​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ យោង​តាម​កាសែត Financial Times និង Wall Street Journal បានឱ្យដឹងថា​ការសាកល្បង​អាវុធ​ល្បឿន​លឿន​ជាង​សំឡេង​របស់​ចិន​កាល​​ពី​ខែ​កក្កដា រួមមាន​ទាំង​ការបាញ់​បង្ហោះ​មិន​ធ្លាប់​មាន​ពីមុន​មក​នូវ​កាំជ្រួច​មី​ស៊ី​ល​ដាច់ដោយឡែក​មួយ​ទៀត​ចេញពី​យាន​ល្បឿន​លឿន​ផុត​លេខ​។​

​កាសែត​ទាំងពីរ​បាន​និយាយថា ការសាកល្បង​នេះ​បានបង្ហាញ​ការអភិវឌ្ឍ​របស់​ចិន​នូវ​អាវុធ​យុទ្ធសាស្ត្រ​និង​សមត្ថភាព​នុយក្លេអ៊ែរ​របស់ខ្លួន​មាន​ភាពជឿនលឿន​ជាង​អ្វី​ដែល​គេ​បាន​គិត​ទៅ​ទៀត ជា​ហេតុ​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​ក្រុម​មន្ត្រី​មន្ទីរ​បញ្ច​កោណ​អាម៉េរិក​។​

​ទាំង​សហរដ្ឋ​អាម៉េរិក​និង​រុស្ស៊ី​មិន​មាន​សមត្ថភាព​នុយក្លេអ៊ែរ​ដូច​ចិន​នោះ​ទេ ពោលគឺ​តម្រូវឱ្យ​បាញ់​មី​ស៊ី​ល​ចេញពី​យាន​មេ​ដែល​ធ្វើដំណើរ​លឿន​ជាង​សំឡេង​ប្រាំ​ដង​។​

​កាសែត Financial Times ដែល​បាន​រាយការណ៍​ជា​លើកដំបូង​អំពី​ការសាកល្បង​មី​ស៊ី​ល​កាលពី​ចុង​សប្តាហ៍ បាន​និយាយថា​ក្រុម​អ្នកជំនាញ​យោធា​អាម៉េរិក​កំពុង​ព្យាយាម​ស្វែងយល់​ពី​របៀប​​ដែល​ចិន​អាចបង្កើត​បច្ចេកវិជ្ជា​នេះ ដែល​ធ្វើឱ្យ​ពួកគេ​នាំមុខ​គូប្រជែង​នានា​ក្នុងការ​ប្រណាំងប្រជែង​សព្វាវុធ​លឿន​ជាង​សំឡេង​។​

​កាសែត Wall Street Journal បាន​បញ្ជាក់​អំពី​របាយ​ការណ៍​នេះ​កាលពី​ថ្ងៃ​ចន្ទ​។​

​ការសាកល្បង​មី​ស៊ី​ល​លឿន​ជាង​សំឡេង​របស់​ចិន​កាលពី​ថ្ងៃទី ២៧ ខែ​កក្កដា​បាន​ធ្វើឱ្យ​មន្ត្រី​លោកខាងលិច​ស្រឡាំងកាំង​រួចហើយ​។​

​នៅក្នុង​នោះ យាន​បាញ់​បង្ហោះ​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ​បាន​ដឹក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​លឿន​ជាង​សំឡេង​នៅ​ជុំវិញ​ពិភពលោក​ហើយ​បន្ទាប់មក​បាន​បញ្ចេញ​វា​ឆ្ពោះទៅ​រក​គោលដៅ​សាកល្បង​នៅ​ក្នុងប្រ​​ទេស​ចិន​។​

​មី​ស៊ី​ល​លឿន​ជាង​សំឡេង ដែល​ខុស​ពី​មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប​ដែល​អាច​កាច់ចង្កូត​បាន គឺ​ខុស​គោលដៅ​តែ​ជាង ៣២ គីឡូម៉ែត្រ​ប៉ុណ្ណោះ ដែល​ឧត្តមសេនីយ៍ទី​២​នៃ​មន្ទីរ​បញ្ច​កោ​ណ គឺ​លោក​ឧត្តមសេនីយ៍ ច​ន ហាយ​ធិន បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា “​កៀក​នឹង​” លទ្ធផល​សាកល្បង​លើកទីមួយ​។​

