិញ មុន​ពេល​រត់​គេចខ្លួន​តាម​រថយន្ត​ដែល​រង់ចាំ​នៅ​ខាងក្រៅ​។​

​ប៉ូលិស​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃអាទិត្យ​ទី​២១​វិច្ឆិកា​ថា មនុស្ស​បីនាក់​ត្រូវបាន​ចាប់ខ្លួន​ខណៈ​ចោរ​ភាគច្រើន​បាន​រត់គេច​ខ្លួន​បន្ទាប់​ពី​ការ​លួច​ទ្រង់ទ្រាយ​ធំ​កាលពី​យប់​ថ្ងៃ​សៅរ៍​​បាន​ធ្វើឱ្យ​អ្នក​ដើរ​ទិញ​អីវ៉ាន់​ភ្ញាក់ផ្អើល​ខ្លាំង​នៅ​ហាង​កាបូប​ប្រណីត Nordstrom នៅក្នុង​ផ្សារ​ទំនើប Broadway Plaza ក្នុង​ទីក្រុង​វ៉ាល់​ណាត់​គ្រីក (Walnut Creek) ។​

​បុគ្គលិក​ពីរ​នាក់​ត្រូវ​បាន​វាយដំ​និង​ម្នាក់​ត្រូវ​បាញ់​ម្សៅ​ម្រេច​ដាក់​ក្នុងអំឡុងពេល​លួច​នោះ ដែល​ប៉ូលិស​ហៅថា “​ព្រឹត្តិការណ៍​ដែល​បាន​គ្រោងទុក​យ៉ាង​ច្បាស់ក្រឡែត​”​។​

​អ្នកយក​ព័ត៌មាន NBC​នាង ចូ​ឌី ហឺ​ណង់​ដេស បានសរសេរថា នាង​បាន​ឃើញ​ចោរ​ទាំងនោះ​ប្រញាប់ប្រញាល់​ចូលទៅ​ក្នុង​ហាង​នៅក្នុង​សង្កាត់​ផ្សារ​ទំនើប​ក្នុង​ទីក្រុង​វ៉ាល់​ណាត់​គ្រីក ដែល​មាន​ចម្ងាយ​ប្រហែល ៣២ គីឡូម៉ែត្រ​ពី​ភាគ​ឦសាន​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​។​

​នាង​ហឺ​ណង់​ដេស​បាន​និយាយ​នៅ​លើ Twitter ថា “​រថយន្ត​ប្រហែល ២៥ គ្រឿង​ទើបតែ​បិទផ្លូវ​ហើយ​ប្រញាប់ប្រញាល់​ចូលទៅ​ក្នុង​ហាង Walnut Creek Nordstrom ដោយ​ប្រមូល​ទំនិញ​ជា​ច្រើន មុនពេល​ចូល​ឡាន​ហើយ​បើក​ចេញ​ទៅ​ឆ្ងាយ​”​។​

​វីដេអូ​ទូរស័ព្ទដៃ​ពី​កន្លែងកើតហេតុ​បាន​បង្ហាញ​ពី​មនុស្ស​បិទ​មុខ​ចេញ​ពី​ហាង ដោយ​កាន់​កាបូប​និង​ប្រអប់​ជាច្រើន ហើយ​ចូលទៅ​ក្នុង​រថយន្ត រួច​រត់គេច​ពី​កន្លែងកើតហេតុ​៕

​មនុស្ស​ឈរ​មើល​ហាង Louis Vuitton កាលពី​ថ្ងៃអាទិត្យ ក្រោយ​ចោរប្លន់​ហាង​កាបូប​ប្រណីត​នៅ​ទីក្រុង​វ៉ាល់​ណាត់​គ្រីក