ដោយៈ ប​.​ខុន / ភ្នំពេញៈ គម្រោង​សាងសង់ ទីលាន​តេ​ជោ ដែលមាន​ផ្ទៃ​ទំហំ​ជាង ពីរម៉ឺន ម៉ែត្រក្រឡា នៅ​ឆ្នេរ​ថ្ម​ពយ​តា​មុយ ក្រុងព្រះសីហនុ បាន​រួចរាល់​ជា​ស្ថាពរ​ហើយ សម្រាប់​រៀបចំ ពិធី​ផ្សេងៗ​របស់​ជាតិ និង​ត្រូវ​សម្ពោធ​ដាក់ ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ ដោយ​សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២១ ជាមួយនឹង​សមិទ្ធ ផល ជាច្រើន​ផ្សេងទៀត ដែល​បានធ្វើ​រួច នៅ​ខេត្ត ព្រះសីហនុ ដោយ​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង និង​អភិវឌ្ឍន៍ តំបន់ឆ្នេរ​សមុទ្រ កម្ពុជា បន្ទាប់ពី​បាន​បើក​ការដ្ឋាន​សាងសង់ ជា​ផ្លូវការ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ រួចមក​។​

​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ប្រាប់​ឱ្យ រស្មី​កម្ពុជា ដឹង​នៅ​ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ​២០២១ ថាៈ ទីលាន​តេ​ជោ​ដែលជា​កន្លែង​រៀបចំ​ពិធី​ផ្សេងៗ នៅ​ឆ្នេរ ថ្មី អតីត ពយ តា មុយ ក្រាល​ដោយ សន្លឹក​ថ្ម ក្រា​នី​ត បាន​រួចរាល់​ហើយ នៅសល់តែ ការសម្អាត និង​កែលម្អ​កន្លែង ដែល​មិនទាន់បាន​រៀបរយ​។ គម្រោង​នេះ ជា​គម្រោង របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍ តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា បន្ទាប់ពី​បាន​សាងសង់​រួច នូវ​កំណាត់​ផ្លូវ​ថ្មី មានឈ្មោះ​តេ​ជោ​រួចមក​។​

​មហាវិថី​តេ​ជោ បាន​សាងសង់ រួចរាល់​ដោយ​ភ្ជាប់​ចរាចរណ៍​ពី ឆ្នេរ សុខា​ទៅ ឆ្នេរ អូរ ឈើទាល តាម​ឆ្នេរ​ពយ​តា​មុយ មាន​ប្រវែង​១.០៣៤​ម៉ែត្រ​និង​ទទឹង ១០,២៤ ម៉ែត្រ​។ មហាវិថី​នេះ បាន ជួយ​សម្រួល​ចរាចរណ៍ នៅ​រង្វង់​មូល​តោ​ពីរ ។ ធម្មតា ពីមុន ចរាចរណ៍ ពី​ឆ្នេរ​សុខា ទៅ​ឆ្នេរ​អូរ ឈើទាល ត្រូវ​វង់ តាមផ្លូវ ២ ធ្នូ ដល់​រង្វង់​មូល​តោ​ពីរ រួច​បត់​ទៅ​ផ្លូវ​លេខ ៥០០ ឬ ផ្លូវ​ផែ​អូរ ឈើទាល តែ​ផ្លូវ​ថ្មី​នេះ ត​ភ្ជាប់​ពី​ផ្លូវ ២ ធ្នូ ត្រង់ចំណុច​ជាប់ ឆ្នេរ​សុខា ទៅ​ជាប់​ជាមួយ​ផ្លូវ ផែ​អូរ ឈើទាល​តែម្តង​។​

​លោក គួច ចំរើន បាន​និយាយ​ឱ្យដឹងថាៈ ផ្លូវ​៣៤​ខ្សែ រួមជាមួយ​ស្ពាន និង​ហេ​ដ្ឋា​រចនា សម្ព័ន្ធ ផ្លូវថ្នល់ ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់ ដែល​បាន​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ពេលនេះ បាន​រួចរាល់​ជា​ស្ថាពរ​ហើយ​។​

​សមិទ្ធផល​ខាងលើនេះ តាម​គម្រោង នឹង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ដោយ​សម្តេច​អគ្គ មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២១ ខាងមុខ បន្ទាប់ពី​ខកខាន ការសម្ពោធ​សមិទ្ធផល​ទាំងនេះ កាលពី​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២១ ដោយសារ​ការ​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ រួចមក​៕/V​-PC