​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ (CDC) បាន​បង្ហាញ​ឱ្យដឹងថា ស្ត្រី​មាន​ផ្ទៃពោះ​មាន​ហានិភ័យ​ខ្ពស់​ឡើង​ក្នុង​ការ​ទទួលរង​ផលវិបាក​ធ្ងន់ធ្ងរ​ពី​ជំងឺ​កូវី​ដ​១៩ ហើយ​ហានិភ័យ​ទាំងនោះ​រឹតតែ​កើនឡើង​ក្នុងអំឡុងពេល​រលក​នៃ​មេរោគ​បំ​ប្លែងខ្លួន Delta​។​

​របាយការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​នេះ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​បាន​រកឃើញថា អត្រា​ស្ត្រី​មាន​ផ្ទៃពោះ​ស្លាប់​ដោយសារកូ​វីដ​១៩ ក្នុងអំឡុង​មេរោគ Delta​ជា​ជំងឺ​លុកលុយ​ខ្លាំង​នៅ​​សហរដ្ឋ​អាម៉េរិក បាន​កើនឡើង​ប្រាំ​ដង​។​

​មុនពេល​មាន​មេរោគ Delta ស្ត្រី​មាន​ផ្ទៃពោះ​ប្រាំ​នាក់​ក្នុងចំណោម ១.០០០ នាក់​ដែល​បាន​ឆ្លង​មេរោគ​កូរ៉ូណា​អំឡុង​ពេល​មាន​ផ្ទៃពោះ បាន​ស្លាប់ ធៀប​ទៅនឹង​ចំនួន​ដ៏​គួរឱ្យភ្ញាក់ផ្អើល ២៥​នាក់​ក្នុង​​ចំណោម ១.០០០ នាក់​ក្នុងអំឡុងពេល​មាន​មេរោគ Delta ។​

​អ្នកស្រាវជ្រាវ​ក៏​បាន​រកឃើញ​ដែរ​ថា ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ឆ្លង​មេរោគ Delta នៅពេល​សម្រាល គឺ​ទំនងជា​ប្រឈម​នឹង​ការ​ដែល​កូន​ស្លាប់​ក្នុង​ផ្ទៃ​។​

​ក្រុម​ស្រាវជ្រាវ​របស់ CDC​បាន​វិភាគ​ទិន្នន័យ​មរណភាព​អំឡុងពេល​មាន​ផ្ទៃពោះ​ពី​រដ្ឋ​មី​ស​ស៊ី​ស៊ី​ប​ពី ពី​ខែ​មីនា ឆ្នាំ ២០២០ ដល់​ខែ​តុលា ឆ្នាំ ២០២១ សម្រាប់​របាយការណ៍រ​បស់​ពួកគេ​។​

​ពួកគេ​បាន​រកឃើញ​ការស្លាប់​ចំនួន ១៥ នាក់​ដែល​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយនឹង​កូវី​ដ​ក្នុងចំណោម​ស្ត្រី​មាន​ផ្ទៃពោះ​នៅក្នុង​រដ្ឋ​នេះ​ក្នុងអំឡុងពេល ១៩ ខែ ក្នុងចំណោម​អ្នក​ឆ្លង​សរុប​ចំនួន ១.៦៣៧ នាក់​។​

​មុនពេល​មាន​មេរោគ Delta ពី​ខែ​មីនា ឆ្នាំ ២០២០ ដល់​ខែ​មិថុនា ឆ្នាំ ២០២១ ការស្លាប់​ចំនួន​ប្រាំមួយ​នាក់​ត្រូវបាន​រាយការណ៍​ក្នុងចំណោម​ស្ត្រី​មាន​ផ្ទៃពោះ ឬ​ស្លាប់​ប្រាំ​នាក់​ក្នុងចំណោម​ស្ត្រី​មាន​ផ្ទៃពោះ ១.០០០ នាក់​ដែល​ឆ្លងកូវី​ដ​។​

​ចំនួន​នេះ​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ក្នុងអំឡុងពេល​មាន​មេរោគ Delta ចាប់ពី​ខែ​កក្កដា​ដល់​ខែតុលា​ឆ្នាំ ២០២១ ជាមួយ​នឹង​ការស្លាប់​ចំនួន​ប្រាំបួន​នាក់​ក្នុងចំណោម​ស្ត្រី​មាន​ផ្ទៃពោះ ឬ ២៥ នាក់​ក្នុងចំណោម​ស្ត្រី​មាន​ផ្ទៃពោះ ១.០០០ នាក់​៕

អ្នកស្រាវជ្រាវ​ជំរុញ​ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ចាក់​វ៉ាក់សាំង​ការពារ​