ប្រែសម្រួល : កញ្ញាដាលីស (ស្ពុតនិក) ៖ ម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យកាល គ្រីស្ទាណូ រ៉ូណាល់ដូ បានកោតសរសើរអតីតគ្រូបង្វឹករបស់ក្រុម Manchester United លោក អូឡេ ហ្គាន់ន័រ សូលឃ្យែ ខណៈរូបគេពណ៌នាសូលឃ្យែថាជា “មនុស្សឆ្នើម” បន្ទាប់ពីក្រុមប្រឹក្សាភិបាលរបស់ក្លិបបានសម្រេចចិត្តបណ្តេញគាត់ចេញកាលពីចុងសប្តាហ៍។
រ៉ូណាល់ដូបានសរសេរនៅលើ Twitter ថា “គាត់គឺជាខ្សែប្រយុទ្ធរបស់ខ្ញុំនៅពេលខ្ញុំមក Old Trafford ដំបូង ហើយគាត់គឺជាគ្រូបង្វឹករបស់ខ្ញុំចាប់តាំងពីខ្ញុំត្រឡប់មក Man United វិញ”។
កំពូលតារាបាល់ទាត់អាយុ ៣៦ ឆ្នាំរូបនេះបាននិយាយបញ្ចប់ប្រយោគរបស់ខ្លួនថា “ប៉ុន្តែអ្វីដែលសំខាន់បំផុត អូឡេគឺជាមនុស្សឆ្នើម។ ខ្ញុំសូមជូនពរឱ្យគាត់ទទួលបានអ្វីដែលល្អបំផុតក្នុងជីវិតរបស់គាត់ដែលបានបម្រុងទុកសម្រាប់គាត់។ សំណាងល្អមិត្តសម្លាញ់! អ្នកសមនឹងទទួលបានជីវិតដ៏ល្អប្រពៃ!”។
ខណៈគ្រូបង្វឹកសញ្ជាតិន័រវែសរូបនេះត្រូវគេរំពឹងថានឹងត្រូវបណ្តេញចេញឆាប់ៗ អ្វីដែលបង្កើនល្បឿននៃការបណ្តេញចេញនេះគឺកើតចេញពីបរាជ័យដ៏អាម៉ាស់របស់ United ក្នុងលទ្ធផល ៤-១ ក្រោមស្នាដៃក្រុម Watford ដែលទើបឡើងថ្មីកាលពីថ្ងៃសៅរ៍។
មុនការចាកចេញ លោកសូលឃ្យែបានរងសម្ពាធធ្ងន់ធ្ងរបំផុតពីអ្នកគាំទ្រដ៏ស្មោះត្រង់របស់ Man Utd ដែលទាមទារខ្លាំងៗឱ្យគាត់ចាកចេញពីតំណែង បន្ទាប់ពីអតីតម្ចាស់ជើងឯក Premier League មួយនេះលេងអន់គ្រប់ការប្រកួតនានា បើទោះបីជារ៉ូណាល់ដូមកដល់ទឹកដី Old Trafford ក៏ដោយ។
បច្ចុប្បន្ន United មាន ១២ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Chelsea នៅ Premier League ។ ខណៈក្រុមតោខៀវមាន ២៩ ពិន្ទុបន្ទាប់ពី ១២ ប្រកួត Man Utd មានតែ ១៧ ពិន្ទុបន្ទាប់ពីប្រកួតក្នុងចំនួនដូចគ្នា ហើយស្ទើរតែបាត់បង់ឱកាសប្រជែងពាន EPL ទាំងស្រុងទៅហើយ។
ខណៈគ្រូបង្វឹក PSG លោក ម៉ូរីស៊ីអូ ផូឆេតទីណូ ជាអ្នកនាំមុខគេក្នុងការក្លាយជាអ្នកចាត់ការបន្ទាប់របស់ United លោក ម៉ៃឃើល ខារីក ត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្តោះអាសន្នសម្រាប់ពេលបច្ចុប្បន្ន៕
រ៉ូណាល់ដូសរសើរសូលឃ្យែជាមនុស្សឆ្នើម ក្រោយ Man U បណ្តេញគាត់ពីតំណែងកាលពីថ្ងៃអាទិត្យ