​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ ការប្រកួត​ជម្រុះ​តាម​ពូ​ល​នៃ UEFA Champions League រាត្រី​ថ្ងៃ​អង្គារ​ឈាន​ចូលដល់​ជុំ​ទី​៥ និង​មាន​ការប្រកួត​សរុប ៨ គូ ដោយ​ក្រុម​រំពឹង​ទទួលលទ្ធផល​វិជ្ជ​​មាន​ជាង​គេ​គឺ Bayern, Barcelona និង Atalanta​។ ដោយឡែក Chelsea នឹង​ត្រូវ​ទទួល​ភ្ញៀវ Juventus ដែល​ស៊ី​ខ្លួន​១-០​កាល​ពី​ជំនួប​ជើង​ទី​១ ហើយ Man U ដែល​ទើប​បណ្តេញ​គ្រូបង្វឹក​អាច​នឹង​រងគ្រោះ​ក្រោម​ថ្វី​ជើង​របស់ Villarreal នៅ​រាត្រី​នេះ​។ យើង​នឹង​យក​ពីរ​គូ​មក​វិភាគ​ជូន​ដូចខាងក្រោម ៖

– Villarreal vs Manchester United

​ការ​ប្រជែង​ដណ្តើម​យក​តំណែង​កំពូល​តារាង​ពូ​ល F នឹង​ប្រព្រឹត្តទៅ​នៅ​កីឡដ្ឋាន Estadio de la Ceramica នៅ​ថ្ងៃ​អង្គារ​នេះ​។ ក្រុម​ទាំង​ពីរ​នេះ​មាន​ពិន្ទុ​ស្នើ​គ្នា​នៅលើ​កំពូល​តារាង តែ Man Utd ឈរ​លេខ​១​ដោយសារ​ប្រវត្តិ​ល្អ​ជាង​។​

​ក្រុម​នាវាមុជទឹក​លឿង​នឹង​លេង​ការប្រកួត​នេះ​ពោរពេញ​ដោយ​កំហឹង​ដោយសារ​តែ​របៀប​ដែល​ពួកគេ​ចាញ់​កាល​ជើង​ទីមួយ​។ ជំនួប​ជើង​ទី​មួយ​ពួកគេ​ចាញ់ ២-១ នៅ​ទឹកដី​ក្រុម​បិសាច​ក្រហម ដោយសារ​គ្រាប់​បាល់​នៅ​នាទី ៩០+៥ ។​

​បើ​មិន​ដូច្នេះ​ទេ ម្ចាស់​ជើងឯក Europa League មួយ​នេះ​ច្បាស់​ជា​កំពុង​ឈរ​នៅ​កំពូល​តារាង​បាត់ទៅហើយ​។​

​យ៉ាងណាក៏ដោយ ក្រុម​ទាំង​ពីរ​ចង់​ឈ្នះ​ចាញ់​គ្នា​ម្តងទៀត​ដើម្បី​ឈរ​នៅ​កំពូល​តារាង​នៅ​ថ្ងៃនេះ​។ Villarreal នឹង​សងសឹក​សម្រាប់​ការ​ចាញ់​នៅ​ជើង​ទីមួយ ហើយ United នឹង​សងសឹក​សម្រាប់​បរាជ័យ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ Europa ២០២០-២១​។ ដូច្នេះ​យើង​រំពឹង​មាន​ការប្រកួត​យ៉ាង​ស្វិតស្វាញ ហើយ​នឹង​មាន​គ្រាប់​បាល់​ពី​ក្រុម​ទាំងសងខាង​។​

​ប្រវត្តិ​ជួបគ្នា​

– ជួប​គ្នា​ចុងក្រោយ Man U ឈ្នះ ២-១​។​
– ទោះយ៉ាងណា​ក៏ដោយ Man U បាន​ចាញ់ Villarreal ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ Europa ២០២០-២១ (​ប៉េ​ណា​ល់​ទី​)​។​
– ជាក់ស្តែង​ទៅ ក្រុម​ទាំង​ពីរ​ជួបគ្នា ៦ ដង ដោយ​មាន​លទ្ធផល​ឈ្នះ​ផ្លូវការ​តែ​ម្តង​គត់​។

