ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
ប្រសាច
កិរិយាវិសេសន៍
ដែលបែកខ្ញែកដូចគេបាចសាច
រត់ប្រសាច ( ម. ព. ប្រសេច ផង ) ។
ផរុសវាចា
(ផៈរុសៈវាចា)
នាមសព្ទ
( បា.; សំ. បរុឞវាច បរុឞវាចា ឬ បរុឞវាទ ) សម្តីអាក្រក់ ឬពាក្យទ្រគោះ, ពាក្យទ្រគោះបោះបោក, ពាក្យគ្រោតគ្រាត ( ម.ព. វចីទុច្ចរិត ផង ) ។
ផ្នូរខ្សាច់
នាមសព្ទ
ពំនូកឬជួរខ្សាច់ដែលកើតមានដោយអំណាចទឹកហូរប្រមូលឬក៏ខ្យល់បក់កៀរប្រមូលមានសណ្ឋានជាជួរវែងខ្ពស់ជាងទំនាបខ្សាច់ប្រក្រតី ( ព. បុ. ហៅ ត្បូងខ្សាច់ ) ។
ព្រឹទ្ធាចារ្យ
(ព្រឹត-ធាចា)
នាមសព្ទ
(សំ. < វ្ឫទ្ធ + អាចាយ៌; បា. វុឌ្ឍ ឬ វុទ្ធ + អាចរិយ ) អាចារ្យដែលមានអាយុច្រើន, អាចារ្យចាស់ទុំ; ច្រើនសំដៅសេចក្ដីថា ចាស់ស្រុក ឬ ចាស់ទុំ, ដូចជាថា
អ្នកដែលគោរពកោតក្រែងចាស់ព្រឹទ្ធាចារ្យក្នុងត្រកូលរៀមច្បង រមែងបានចម្រើនដោយពរ ៤ ប្រការគឺ អាយុ, វណ្ណៈ, សុខៈ, ពលៈ ។
ព្រឹទ្ធាបចាយនៈ
(ព្រឹត-ធាប៉ៈចាយ៉ៈន៉ៈ)
នាមសព្ទ
( សំ. វ្ឫទ្ធ; បា. វុឌ្ឍ ឬ វុទ្ធ + អបចាយន ) សេចក្ដីគោរពចំពោះបុគ្គលចាស់ ឬការគោរពកោតក្រែង ចំពោះចាស់ព្រឹទ្ធាចារ្យ ត្រកូលរៀមច្បង
ព្រឹទ្ធាបចាយនៈ ជាធម៌សំខាន់មួយក្នុងលោក (ហៅថា វុទ្ធាបចាយនៈ ឬព្រឹទ្ធាបចាយនកម្ម, វុទ្ធាបចាយនកម្ម ក៏បាន) ។