ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ មេប៉ូលិសក្រុងវ៉ូកេសាបាននិយាយថា រថយន្តស្ព័រមួយគ្រឿងបានបើកបំបុកចូលក្បួនដង្ហែបុណ្យណូអែលមួយនៅទីក្រុងវ៉ូកេសា រដ្ឋវីស្កុនស៊ីន កាលពីថ្ងៃអាទិត្យទី២១ វិច្ឆិកា ដោយបុកចំមនុស្សជាង ២០ នាក់ រួមទាំងកុមារ និងបណ្តាលឱ្យស្លាប់មួយចំនួនផងដែរ។
មេប៉ូលិសក្រុង លោក ដាន់ ថមសុន បាននិយាយថា មនុស្សពាក់ព័ន្ធម្នាក់កំពុងជាប់ឃុំ ហើយរថយន្តជនសង្ស័យត្រូវបានរកឃើញបន្ទាប់ពីឧបទ្ទវហេតុនៅទីក្រុងវ៉ូកេសាស្ថិតនៅចម្ងាយប្រហែល ៣២ គីឡូម៉ែត្រពីភាគខាងលិចទីក្រុងមីលវ៉ូគី។
លោកថមសុនបានប្រាប់អ្នកយកព័ត៌មានថា “រថយន្ត SUV ពណ៌ក្រហមមួយគ្រឿងបានបើកចូលទៅក្នុងក្បួនដង្ហែបុណ្យណូអែលរបស់យើង ដែលយើងកំពុងប្រារព្ធនៅកណ្តាលក្រុង។ មនុស្សជាង ២០ នាក់បានរងរបួសដោយសារឧបទ្ទវហេតុនេះ”។
នៅពេលសួរអំពីអ្នកស្លាប់ លោកថមសុនបាននិយាយថា “ខ្ញុំមិនមានចំនួនពិតប្រាកដទេនៅពេលនេះ”។
លោកបានបន្ថែមថា គេមិនដឹងថាតើឧបទ្ទវហេតុនោះជាប់ទាក់ទងនឹងអំពើភេរវកម្មឬយ៉ាងណានោះទេ៕
មនុស្សជាង២០នាក់របួសក្នុងឧបទ្ទវហេតុបើកឡានបំបុកហ្វូងមនុស្សនៅទីក្រុងវ៉ូកេសាកាលពីថ្ងៃអាទិត្យ