ដោយៈ បញ្ញា​សាស្ត្រ / ភ្នំពេញៈ ដើម្បី​ចូលរួម​លើកស្ទួយ ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព រវាង​ប្រជាជន និង​ប្រជាជន នៃ​ទ្វីប​ទាំង ២ អាស៊ី និង​អឺរ៉ុប ពិសេស​បង្កើន ការយល់ដឹង ពីគ្នា​ទៅវិញទៅមក ក្នុង​ជីវភាព​រស់នៅ ប្រពៃណី ទំនៀម​ទំលាប់ និង​ភាព​ចម្រុះ នៃ​វប្បធម៌​អាស៊ី និង​អឺរ៉ុប កម្ពុជា បាន​ប្រារព្ធ​ពិធី ចាក់​បញ្ចាំងភាពយន្ត នៃ​ព្រឹត្តិការណ៍ មហោស្រព​វប្បធម៌ អាស៊ី អឺរ៉ុប ឆ្នាំ​២០២១ រៀបចំឡើង ដោយ​ក្រសួង វប្បធម៌ និង​វិចិត្រសិល្បៈ នៃ​ព្រះរាជាណាចក្រ កម្ពុជា សហការ​ជាមួយ សហភាព​អឺរ៉ុប មូលនិធិ​អាស៊ី​អឺរ៉ុប (ASEF) គាំទ្រ​ហិរញ្ញវត្ថុ ដោយ​សហភាព​អឺរ៉ុប និង​រដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ព្រឹក ថ្ងៃ​ច័ន្ទ ទី​២២ វិច្ឆិកា នៅ​រោងភាពយន្ត មេ​ជើ​ស៊ី​ណេ​ភ្លិច សាខា​អេ​អន​១​។​

​លោក ហាប់ ទូច រដ្ឋលេខាធិការ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ថ្លែង​ក្នុង​ពិធី សម្ពោធ​បើក មហោស្រព​វប្បធម៌ អាស៊ី​-​អ៊ឺរ៉ុប ២០២១​ថាៈ មហោស្រព​វប្បធម៌ អាស៊ី​-​អឺរ៉ុប ឆ្នាំ​២០២១ ដែលមាន​រយៈពេល ៥ ថ្ងៃ គឺ​ក្រោម​ប្រធានបទ «​អាស៊ី និង អឺរ៉ុប​៖ ចំណង​វប្បធម៌​» គឺជា​ព្រឹត្តិ ការណ៍ អម​ផ្លូវការ​មួយ នៃ​កិច្ចប្រជុំ​កំពូល អាស៊ី​-​អឺរ៉ុប ដែល​រៀបចំ​ដោយ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា សហការ​ជាមួយ សហភាព​អឺរ៉ុប និង​មូលនិធិ​អាស៊ី -​អឺរ៉ុប​។

​លោក​បាន​បន្តថាៈ «​ក្នុង​កាលៈទេសៈ ដ៏​លំបាក​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​បន្ត​រាតត្បាត នៅលើ​សកលលោក​ទាំងមូល មហោស្រព​វប្បធម៌ ឆ្នាំនេះ ប្រព្រឹត្ត​ទៅតាម​ប្រព័ន្ធ អន​ឡាញ​ផង និង​កម្មវិធី​មួយចំនួន ធ្វើ​ដោយផ្ទាល់​ផង​។ ព្រឹត្តិការណ៍​វប្បធម៌ ជាង ៣០ ចូលរួម​ដោយ សិល្បករ​អាស៊ី និង​អឺរ៉ុប ជាង ១០០ នាក់ នឹងត្រូវ​បង្ហាញជូន​ជាមួយ នឹង​ភាព​ចម្រុះ នៃ​វប្បធម៌​ដ៏​សម្បូរបែប និង​កិច្ចសហការ ប្រកបដោយ​ភាព​ច្នៃ ប្រឌិត រវាង​អាស៊ី និង​អឺរ៉ុប តាមរយៈ​ល្ខោន របាំ តន្ត្រី សិល្បៈ​ទស្សនីយភាព សិល្បៈ​សូន​រូប និង​បទ​បង្ហាញ ជាច្រើន​ទៀត​។

​សូមជម្រាបថា ភាពយន្ត​ដែល​ត្រូវដាក់​បញ្ចាំង ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត ទាំងអស់ មាន​បួន​រឿង​គឺៈ

១-​ភាពយន្ត​រឿង ទ្វាររបង (The Gate) ផលិត​ក្នុង​ឆ្នាំ​២០១៤ នៅក្នុង​ទឹកដី​នៃ ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​កិច្ចសហការ​ផលិត រវាង កម្ពុជា បារាំង និង​ប៊ែ​ល​ហ្សិ​ក​។ ភាពយន្ត​នេះ​ដឹកនាំ​រឿង​ដោយ លោក Régis Wargnier ជនជាតិ​បារាំង​។

