​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ក្រុមហ៊ុន Hyundai បាន​បង្ហាញ​នូវ​គំរូ​រថយន្ត​ស្វ័យប្រវត្តិ​ថ្មី​មួយ ដែល​មើលទៅ​ដូចជា​បន្ទប់ទទួលភ្ញៀវ​ជាជាង​រថយន្ត​។​

​ក្រុមហ៊ុន​ផលិត​រថយន្ត​កូរ៉េ​មួយ​នេះ​បាន​ហៅ​រថយន្ត SEVEN Concept ដែល​ជា​ប្រភេទ​រថយន្ត SUV អគ្គិសនី​កៅអី ៧ របស់​ខ្លួន​ថា​ជា “​កន្លែង​រស់នៅ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​នៅ​លើ​កង់​”​។​

​បង្ហាញ​ខ្លួន​លើក​ដំបូង​ក្នុង​សប្តាហ៍​នេះ​នៅ​ឯ​ពិព័រណ៍​រថយន្ត AutoMobility ឆ្នាំ ២០២១ នៅ​ទីក្រុង​ឡូ​ស​អែន​ជេ​ឡេស រថយន្ត​បច្ចេកវិជ្ជា​ខ្ពស់​នេះ​មាន​ទ្វារ​ឥត​បង្គោល​កណ្តាល ដែល​បើក​យ៉ាង​ទូលាយ​ដោយ​ស្វ័យប្រវត្តិ​ដើម្បី​អនុញ្ញាត​ឱ្យ​មាន​ភាពងាយស្រួល​ក្នុង​ការចូល និង​ចេញ​។​

​នៅ​ខាងក្នុង អ្នកដំណើរ​អាច​អង្គុយ​លើ​កៅអី​វែង​ដែល​អាច​បង្វិល​បាន​ឬ​អង្គុយ​នៅ​កន្លែង​ជប់លៀង​ដ៏​ទូលាយ​។​

​រថយន្ត​នេះ​ក៏​មាន​ទូទឹកកក​ខ្នាត​តូច​ភ្ជាប់​មក​ជាមួយ អេក្រង់​យក្ស OLED នៅ​លើដំបូល និង​កន្លែង​សម្រាប់​ថែរក្សា​ស្បែកជើង ដែល “​ធ្វើឱ្យ​ស្បែកជើង​របស់​អ្នកដំណើរ​ស្រស់ថ្លា​ឡើង​វិញ​ផង​ដែរ​” នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​។​

​រថយន្ត SEVEN Concept ត្រូវបាន​រចនា​ឡើង​ជាមួយ​នឹង​ផ្នត់គំនិត​ក្រោយ​ជំងឺ​រាតត្បាត​។ យោង​តាម​ក្រុមហ៊ុន Hyundai “​បន្ទប់​អនាម័យ​ដ៏​ល្អឥតខ្ចោះ​” របស់​វា​ត្រូវ​បាន​ធ្វើឡើង​ពី​ឫស្សី ម្នាងសិលា​រ៉ែ និង​ក្រណាត់​ប្រឆាំង​នឹង​បាក់តេរី ក្នុង​បំណង “​ធានា​ថា​ផ្ទៃ​ទាំងអស់​…​គឺ​ស្អាត​គ្រប់ពេលវេលា​”​។​

​វា​ក៏​មាន​ថត​ផ្ទុក​ទឹក​អនាម័យ​នៅក្រោម​កៅអី​ផងដែរ ហើយ​បន្ទាប់​ពី​អ្នកដំណើរ​ចាកចេញ ផ្ទៃ​ខាងក្នុង​ត្រូវបាន​លាង​សម្អាត​ដោយ​ពន្លឺ Ultraviolet-C ដែល​ធ្វើឱ្យ​មេរោគ​អសកម្ម​។​

​លោក សាង​យូ​ប លី ជា​ប្រធាន​ផ្នែក​ឌី​ហ្សា​ញ​សកល​របស់ Hyundai បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ផ្នែក​ខាង​ក្នុង​នៃ​រថយន្ត SEVEN គឺ​យកចិត្តទុកដាក់​ចំពោះ​អ្នកដំណើរ​ប្រៀប​បី​ដូចជា​បន្ទប់​រស់នៅរ​បស់​គ្រួសារ​យ៉ាង​អ៊ីចឹង​។​

​ក្រុមហ៊ុន Hyundai និយាយថា ខ្លួន​នឹង​ផលិត​រថយន្ត Ioniq 7 ក្នុង​ឆ្នាំ​២០២៤ ដែល​មើលទៅ​ដូច​រថយន្ត SEVEN តែ​មិនសូវ​រលើបរលោង​ប៉ុន្មាន​ទេ​៕

​រថយន្ត SEVEN Concept ដាក់តាំង​បង្ហាញ​នៅឯ​ពិព័រណ៍​រថយន្ត AutoMobility ឆ្នាំ ២០២១ នៅ​ទីក្រុង​ឡូ​ស​អែន​ជេ​ឡេស​