ដោយ: សរិទ្ធ/ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ បានបើកការស៊ើបសួរលើសំណុំរឿង ជនជាតិចិន៣នាក់ បន្ទាប់ពីកម្លាំងនគរបាល ក្រសួងមហាផ្ទៃ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានី ភ្នំពេញ « ពាក់ព័ន្ធ ការបង្ខាំង ជនជាតិ ថៃ ចំនួន៩៩នាក់ ដើម្បីជម្រិតទារប្រាក់» បន្ទាប់ពី ត្រូវបានមេខ្យល់បោកពួកគេ មកធ្វើការឱ្យក្រុមហ៊ុនលក់ផលិតផលតាម អនឡាញមួយ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានី ភ្នំពេញ។
គួររំលឹកថា លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យ អគ្គស្នងការដ្ឋាន នគរបាលជាតិ នៅរសៀល ថ្ងៃទី២១ ខែវិច្ឆិកា បានបញ្ជាក់ថា ជនជាតិចិនចំនួន ៣នាក់ នឹងត្រូវសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានី ភ្នំពេញ បន្ទាប់ពីពួកគេត្រូវបានសមត្ថកិច្ច រកឃើញពាក់ព័ន្ធ នឹងការប្រព្រឹត្តបទល្មើស ក្នុង ចំណោមជនជាតិចិនចំនួន ៩៩នាក់។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បញ្ជាក់ទៀតថា កាលពីថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ ២០២១ សមត្ថកិច្ចជំនាញក្រសួងមហាផ្ទៃ បានធ្វើប្រតិបត្តិការបង្ក្រាបក្រុមជនជាតិចិន មួយក្រុម នៅក្នុងផ្ទះ១ ក្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយក្នុង ប្រតិបត្តិការ នោះ សមត្ថកិច្ចបានរំដោះជនជាតិថៃ បានសរុប ៩៩នាក់ ក៏ប៉ុន្តែ ជនជាតិថៃ ទាំងនោះ សុទ្ធតែ ចូលមកប្រទេសកម្ពុជា ដើម្បីបំពេញការងារដោយខុសច្បាប់ហេតុ ដូច្នេះ សមត្ថកិច្ចជំនាញបានចាប់ ខ្លួនពួកគេប្រគល់ឲ្យផ្នែកអន្តោប្រវេសន៍កម្ពុជា។
បច្ចុប្បន្ន ជនត្រូវចោទទាំង៣នាក់កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការ បើកការស៊ើបសួរនៅឡើយ រងចាំការចោទប្រកាន់ នឹងបញ្ជូនទៅចៅក្រមស៊ើបសួរ បន្តនីតិវិធី៕/PC