​ប៉ុន្តែ​អ្វី​ដែល​គួរឱ្យភ្ញាក់ផ្អើល​ជាងនេះទៅទៀត​នោះ​គឺថា យាន​លឿន​ជាង​សំឡេង​ខណៈ​កំពុង​ហោះហើរ​ពី​ភាគខាងត្បូង​ឆ្ពោះ​ទៅកាន់​ប្រទេស​ចិន​នោះ បាន​បញ្ចេញ​មី​ស៊ី​ល​មួយ​ដាច់​ដោយឡែក​ទៀត​ដែល​ហោះ​​យ៉ាង​លឿន​ចូលទៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដោយ​មិន​បង្ក​គ្រោះថ្នាក់​អ្វី​ឡើយ​។​

​ការសាកល្បង​នោះ​បាន​ធ្វើឱ្យ​គេ​ស្រឡាំងកាំង​បំផុត ព្រោះ​ការបញ្ចេញ​មី​ស៊ី​ល​នេះ​បាន​ធ្វើ​ឡើងខណៈ​យាន​កំពុង​ហោះ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង​លើសពី ៦.១៧៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​កាសែត Financial Times បាន​និយាយថា អ្នកជំនាញ​ផ្នែក​បច្ចេកវិជ្ជា​របស់​មន្ទី​រ​បញ្ច​កោណ​មិនទាន់​ដឹង​ច្បាស់​ទេ​ថា​តើ​ចិន​អាច​សាកល្បង​មី​ស៊ី​ល​បែប​នេះ​ដោយ​របៀប​ណា​។​

​តួនាទី​ដ៏​មាន​សក្តានុពល​របស់​មី​ស៊ី​ល​ដែល​បាន​បញ្ចេញ​មក​នោះ​គឺ​មិនទាន់​ដឹង​ច្បាស់​ទេ​។ វា​អាច​ត្រូវបាន​ប្រើ​ដើម្បី​កំណត់​គោលដៅ​ឬ​បង្វែរ​ផែន​ការពារ​អាកា​ស​របស់​ប្រទេសស​ត្រូវ​ប្រឆាំងនឹង​ការវាយប្រហារ​លើ​មី​ស៊ី​ល​លឿន​ជាង​សំឡេង​។​

​មិន​ថា​មី​ស៊ី​ល​នោះ​ប្រើ​ក្នុង​គោលបំណង​អ្វី​ទេ វា​គឺ​បាន​គូសបញ្ជាក់​ពី​ល្បឿន​ដែល​ចិន​អាច​យក​មក​ប្រឈម​ផ្នែក​យុទ្ធសាស្ត្រ​ជាមួយ​យោធា​អាម៉េរិក​បាន​។​

​មន្ទីរ​បញ្ច​កោណ​បាន​និយាយថា ចិន​ក៏​បាន​ពន្លឿន​ការផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ផងដែរ ដែល​អាច​ដឹក​ដោយ​មី​ស៊ី​ល​លឿន​ជាង​សំឡេង ក៏ដូចជា​នាវាមុជទឹក​ធម្មតា និង​មី​ស៊ី​ល​ផ្លោង​នៅលើ​ដី​។​

​លោក​ហាយ​ធិន​បាន​ប្រាប់ CBS News កាលពី​សប្តាហ៍​មុន​ថា ការសាកល្បង​មី​ស៊ី​ល​លឿន​ជាង​សំឡេង​កាលពី​ខែកក្កដា និង​ការសាកល្បង​លើក​ទី​ពីរ​នៅ​បី​សប្តាហ៍​ក្រោយ​មក​នោះ “​គួរតែបង្កើត​អារម្មណ៍​គ្រា​អាសន្ន​” នៅក្នុង​សហរដ្ឋ​អាម៉េរិក​៕

​មី​ស៊ី​ល​អាម៉េរិក​បាញ់​សាកល្បង​ពី​រដ្ឋ​ហា​វ៉ៃ​នា​ពេល​កន្លង​ទៅ​