​ការវិភាគ​

Villarreal បាន​កត់ត្រា​ជ័យជម្នះ ២-០ នៅក្នុង​ផ្ទះ​ក្នុង​ការប្រកួត​ចុង​ក្រោយ​ទល់នឹង Young Boys ក្នុង CL​។

​បន្ទាប់​ពី​ការចាប់ផ្តើម​យឺតយ៉ាវ​ក្នុង​រដូវ​កាល ២០២១-២២ Villarreal ទីបំផុត​អាច​នាំ​យក​ទម្រង់​លេង​ថេរ​មក​វិញ​បាន​ខ្លះៗ ជាពិសេស​នៅក្នុង​ផ្ទះ​។​

​ទោះជា​យ៉ាងណា​ក៏ដោយ តំបន់​ការពារ​របស់​ពួកគេ​នៅតែ​ជា​បញ្ហា​សំខាន់​ដែល​ត្រូវ​ដោះស្រាយ​។​

​ងាក​មក​មើល​បិសាច​ក្រហម​ឯណេះ​វិញ​កំពុង​តែ​រញ៉េរញ៉ៃ​សម្បើម​ណាស់​។ អ្នក​ចាត់ការ​ទូទៅ​របស់​ពួកគេ​ទើបតែ​ត្រូវ​បាន​បណ្តេញ​ចេញ ហើយ​ឥឡូវនេះ​លោក ម៉ៃ​ឃើ​ល ខា​រីក បាន​ចូល​កាន់​តួនាទី​ជា​អ្នក​ចាត់ការ​ទូទៅ​បណ្តោះអាសន្ន​។​

​បិសាច​ក្រហម​របូត​គ្រាប់​បាល់​ក្នុង​តួលេខ​គួរឱ្យ​ព្រួយបារម្ភ​ជាច្រើន​សប្តាហ៍​កន្លងមក ហើយ​ពួកគេ​ក៏​ស្ថិត​ក្រោម​សម្ពាធ​យ៉ាងខ្លាំង​ផងដែរ​។​

​តាម​មធ្យោបាយ​ណាក៏ដោយ យើង​នៅតែ​រំពឹង​មាន​គ្រាប់​បាល់​ច្រើន​នៅ​ថ្ងៃ​អង្គារ​នេះ ខណៈ​ក្រុម​ទាំង​ពីរ​ប្រយុទ្ធ​គ្នា​ដើម្បី​ដណ្តើម​តំណែង​លេខ​១​ក្នុង​ពូ​ល​។​

​លទ្ធផល​ព្យាករណ៍ ៖ Villarreal ឈ្នះ ២-១​។​

– Chelsea vs Juventus

​មុនពេល​ចាប់ផ្តើម​ការប្រកួត​ក្នុង​ពូ​ល H មាន​ការរំពឹង​ទុក​ថា​មាន​តែតោ​ខៀវ​និង​សេះបង្កង់​ប៉ុណ្ណោះ​នឹង​ប្រជែង​តំណែង​កំពូល​ក្នុង​ពូ​ល​។ ហើយ​វា​ពិតជា​ដូច​អ្វី​ដែល​គេ​ព្យាករណ៍​មែន ដែល​ឥឡូវ​គឺមាន​តែ Chelsea និង Juventus ប៉ុណ្ណោះ​ត្រូវ​ប្រជែង​យក​លេខ​១​។​

​ជាមួយនឹង​ការប្រកួត​នៅសល់​តែ​ពីរ​លើក​ទៀត​នឹងត្រូវ​បញ្ចប់ Juventus កំពុង​ឈរ​នៅលើ​កំពូល​តារាង​ជាមួយនឹង​កំណត់ត្រា​ឈ្នះ ១០០ ភាគរយ ខណៈ​កូនក្រុម​របស់​លោក​ថូ​ម៉ាស ធូ​ខល់​ស្ថិតនៅលេខ​រៀង​ទី ២ ដោយ​ឈ្នះ ៣ និង​ចាញ់ ១​។​

​ហើយ​អ្វី​ដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ​គឺ​បរាជ័យ​តែមួយគត់​របស់​តោ​ខៀវ​គឺ​កើតឡើង​ទល់​នឹង​សេះបង្កង់​នៅ​ជើង​ទីមួយ​។​

