ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ សមណៈ​សិស្ស គ្រប់​កម្រិត ចំនួន ៣៧៤ អង្គ នៃ​សាលា​វិទ្យាល័យ សម្ដេច​ធម្ម​ពោ​ិ​សាល ជា ស៊ីម ស្ថិតក្នុង​បរិវេណ​វត្ត​ស្វាយ​ចាស់ ក្នុង​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែល​កន្លងមក ត្រូវបាន​ផ្អាក​ការសិក្សា អស់​រយៈពេល ២ ឆ្នាំ ដោយសារ​វិបត្តិ ជំងឺ​កូ​វីដ​១៩ ឥឡូវនេះ បាន​បើក​ដំណើរការ ឡើងវិញ​ហើយ ។​

​ការបើក​នេះ ដោយយោង​តាម ចំណា​ឯកភាព​របស់លោក ឈិ​ត សុខុន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា និង​អគ្គាធិការដ្ឋាន ពុទ្ធិកសិក្សា​ជាតិ ស្ដីពី​ការអនុញ្ញាត ឲ្យ​រៀបចំ​ដំណើរការ គ្រឹះស្ថាន​ពុទ្ធិកសិក្សា គ្រប់​កម្រិត ក្នុង​បរិបទ​ជំងឺ​កូ​វីដ​១៩​។ ដោយឡែក សម្រាប់​ខេត្ត​បន្ទាយ មានជ័យ មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត បានរៀបចំ ឲ្យ​ដំណើរការ សាលា​ពុទ្ធិកសិក្សា ឡើងវិញ ។​

​នេះ​បើតាម​លោក បៀ​វ ថា​ន ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២១ ។​

​លោក បាន​មានប្រសាសន៍ថាៈ ដោយមាន​ការណែនាំ ពី​ក្រសួង​ធម្មការ និង​សាសនា ក៏ដូចជា អគ្គាធិការដ្ឋាន ពុទ្ធិកសិក្សា​ជាតិ ស្ដីពី​ការអនុញ្ញាត ឱ្យ​រៀបចំ​ដំណើរ​សិក្សា គ្រប់​កម្រិត​របស់ សមណៈ​សិស្ស ដែល​បាន​ខកខាន​រៀនសូត្រ អស់​រយៈពេល ២ ឆ្នាំ ដោយ​វិបត្តិ​កូ​វីដ ១៩ ក៏ពិតមែន ប៉ុន្តែ​សមណៈ​សិស្ស គ្រប់​អង្គ​ទាំងអស់ ក៏បាន​រៀន តាម​ប្រព័ន្ធ​អន​ឡាញ ផងដែរ​។

​លោក បៀ​វ ថា​ន បាន​បន្តថាៈ អគ្គាធិការដ្ឋាន ពុទ្ធិកសិក្សា​ជាតិ បានផ្ដល់ ឲ្យ​សមណៈ​សិស្ស រៀន​ដោយផ្ទាល់​ឡើងវិញ ចាប់ពី​ថ្ងៃ​ច័ន្ទ ៣ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ​តទៅ ។ ទោះជា​យ៉ាងណា ក៏​សូម​សមណៈ​សិស្ស ទាំងអស់ គោរព​ឱ្យបាន​ម៉ឺងម៉ាត់​នូវ វិធានការ​សុខាភិបាល និង​គោលការណ៍ ប្រតិបត្តិ​ស្តង់ដា សម្រាប់​ដំណើរការ ពុទ្ធិកសិក្សា​ឡើងវិញ ក្នុង​បរិបទ​ជំងឺ​កូ​វីដ​១៩ ។​

​ក្នុងនាម​ព្រះ​មន្ត្រី​សង្ឃ​ខេត្ត ព្រះ​ឧ​ត្ត​មសិល​ញាណ ធុល សុធា ព្រះ​មេគណ​ខេត្ត ក៏បាន​សំដែង នូវ​អំណរ​សាទរ និង​មាន​ព្រះទ័យ រំភើប​យ៉ាង​ពន់ពេក ដែល​បានឃើញ​សមណៈ​សិស្ស បាន​ចូល​សិក្សា រៀនសូត្រ​ឡើងវិញ គ្រប់​កម្រិតសិក្សា​៕/V​