​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញ​៖ ឧ​ត្ត​ម​សេនីយ៍​យោធា​ម្នាក់ និង​បក្ខពួក​ចំនួន​ពីរ​នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​សហការ​ជាមួយ​កម្លាំង​នគរបាល​ល​ជាតិ ចាប់ខ្លួន​បានជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ករណី​ជួញដូរ​អាវុធ​ខុសច្បាប់ នៅក្នុង​ភូមិសាស្ត្រ​ខេត្តបាត់ដំបង​ជាប់​នឹង​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​។ ការចាប់ខ្លួន​នេះបានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៩-២០ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ទីកន្លែង​ផ្សេងគ្នា​។ ដោយ​ឧ​ត្ត​ម​សេនីយ៍​យោធា​ចាប់ខ្លួន​នៅមុខ​ភោជនីយដ្ឋានស្យាម​ស៊ី​ហ្វូ​ត ស្ថិតក្នុង​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២១​។

នាយឧត្តមសេនីយ៍ សៅ សុខា (រូបថតឯកសារ)

​មន្ត្រីជាន់ខ្ពស់​កងរាជអាវុធហត្ថ​បាន​ប្រាប់​រស្មី​កម្ពុជា​ថា សមត្ថកិច្ច​កំពុងតែ​ចាប់ខ្លួន​អ្នក​ដែល​ពាក់ព័ន្ធ​មួយចំនួនទៀត​ដើម្បី​យកមក​ផ្ត​ន្តា​ទោស​តាមច្បាប់​។ មនុស្ស​ចំនួនបី​នាក់ ដែល​ចាប់ខ្លួន គឺជា​មន្ត្រី​យោធា​នៅ​ខេត្តបាត់ដំបងពីរ​នាក់ និង​ម្នាក់​ជា​ឧ​ត្ត​ម​សេនីយ៍​នៅ​ក្រសួងការពារជាតិ​។​

​​មន្ត្រីជាន់ខ្ពស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ​បាន​បញ្ជាក់ថា មន្ត្រី​យោធា​ចំនួនបីនាក់ ដែល​ត្រូវបាន​ចាប់ខ្លួន មានដូចជា ១ . ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ួ​ន ពិសិដ្ឋ ភេទ​ប្រុស អនុប្រធាន​រោង​ជាង​ជួសជុល​ចម្រុះ (k4) អគ្គនាយកដ្ឋាន​បច្ចេក​ទេ​សម្ភារនៃ ​ក្រសួងការពារជាតិ ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា នៅ​ទី​រួម​ខេត្តសៀមរាប​)​។ ២. វរ​:​សេនីយ​ទោ ប៉ុល នី ភេទ​ប្រុស មន្ត្រី​យោធា​នៅ​អង្គភាព​សឹក​រង​ស្រុក​កំរៀង​ខេត្តបាត់ដំបង ចាប់ខ្លួន​កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកានៅ​ស្រុក​កំរៀង​ខេត្ត​បាត់​ដំបង​និង ៣. ព្រិន្ទបាលឯក វី វិ​ន​ហាយ យោធា​សឹក​រង​ស្រុក​ភ្នំ​ព្រឹ​ខេត្តបាត់ដំបង ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកានៅ​ស្រុក​កំរៀង​ខេត្តបាត់ដំបង​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេ​ម​ភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​ថា ពាក់ព័ន្ធ​ការឃាត់ខ្លួន​នាយទាហានជាន់ខ្ពស់​ដែល​ពាក់ព័ន្ធ​ទៅនឹង​អាវុធ​ដែល​បាន​រកឃើញ​នៅក្នុង​ភូមិសាស្ត្រ​ខេត្តបាត់ដំបង​ជាប់​នឹង​ព្រំដែន​ជាមួយ​ប្រទេស​ថៃ គឺជា​កិច្ចការ​សហការ​រវាង​កងរាជអាវុធហត្ថ​ជាមួយនឹង​នគរបាលជាតិ គឺ​បានធ្វើការ​ឃាត់ខ្លួន​បុគ្គល​យោធិន ដែលមាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ តាម​ចម្លើយ​របស់​ជនល្មើស​ដែល​ខាង​នគរបាល​បាន​ចាប់ខ្លួនបាន​។ ក្រោយ​ធ្វើការឃាត់ខ្លួន​សាកសួរ គឺមាន​ការពាក់ព័ន្ធ​នឹង​ការជួញដូរ អាវុធ​ដូចដែល​ខាង​នគរបាល​បាន​ស៊ើបអង្កេត​ឃើញ​មែន ហើយក៏​បានធ្វើ​ការឃាត់​ខ្លួន​និង​បាន​បញ្ជូន​ខ្លួន​មនុស្ស​ទាំងពីរ​នាក់ មាន​ឧ​ត្ត​ម​សេនីយ៍​ត្រី​ម្នាក់ និង​ព្រិ​ន្ទ​បាល​ឯក​ម្នាក់​ទៅ​តុលាការ​ហើយ​តុលាការ​បាន​ឃុំខ្លួន​ហើយ​។​

