​ប្រែ​សម្រួលៈ​វាសនា​/​ប៉េកាំង​៖​ក្នុងជំនួប​កំពូល​មួយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២២​វិច្ឆិកា ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ភីង បាន​ប្រាប់​ក្រុម​មេដឹកនាំ​អាស៊ាន​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​មិន​សម្លុត​គំរាម​​ប្រទេស​ក្បែរ​ខាង​តូចៗ​ជាង​ខ្លួន​ឡើយ ចំ​ពេល​មាន​ភាព​តានតឹង​ជាមួយ​ប្រទេស​ជា​សមាជិក​អាស៊ាន​ខ្លះ​អំពី​សមុទ្រ​ចិន​ខាងត្បូង​។​

​ការអះអាង​ទឹកដី​របស់​ចិន​ប៉េកាំង​នៅក្នុង​សមុទ្រ​នេះ​ជាន់​លើ​ការអះអាង​កម្មសិទ្ធិ​ផងដែរ​ពី​ប្រទេស​អាស៊ី​អាគ្នេយ៍​ខ្លះ ដែលនាំអោយ​មាន​ការប្រកាស​អាសន្ន​ចេញពី​អាម៉េរិក​និង​ជប៉ុន​។​

​តែ​កាលពី​ថ្ងៃ​ចន្ទ សារព័ត៌មាន​រដ្ឋ​ចិន​បាន​ស្រង់​សម្តី​លោក​ស៊ី ដែល​បាន​មានប្រសាសន៍ថា « ចិន​កំពុង​ហើយ​នឹង​ជា​ប្រទេសជិតខាង​ល្អ​មួយ ជា​ដៃគូ​ល្អ​មួយ​រាប់​អាស៊ាន ។​ចិន​នឹង​មិន​ស្វះស្វែង​រក​អនុត្តរ​​ភាព ឬ​ក៏​ប្រើ​មាឌ​របស់​ខ្លួន​ដើម្បី​យក​ប្រៀប​ហើយ​បង្ខិតបង្ខំ​សម្លុត​គំរាម​ប្រទេស​តូចៗ​ជាង​ខ្លួន​ទេ ហើយ​ក៏​នឹង​ខិតខំ​ធ្វើការ​ជាមួយ​អាស៊ាន​ដើម្បី​កំចាត់​ចោល​” ការជ្រៀតជ្រែក​” »​។​

​លោក​ស៊ី​បាន​មានប្រសាសន៍ថា​«​ចិន​និង​អាស៊ាន​ត្រូវ​ស្វះស្វែង​បន្ត​ការចរចា​ជាជៀង​ការប្រឈមមុខគ្នា ស្ថាបនា​ភាពជា​ដៃគូ​ជា​ជាង​បង្កើត​សម្ពន្ធភាព​និង​ខិតខំ​រួមគ្នា​ដើម្បី​ដោះស្រាយ​កក្តា​អវិជ្ជមាន​ផ្សេង​​ៗ​ដែល​គំរាម​ឬ​បំផ្លាញ​សន្តិភាព​។​ការរក្សា​សន្តិភាព​ជា​ផលប្រយោជន៍​រួម​ធំ​បំផុត​របស់​យើង និង​ជា​បំណងប្រាថ្នា​ជា​ទីស្រឡាញ់​បំផុត​របស់​ប្រជាជន​គ្រប់​ប្រទេស​។​យើង​ត្រូវ​ធ្វើ​ខ្លួន​ជា​អ្នក​ស្ថាបនា​និង​ការពារ​​សន្តិភាព​នៅក្នុង​តំបន់​។​ចិន​ប្រឆាំង​អន្តរ​ភាព​និង​នយោបាយ​មហាអំណាច​។​ចិន​ស្វះស្វែង​រក​ការរស់នៅ​រួមគ្នា​ដោយ​មិត្តភាព​ជា​មួយ​បណ្តា​ប្រទេសជិតខាង និង​ជា​ផ្នែក​នៃ​កិច្ច​ខិតខំ​រួម​សំរាប់​សន្តិភាព​ឋិត​​ថេរ​នៅក្នុង​តំបន់​»​។​

​ការអះអាង​អធិបតេយ្យភាព​របស់​ចិន​នៅលើ​សមុទ្រ​ចិន​ខាងត្បូង នាំអោយ​មាន​ការតវ៉ា​ប្រឆាំង​ពី​វៀតណាម និង​ហ្វីលីពីន និង​ក៏​ជាន់​លើ​ការអះអាង​របស់​ព្រុយ​ណេ កោះ​តៃវ៉ាន់ និង​ម៉ាឡេស៊ី ផងដែរ​។​

