​ប្រែ​សម្រួលៈ​វាសនា​/​សេ​អ៊ូ​ល​៖ អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក ជុន ឌូ វ៉ាន់ ដែល​បាន​គ្រប់គ្រង​ប្រទេស​បែប​កណ្តាប់ដៃ​ដែក​ក្រោយ​រដ្ឋប្រហារ​យោធា​នៅ​ឆ្នាំ​១៩៧៩ និង​បង្ក​ការប្រឆាំង​តវ៉ា​ទាម​​ទារ​លទ្ធិប្រជាធិបតេយ្យ​ដ៏​ធំ បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​អង្គារ​ទី​២៣​វិច្ឆិកា នៅ​អាយុ​៩០​ឆ្នាំ ។​

​ទីភ្នាក់ងារ​សារព័ត៌មាន​យ៉ុន​ហាប់ បាន​និយាយថា លោក​ជុន ដែល​មាន​ជំងឺ​ជាច្រើន​មុខ ដូចជា​រោគ​ខួរ​ឆ្អឹង និង​មហារីក​ឈាម​បាន​ស្លាប់​នៅផ្ទះ​របស់​លោក​នៅ​ក្រុង​សេ​អ៊ូ​ល​។​

​ជា​អតីត​មេបញ្ជាការ​ទ័ព លោក​ជុន បាន​គ្រប់គ្រង​ប្រទេស​ក្នុងពេល​មាន​ការសម្លាប់​រង្គាល​ដោយ​ពួកយោធា​នៅ​ឆ្នាំ​១៩៨០​លើ​បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ។​វា​ជា​បទឧក្រិដ្ឋ​មួយ​ដែល​ក្រោយមក​លោក​​ត្រូវបាន​កាត់ទោស​ប្រហារជីវិត តែ​ត្រូវបាន​បន្ធូរបន្ថយ​។​

​ក្នុងពេល​ឡើង​សវនាការ​នៅ​ទសវត្សរ៍​១៩៩០ លោក​ជុន​បាន​ការពារ​រដ្ឋប្រហារ​ថា​ជា​វិធី​ចាំបាច់​ដើម្បី​សង្គ្រោះ​ប្រទេស​ចេញពី​វិបត្តិ​នយោបាយ​និង​បាន​បដិសេធថា​មិន​បាន​បញ្ជូន​ទាហាន​ទៅ​សម្លាប់​បាតុករ​​កាលពី​ឆ្នាំ​១៩៨០​ទេ​។​

​ជុន​បានកើត​នៅ​ឆ្នាំ​១៩៣១​ក្នុង​ទីប្រជុំជន​ក្រីក្រ មួយ​នៅ​ភាគ​អាគ្នេយ៍​ប្រទេស ក្នុងអំឡុងពេល​ជប៉ុន​គ្រប់គ្រង​កូរ៉េ​។​លោក​បាន​ចូលរួម​បំរើ​យោធា ក្នុងពេល​រៀន​នៅ​វិទ្យាល័យ ដោយ​បាន​ឡើង​ឋានៈ​បន្ត​​បន្ទាប់​រហូត​ក្លាយជា​មេបញ្ជាការ​ទ័ព​ម្នាក់​នៅ​ឆ្នាំ​១៩៧៩​។​

​ដោយ​ទទួល​បន្ទុក​ស៊ើបអង្កេត​ករណី​ឃាតកម្ម​មួយ​លើ​ប្រធានាធិបតី ប៉ាក់ ជុង​ហ៊ី នៅ​ឆ្នាំ​នោះ លោក​ជុន​ត្រូវបាន​សម្ពន្ធមិត្ត​យោធា​ទាក់ទាញ​ហើយ​ត្រួតត្រា​បណ្តា​ទីភ្នាក់ងារ​ស៊ើប​ការ​កូរ៉េខាងត្បូង រហូត​​ដល់ពេល​កើត​មាន​រដ្ឋប្រហារ​នោ​ថ្ងៃ​១២​ធ្នូ ឆ្នាំ​១៩៧៩​។​

​ការ​កាន់​តំណែង​ប្រធានាធិបតី​អស់​៨​ឆ្នាំ​របស់​លោក កត់សំគាល់​ដោយ​អំពើ​ព្រៃផ្សៃ និង​ការគាបសង្កត់​ផ្នែក​នយោបាយ​។​ទោះជា​យ៉ាងណា វា​ក៏​បង្ហាញ​អោយឃើញ​អំពី​ការរីកចំរើន​សេដ្ឋកិច្ច​ផងដែរ​។​លោក​​បាន​លាឈប់​និង​ចុះចេញ​ពី​តំណែង​ចំពេល​មាន​ការប្រឆាំង​តវ៉ា​ពាសពេញ​ប្រទេស​ដឹកនាំ​ដោយ​ចលនា​និស្សិត​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​ឆ្នាំ​១៩៨៧​ដោយ​ពួកគេ​ទាមទារ​អោយមាន​ប្រព័ន្ធ​បោះឆ្នោត​ដោយ​​ផ្ទាល់​មួយ​។​