ជនជាប់សង្ស័យដែលត្រូវបានឃាត់ខ្លួន(រូបថតសមត្ថកិច្ច)

​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​មានប្រសាសន៍​បញ្ជាក់ថា “​ពាក់ព័ន្ធ​ការឃាត់ខ្លួន​នាយទាហានជាន់ខ្ពស់​ដែល​ពាក់ព័ន្ធ​ទៅ​និង​អាវុធ​ដែល​បាន​រកឃើញ​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង​ជាប់​នឹង​ព្រំដែន​ជាមួយ​ប្រទេស​ថៃ កិច្ចការងារ​នេះ គឺជា​កិច្ចការ​សហការ​រវាង​កងរាជអាវុធហត្ថ​ជាមួយនឹង​នគរបាលជាតិ ដោយសារ​ខាង​នគរបាលជាតិ​បាន​ស្រាវជ្រាវ​រកឃើញ​អ្នក​ដែល​សង្ស័យ​ជួញដូរ​អាវុធ​ហ​ត្ថឃាត់ខ្លួន​។ ក្រោយ​ពេលដែល​ខាង​នគរបាលជាតិ​បានធ្វើការ​សួរនាំ​អំពី​ការជួញដូរ​អាវុធ​នេះ ក៏បាន​ឆ្ល​យ​ថា មានការ​ពាក់ព័ន្ធ​ជាមួយនឹង​ជនល្មើស​ដែលជា​យោធិន​នៅក្នុង​កងយោធពល​ខេមរភូមិន្ទ​ដែល​បាន​ចូលរួម (​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ួ​ន ពិសិដ្ឋ​) តាមរយៈ​នឹង​គឺ​ខាង​នគរបាលជាតិ​ក៏បាន​សុំ​ការស៊ើបអង្កេត​ទៅ​ព្រះរាជអាជ្ញា ហើយ​ព្រះរាជអាជ្ញា​ក៏បាន​អនុញ្ញាត​ឲ្យ​ធ្វើការ​នាំខ្លួន​ចំពោះ​អ្នក​ដែល​ពាក់ព័ន្ធ​ទៅ​និង​បទល្មើស។អ៊ីចឹ​ង​កងរាជអាវុធហត្ថ​ដោយ​សហការ​ជាមួយ​នគរបាលជាតិ គឺ​បាន​ឃាត់ខ្លួន​បុគ្គល​យោធិន​ដែលមាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​តាម​ចម្លើយ​របស់​ជន​ល្មើស​ដែល​ខាង​នគរបាល​បាន​ចាប់ខ្លួនបាន​នោះ​។ ​ក្រោយ​យើង​បាន​ឃាត់ខ្លួន​គាត់​មក យើង​ក៏បាន​សួរនាំ​គាត់​ទៅ គឺមាន​ការពាក់ព័ន្ធ​នឹង​ការជួញដូរ​អាវុធ​ដូចដែល​ខាង​នគរបាល​ស៊ើបអង្កេត​ឃើញ​មែន។​យើង​បានធ្វើការ​ឃាត់ខ្លួន​មនុស្សបី​នាក់ មាន​ឧ​ត្ត​ម​សេនីយ៍​ត្រី​ម្នាក់ និង​មាន​ព្រិន្ទបាលឯក​ម្នាក់​ទៅកាន់​តុលាការ​ហើយ ហើយ​តុលាការ​ក៏បាន​ឃុំខ្លួន​ហើយ​”​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​​បញ្ជាក់ទៀតថា ចំពោះ​បក្ខពួក​មួយចំនួនទៀត ដែល​ពាក់ព័ន្ធ​នឹង​ក្រុម​ជួញដូរ​អាវុធ​នេះ សមត្ថកិច្ច​នគរបាល និង​កងរាជអាវុធហត្ថ​កំពុង​បន្ត​ដើម្បី​ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ​អាវុធ​នេះ​។​