​ហ្វីលីពីន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន បាន​ថ្កោលទោស​ដោយ​ប្រើ​សម្តី​ខ្លាំង​បំផុត​ចំពោះ​អំពើ​របស់​នាវា​ឆ្មាំ​សមុទ្រ​ចិន​៣​គ្រឿង ដែល​រដ្ឋាភិបាល​ក្រុង​ម៉ានីល​បាន​ចោទប្រកាន់ថា បាន​រាំងផ្លូវ​និង​បាញ់​ទឹក​​លើ​ទូក​ផ្គត់ផ្គង់​ស្បៀង​របស់​ហ្វីលីពីន​មួយ មិនអោយ​ធ្វើ​ដំណើរ​ទៅកាន់​កូន​កោះ​ជួរ​មុខ​ដែល​កាន់កាប់​ដោយ​ហ្វីលីពីន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

​អាម៉េរិក​កាលពី​ថ្ងៃ​សុក្រ​ក៏បាន​ហៅ​អំពើ​របស់​នាវា​ចិន​ថា «​គ្រោះថ្នាក់ បង្ក​រឿង​និង​មិន​ត្រឹមត្រូវ » ហើយ​បាន​ព្រមាន​ថា ការវាយប្រហារ​ប្រដាប់​អាវុធ​ណា​មួយ​លើ​នាវា​ហ្វីលីពីន​នឹង​នាំ​អោយ​សហរដ្ឋ​អា​ម៉េ​​រិក​អនុវត្ត​កិច្ច​ព្រមព្រៀង​ការពា​រគ្នា​ទៅវិញទៅមក​ជាមួយ​ហ្វីលីពីន​។​

​ក្នុងជំនួប​កំពូល​កាលពី​ថ្ងៃ​២២​វិច្ឆិកា​នេះ​ដែរ ប្រធានាធិបតី​ហ្វីលីពីន លោក​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត បាន​ប្រាប់​អង្គប្រជុំ​ថា លោក​«​ស្អប់​ការឈ្លោះគ្នា​»​និង​បាន​និយាយថា នីតិរដ្ឋ​ជា​ផ្លូវ​តែ​មួយគត់​ដើម្បី​ដើរ​ចេញ​​ពី​ជម្លោះ​នេះ​។​

​ស៊ី​ក៏បាន​ប្រាប់​ជំនួប​កំពូល​ថា ចិន​និង​អាស៊ាន​ត្រូវតែ​គ្រា​វាត់​ចោល​ស្រមោល​ខ្មៅ​ងងឹត​នៃ​សង្ត្រាមត្រជាក់ នៅពេល​តំបន់​នេះ​ត្រូវ​ធ្វើអោយ​បែកបាក់​ដោយ​ការប្រកួតប្រជែង​និង​ជម្លោះ​រវាង​មហា​អំ​​ណា​ច​ដូច​សង្គ្រាម​វៀតណាម និង​រួម​គ្នា​រក្សា​សន្តិភាព​ក្នុង​តំបន់​។​

​ចិន​តែង​រិះគន់​អាម៉េរិក​ថា​ព្យាយាម​បង្កើត​គំនិត​សង្គ្រាមត្រជាក់​នៅពេល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​រួមដៃ​ជាមួយ​សម្ពន្ធមិត្ត​តំបន់ ដើម្បី​រុញច្រាន​និង​ទប់​អំណាច​យោធា​និង​ឥទ្ធិពល​សេដ្ឋកិច្ច​របស់​ចិន​។​

​ជំនួប​នេះ​បាន​ចាប់ផ្តើម​ដោយ​មិន​មាន​តំណាង​មី​យ៉ាន់​ម៉ា​ទេ ហើយ​អ្នកនាំពាក្យ​យោធា​មី​យ៉ាន់​ម៉ា​ក៏​មិន​ឆ្លើយតប​ការសុំ​អត្ថាធិប្បាយ​ពី​អ្នកសារព័ត៌មាន​ដែរ​៕

​ស៊ី​៖ ចិន​និង​អាស៊ាន​អាចបង្កើត​ជម្រក​សន្តិភាព​និង​វិបុលភាព​រួមគ្នា​