​ដោយសារ​ប្រវត្តិ​ជួប​គ្នា​គឺជា​អ្នកកំណត់​ជោគវាសនា​ក្រុម​ដែល​មាន​ពិន្ទុ​ស្មើគ្នា​លើ​កំពូល​តារាង Chelsea ថ្ងៃនេះ​ត្រូវតែ​ឈ្នះ​ដាច់​ខាត​ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ ខណៈ Juventus ត្រឹម​ចត​ឡានក្រុង​មុខ​ទី​រង់ចាំ​វាយបក​វិញ មិន​ជា​បញ្ហា​សម្រាប់​ពួកគេ​ទេ​។​

​ទោះ​តាម​មធ្យោបាយ​ណា​ក៏​ដោយ​យើង​រំពឹង​តោ​ខៀវ​វាយលុក​មិន​ដក​ដៃ​ឡើយ​លើ​សេះបង្កង់​នៅ​កីឡដ្ឋាន Stamford Bridge ហើយ Juventus ច្បាស់​ណាស់​គឺ​ការពារ​ទាំង​ស្រុង​ដូច​កាល​ពី​ជើង​ទី​មួយ​យ៉ាង​អ៊ីចឹង ដូច្នេះ​យើង​រំពឹង​គ្រាប់​បាល់​នឹងមាន​តិចតួច​បំផុត​សម្រាប់​គូ​មួយ​នេះ​។​

​ប្រវត្តិ​ជួបគ្នា​

– ជួប​គ្នា​ជើង​ទីមួយ Juventus ឈ្នះ ១-០ នៅក្នុង​ផ្ទះ​។​
– ជួប​គ្នា​ចុងក្រោយ​នៅ​កីឡដ្ឋាន​របស់ Chelsea បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២​។​
– ក្រុម​តោ​ខៀវ​ធ្លាប់​ឈ្នះ​សេះបង្កង់ ១-០ ម្តងគត់​កាលពី​ឆ្នាំ ២០០៩ ។​

​ការវិភាគ​

Chelsea បាន​ទទួល​ជ័យជម្នះ ០-១ នៅ​ទឹកដី Malmo ក្នុង​ប្រកួត​ក្របខ័ណ្ឌ CL ថ្ងៃ​ចុងក្រោយ​។ តោ​ខៀវ​ក៏​កំពុង​លេង​ឡើង​ជើង​ខ្លាំង​សម្បើម​ផងដែរ ដោយ​មិន​ដែល​ចាញ់​សោះ​នៅ​៩​ប្រកួត​ចុងក្រោយ ក្នុងនោះ​ឈ្នះ ៨ និង​ស្មើ​១​។​

​អ្វី​ដែល​គួរឱ្យ​កត់សម្គាល់​គឺ​ពួកគេ​រក្សា​សំណាញ់​ទី​បាន​ស្អាត​ល្អ​ចំនួន ៦ លើក​ក្នុងចំណោម ៨ ប្រកួត​ចុងក្រោយ ដោយ​ក្នុងផ្ទះ​គឺ​រក្សា​សំណាញ់​បាន​ស្អាត ៤ ដង​ទៅ​ហើយ​។​

​ដោយឡែក អតីត​ជើងឯក​អ៊ីតាលី Juventus បាន​កត់ត្រា​ជ័យជម្នះ​ក្នុង​លទ្ធផល ៤-២ នៅ​ទឹកដី​ខ្លួនឯង​ទល់នឹង​ក្រុម Zenit និង​បានឈ្នះ​៥​ដង​ក្នុង​ចំណោម ៧ លើក​ចុងក្រោយ​របស់​ពួកគេ​នៅ​ក្រៅ​ទឹកដី​។​

​ដោយសារ​ក្រុម​ទាំង​ពីរ​ជា​គីឡូ​ធ្ងន់​ដូចគ្នា ប៉ុន្តែ​មួយ​បុក​និង​មួយ​ទប់ យើង​រំពឹង​គ្រាប់​បាល់​មាន​តិចតួច​បំផុត​។

​លទ្ធផល​ព្យាករណ៍ ៖ Chelsea ឈ្នះ ១-០៕

Man U អាច​នឹង​រងគ្រោះ​ក្រោម​ថ្វី​ជើង​របស់ Villarreal នៅ​យប់​នេះ