​ទាក់ទង​ករណី​ជួញដូរ​អាវុធ​នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ឲ្យ​ឃើញ​ម្ចាស់​អាវុធ​ដែល​បាន​លាក់ទុក​នៅ​ចំណុច​ចំការ​មៀន ស្ថិតក្នុង​ក្រុមទី​២ ភូមិ​អូរ​រំដួល ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ហើយ​ដែល​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​កាលពី​រសៀល​ថ្ងៃទី​១២ខែវិច្ឆិកាកន្លង ទៅ។​

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ(រូបថតឯកសារ)

​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត ខៀវ សុភ័គ បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​ថា សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ឲ្យ​ឃើញ​ម្ចាស់​ដើម្បី​នាំខ្លួន​ទៅ​ផ្តន្ទាទោស​តាមច្បាប់​ស្តីពី​ការប្រើប្រាស់ ឬក៏​ចរាចរណ៍​អាវុធ​គ្មាន​ច្បាប់​។ លោកបាន​បញ្ជាក់ថា “​អ្វីដែល​យើង​គិត​រូបភាព​ទី​១. អាចជា​ការរត់ពន្ធ​អាវុធ​ពី​យើង​ទៅ​ភូមា ពីព្រោះ​សព្វថ្ងៃនេះ ភូមា​ត្រូវការ​អាវុធ​ដើម្បី​ធ្វើសឹក​សង្គ្រាម​។ ទី​២. អាចពាក់ព័ន្ធ​ទៅ​និង​ចលនា​ពួក​ឧទ្ទាម​នៅក្នុង​ស្រុក​យើង​យក​អាវុធ​លាក់ទុក​ដើម្បី​រង់ចាំ​ផ្ទុះអាវុធ ប៉ុន្តែ​លទ្ធភាព​នឹង​ដូចជា​តិច​ទេ និង​ទី​៣. យើង​អាច​គិតថា ចោរប្លន់​ប្រដាប់អាវុធ​។ ប៉ុន្តែ​រូបភាព​ទាំងអស់នេះ យើង​គិតថា រូបភាព​ទី​១ ច្រើនជាង (​អាចជា​ការរត់ពន្ធ​អាវុធ​ពី​យើង​ទៅ​ភូមា​) ”​។​

​សូមជម្រាបថា កាំភ្លើង​ជាច្រើន​ដើម​ទៀត​ត្រូវបាន​សមត្ថកិច្ច​រកឃើញ​ជា​បន្តបន្ទាប់ ដែល​បាន​លាក់ទុក​នៅ​ចំណុច​ចំការ​មៀន ស្ថិតក្នុង​ក្រុមទី​២ ភូមិ​អូរ​រំដួល ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ហើយ​ដែល​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១៕សរន

កាំភ្លើងដែលសមត្ថកិច្ចរកឃើញកាលពីពីពេលកន្លងទៅថ្មីៗនេះ(រូបថតសមត្ថកិច្ច)