​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ មែន​នី ប៉ាក​គី​អៅ ដែល​ជា​បេក្ខជន​ប្រធានាធិបតី​ហ្វីលីពីន​ជាទី​រំពឹង​ខ្ពស់​មួយ​រូប​នោះ បាន​និយាយថា គាត់​ជា​មនុស្ស “​ឆោតល្ងង់​” និង​មិន​ចេះ​ច្បាប់​អ្វី​ទាំងអស់ នៅពេល​ដែល​គាត់​សេព​ថ្នាំញៀន​គ្រី​ស្តាល់​នៅ​វ័យ​ជំទង់ ប៉ុន្តែ​គាត់​ប្រកែក​ថា​ជនល្មើស​សព្វថ្ងៃ​នេះ​ដឹងថា​គ្រឿងញៀន​ខុសច្បាប់ ហើយ​គួរតែ​ត្រូវបាន​ផ្តន្ទាទោស​។​

​ប៉ាក​គី​អៅ ដែល​ជា​ជើងឯក​ប្រដាល់​ពិភពលោក​ចូលនិវត្តន៍ គឺជា​អ្នកគាំទ្រ​ដ៏​ល្បី​ម្នាក់​នៃ​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ដ៏​ឃោរឃៅ​របស់​ប្រធានាធិបតី​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត ដែល​បាន​សម្លាប់​មនុស្ស​រាប់ពាន់​នាក់​។​

​ប៉ុន្តែ​នៅ​មុនពេល​ឈាន​ដល់​ការបោះឆ្នោត​ឆ្នាំ ២០២២ ប៉ាក​គី​អៅ​បាន​ព្យាយាម​រក្សា​ខ្លួន​នៅ​ឆ្ងាយ​ពី​លោក​ឌុយ​ទែ​តដែល​កំពុង​ប្រឈមមុ​ខនឹង​ការស៊ើបអង្កេត​អន្តរជាតិ​ចំពោះ​ការបង្ក្រាប​ដ៏​បង្ហូរ​ឈាម​របស់​​គាត់ ហើយ​ឥឡូវនេះ​បាន​និយាយ​ថា​ជនល្មើស​គួរតែមាន “​ឱកាស​ដើម្បី​ការពារ​ខ្លួន​”​។​

​ប៉ាក​គី​អៅ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា “​យើង​ត្រូវតែ​ដាក់គុក​អ្នក​ដែល​កំពុង​ប្រើប្រាស់​គ្រឿងញៀន លក់​គ្រឿងញៀន នោះ​ហើយ​ជា​អ្វី​ដែល​ច្បាប់​ចែង​”​ដោយ​ប្តេជ្ញា​ថា​នឹង​បន្ត​យុទ្ធនា​​ការប្រឆាំង​គ្រឿងញៀន “​តាមរបៀប​ត្រឹមត្រូវ​”​។​

​ប៉ា​គី​អៅ​អាយុ ៤២ ឆ្នាំ ដែល​បច្ចុប្បន្ន​កាន់​កៅអី​ក្នុង​ព្រឹទ្ធសភា និង​ធ្លាប់​បាន​បម្រើការ​ពីរ​អាណត្តិ​នៅ​ក្នុង​សភា​បាន​និយាយថា “​ពី​មុន​ខ្ញុំ​ល្ងង់ នោះ​ហើយ​ជា​មូលហេតុ​ដែល​ខ្ញុំ​ប្រើ​ថ្នាំញៀន​…​ខ្ញុំ​មិន​ចេះ​ច្បាប់​ទេ​។ សព្វថ្ងៃនេះ ប្រជាជន​ដឹង​ហើយ​ថា ច្បាប់​មិន​អនុញ្ញាត​ឱ្យ​មាន​គ្រឿងញៀន​ខុស​ច្បាប់​ទេ​”​។​

​ប៉ាក​គី​អៅ​បានធ្វើឱ្យ​ពិភព​កីឡាប្រដាល់​មាន​ការភ្ញាក់ផ្អើល​ក្នុង​ឆ្នាំ ២០១៦ នៅ​ពេល​គាត់​បាន​សារភាព​ថា​បាន​ប្រើប្រាស់​កញ្ឆា​និង​សាប៊ូ​ដែលជា​ឈ្មោះ​ក្នុងស្រុក​សម្រាប់​ថ្នាំ​គ្រី​ស្តាល់​ដែល​មាន​តម្លៃថោក​​និង​កម្រិត​ខ្លាំង កាលពី​នៅ​ក្មេង​។​

​ត្រូវ​គេ​ស្គាល់​ដោយសារ​ការ​ប្រែក្លាយ​ពី​អ្នកក្រ​ទៅ​ជា​អ្នក​មាន​ដែល​កើតចេញ​ពី​ក្មេង​តាម​ចិញ្ចើមថ្នល់​ទៅជា​អ្នក​ប្រដាល់​ដ៏​ឆ្នើម​បំផុត​គ្រប់​សម័យកាល ប៉ាក​គី​អៅ​បានធ្វើឱ្យ​ការប្រយុទ្ធ​នឹង​គ្រឿងញៀន អំពើពុករលួយ និង​ភាពក្រីក្រ​ជា​ប្រធានបទ​សំខាន់​នៃ​យុទ្ធនាការ​របស់គាត់​ដើម្បី​ស្នង​តំណែង​បន្ត​ពី​លោក​ឌុយ​ទែត​៕

ប៉ាក​គី​អៅ​ថា​ខ្លួន​ល្ងង់​មិន​ចេះ​ច្បាប់​ទេ​ទើប​សេព​គ្រឿងញៀន​កាលពី​នៅ​ក្មេង​