២-​ភាពយន្ត​រឿង កង្វះ​រូបភាព (Missing the Picture) ផលិត​ក្នុង​ឆ្នាំ​២០១៣ នៅក្នុង​ប្រទេស​កម្ពុជា ក្រោម​កិច្ចសហការ​ផលិត​រវាង កម្ពុជា និង​បារាំង ។ រឿង​កង្វះ​រូបភាព ដឹកនាំ​រឿង​ដោយ លោក ប៉ាន់ រិទ្ធី ជា​ផលិតករ​ជនជាតិខ្មែរ ហើយ​ស្នាដៃ​ភាពយន្ត​រឿង កង្វះ​រូបភាព​នេះ ទទួលបាន​ពានរង្វាន់ ពី​មហោស្រព ភាពយន្ត​អន្តរជាតិ​ជាច្រើន ក្នុងនោះ ពានរង្វាន់ Un Certain regard Prize ក្នុង​មហោស្រព​ភាពយន្ត កាន ឆ្នាំ​២០១៣​។​

៣-​ភាពយន្ត​រឿង ទាហាន​ស្បែក ស (White Soldier) ផលិត​ក្នុង​ឆ្នាំ​២០១៥ ដោយ ប្រើប្រាស់ ទីតាំង​ថត​នៅ​កម្ពុជា ជំនួស​ប្រទេស​វៀតណាម​។ ភាពយន្ត​នេះ​ដឹកនាំ​រឿង ដោយ លោក Érick Zonca ជនជាតិ​បារាំង​។ ភាពយន្ត​រឿង ទាហាន​ស្បែក ស ទទួលបាន​ពានរង្វាន់ ដ៏​មាន​កិត្យានុភាព​ជា “​ភាពយន្ត​ទូរទស្សន៍ ឬ​រឿង​ភាគ​ល្អ​បំផុត​” ក្នុង​កម្មវិធី​ពានរង្វាន់ International Emmy Awards​។​

៤-​ភាពយន្ត​រឿង ដុំ​ហ្វីល​ចុងក្រោយ (The Last Reels) ផលិត​ក្នុង​ឆ្នាំ​២០១៤ នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ផលិតកម្ម ហនុមាន ដឹកនាំ​រឿង​ដោយ លោកស្រី សុទ្ធោ កូ​លីកា និង​និពន្ធ​ដោយ​លោក Ian Master ជនជាតិ​អង់គ្លេស​។ ភាពយន្ត​រឿង ដុំ​ហ្វីល​ចុងក្រោយ ទទួលបាន​ពានរង្វាន់ «Spirit of Asia Award» ដែលជា​រង្វាន់ ពិសេស ពី​មូលនិធិ ជប៉ុន នៅក្នុង​មហោស្រព ភាពយន្ត​អន្តរជាតិ តូ​ក្យូ ឆ្នាំ​២០១៤​។​

​នៅក្នុង​ព្រឹត្តិការណ៍​មហោស្រព វប្បធម៌ អាស៊ី អឺរ៉ុប នេះដែរ ភាពយន្ត​កម្ពុជា មួយ​ចំណង ជើង​ទៀត គឺ​រឿង ប៊ូ​ឌី​ញ ស (White Building) ក៏បាន​ធ្វើ​ការចាក់​បញ្ចាំ​ង នៅ​ក្រុង​ព្រុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្សិ​ក ក្នុង​កម្មវិធី Curtain Raiser កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ​ផងដែរ​។​

​សូមជម្រាបថា ភាពយន្ត​រឿង ប៊ូ​ឌី​ញ ស ដែល​និពន្ធ និង​ដឹកនាំ​រឿង ដោយ​លោក នាង កា​វិច ផលិត​ក្នុង​ឆ្នាំ​២០១៩ នៅក្នុង​ប្រទេស​កម្ពុជា ទទួលបាន​ពានរង្វាន់ តួ​សម្តែង បុរស​ឆ្នើម ក្នុង​មហោស្រព ភាពយន្ត​អន្តរជាតិ ទីក្រុង Venice ប្រទេស​អ៊ីតាលី កាលពីពេល​ថ្មីៗ​នេះ​។

​សម្រាប់​កម្មវិធី​ចាក់​បញ្ចាំងភាពយន្ត ទាំង​៤ ចំណងជើង​ខាងលើ នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី ២២ ដល់​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​រោងភាពយន្ត មេ​ជើ​ស៊ី​ណេ​ភ្លិច សាខា​អេ​អន​១៕/V-PC