ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ដើម្បី​ចូលរួម​អបអរសាទរ​ក្នុងឱកាស​ដែល ព្រះរាជា ណា​ចក្រ កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រួមសហការ​ជាមួយនឹង​សហភាព​អឺរ៉ុប និង​មូលនិធិ​អាស៊ី​-​អឺរ៉ុប បានរៀបចំ​មហោស្រព​វប្បធម៌​អាស៊ី​-​អឺរ៉ុប ២០២១ ដែល​ក្នុងនោះ​មានការ​ប្រគំ​តន្ត្រី ខ្នាត​ធំ ការសម្តែង​ទស្សនីយភាព​សិល្បៈ​ចម្រុះ របាំ​បុរាណ របាំ​ប្រពៃណី របាំ​សហ​សម័យ មហោស្រព​ភាពយន្ត ការតាំងពិព័រណ៍​រូបថត និង​ស្នាដៃ​សិល្បៈ ក្នុង​គោលបំណង​ជម្រុញ​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន ការចែករំលែក បទពិសោធន៍ ការផ្លាស់ប្តូរ​ការយល់​ដឹង​អំពី​ភាព​ផ្សេងគ្នា និង​ការរួមបញ្ចូល​គ្នា នៃ​វប្បធម៌​អាស៊ី និង​អឺរ៉ុប​។​

​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​មាន ប្រសាសន៍ថា​មហោស្រព​វប្បធម៌​នេះ​គឺជា​ឱកាស​នៃ​ការចែករំលែក​នូវ​លារ​ស្វែងយល់ ពី​សក្តានុពល និង​ថាមពល​ដ៏​ខ្លាំងក្លា​នៃ​កិច្ចសហប្រតិបត្តិការ​អន្តរ​វប្បធម៌ និង​ការ បង្កើត​សិល្បៈ​រួមគ្នា​រវាង​ទ្វីប​ទាំងពីរ គឺ​អាស៊ី​និង​អឺរ៉ុប​ដែលជា​វេទិកា​វប្បធម៌ ដ៏​លេចធ្លោ ក្នុង​ក្របខ័ណ្ឌ​នៃ កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប នៅ​ថ្ងៃទី ២៥ និង ២៦ ខែ វិច្ឆិកា ខាងមុខ ។​

​លោកស្រី បាន បន្ត ថា នេះ​គឺជា មហោស្រព សិល្បៈ សាធារណៈ ដែល បង្ហាញ ពី ឧត្តមភាព ខាង​សិល្បៈ និង ការ សហការ ប្រកបដោយ ការ ច្នៃប្រឌិត របស់​សិល្បៈករ មកពី តំបន់​អាស៊ី​និង​អឺរ៉ុប ។​

​លោកស្រី​បាន​បន្ថែមថា​មហោស្រព​នេះ​ក៏មាន​គោលបំណង​បង្កើន​ការយល់ដឹង​អំពី ដំណើរការ អាស៊ី​និង​អឺរ៉ុប​ក្នុងចំណោម​សហគមន៍​សិល្បៈ​នៃ​តំបន់​ទាំងពីរ​។​

​លោកស្រី​បាន​បន្ថែមថា ព្រឹត្តិការណ៍​នេះ​នឹង​ផ្តល់ឱ្យ​យើង​នូវ​ចំណងមិត្តភាព បរិយាកាស​នៃ​សុខដុមរមនា​ខាង​វប្ប​ធ​ម៍ ភាព​វិជ្ជមាន ភាព​រីករាយ ការផ្លាស់ប្តូរ​គំនិត និង​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក ដើម្បី​បង្កើន​ការយល់ដឹង​របស់​យើង​អំពី​ភាព ស្រដៀង​គ្នា និង​ភាព​សម្បូរបែប​នៃ​ដៃគូ​នៅក្នុង​តំបន់ ។​

​មហោស្រព​វប្បធម៌ អាស៊ី​និង​អឺរ៉ុប ២០២១ នេះ មាន​ស្នាដៃ​សិល្បៈ​ដែល​បានស្នើ សុំ​ចូលរួម​ចំនួន ២៩ ដែល​តំណាងឱ្យ​ប្រទេស​ដៃគូ ចំនួន ២២ រួមមាន អូស្ត្រាលី បែ​ល​ហ្សិ​ក កម្ពុជា ចិន សាធារណរដ្ឋ​ឆេ​ក បារាំង អាល្លឺម៉ង់ ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីតាលី ជប៉ុន ម៉ាឡេស៊ី ហ្វីលីពីន ប៉ូឡូញ ព័រ​ទុយ​ហ្គា​ល់ រុស្ស៊ី សិង្ហ​បុរី កូរ៉េខាងត្បូង អេ​ស្ប៉ា​ញ ថៃ ចក្រភព​អង់គ្លេស និង​វៀតណាម​៕​/PC