​នៅ​ឆ្នាំ​១៩៩៥ លោក​ត្រូវបាន​ចោទប្រកាន់​ពីបទ​បះបោរ​ប្រឆាំង​និង​ក្បត់ជាតិ ហើយ​ត្រូវបាន​ចាប់ខ្លួន​ក្រោយ​មិន​ព្រម​បង្ហាញ​ខ្លួន​នៅ​ការិយាល័យ​រដ្ឋអាជ្ញា​និង​បាន​ភៀសខ្លួន​ទៅកាន់​ទីប្រជុំជន​កំណើត​​របស់លោក​។​

​ក្នុង​សវនាការ​កាត់ទោស លោក​និង​អ្នក​ស្នង​តំណែង​ពី​លោក គឺ​អតីត​ប្រធានាធិបតី រ៉ូ តេ​វូ ត្រូវបាន​រកឃើញ​ថា​មាន​ទោស​ពី​បទ​បះបោរ​ប្រឆាំង ក្បត់ជាតិ និង​ទទួល​សំណូក ហើយ​ត្រូវបាន​កាត់ទោស​​អោយ​ជាប់គុក​អស់​មួយ​ជីវិត​កាលពី​ឆ្នាំ​១៩៩៦​។​តាមពិត​លោក​ជុន​ត្រូវបាន​កាត់ទោស​ប្រហារជីវិត តែ​ត្រូវ​តុលាការ​ជាន់ខ្ពស់​សេ​អ៊ូ​ល​បន្ធូរបន្ថយ​ទោស​ដើម្បី​ជា​ការដឹងគុណ​លោក​ចំពោះ​ការរីកចំរើន​​សេដ្ឋកិច្ច​លឿន​ក្នុងអំឡុងពេល​កាន់អំណាច​របស់​លោក​ដែល​បាន​ទទួល​ឋានៈ​ជា​«​ខ្លា​អាស៊ី​»​មួ​យ​និង​ការផ្ទេរ​អំណាច​ដោយ​សន្តិ​វិធី​ទៅ​អោយ​លោក​រ៉ូ​នៅ​ឆ្នាំ​១៩៨៨​។​

​អ្នក​ទាំង​២​ត្រូវបាន​លើកលែង​ទោស​និង​ដោះលែង​ចេញពី​គុក​នៅ​ឆ្នាំ​១៩៩៧ ដោយ​ប្រធានាធិបតី គីម យ៉ាំង​សាម ក្នុង​កាយវិការ​បង្រួបបង្រួម​ជាតិ​។​

​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក ជុន ឌូ វ៉ាន់ (ស្តាំ)និង​អ្នក​ស្នង​តំណែង លោក រ៉ូ តេ​វូ ត្រូវបាន​កាត់ទោស​អោយ​ជា​បើ​គុក​អស់​មួយ​ជីវិត​ចំពោះ​ការបះបោរ ក្បត់ជាតិ និង​ស៊ីសំណូក​កាលពី​ឆ្នាំ​១៩៩៦

​ជុន បាន​បង្ក​ការចាប់អារម្មណ៍​ជាច្រើន​លើក​ក្រោយ​ចេញពី​គុក​។​នៅ​ឆ្នាំ​២០០៣ លោក​បាន​បង្ក​កំហឹង​ជាតិ​នៅពេល​លោក​អះអាង​ថា លោក​មាន​ទ្រព្យធន​តែ​២៩១.០០០​វ៉ុន​(២៤៥​ដុល្លារ​) ឆ្កែ​២​ក្បាល​និង​​គ្រឿង​ប្រើប្រាស់​ក្នុងផ្ទះ​ខ្លះ​ក្នុងពេល​ជាប់​ពិន័យ​ដល់​ទៅ​២២០,៥​ពាន់​លាន​វ៉ុន​។​តែ​កូន​៤​នាក់​និង​សាច់ញាតិ​របស់​លោក​ក្រោយមក​ត្រូវបាន​រកឃើញ​ថា​មាន​ដី​ដ៏​ធំ​នៅ​ក្រុង​សេ​អ៊ូ​ល​និង​វីឡា​ប្រណីត​នៅ​​អាម៉េរិក​៕