ប្រែសម្រួលៈវាសនា៖កូនប្រុសរបស់អតីតជនផ្តាច់ការហ្វីលីពីន លោក ហ្វែរឌីណង់ ម៉ាកូស ជូនៀ កាលពីថ្ងៃអង្គារបាននិយាយថា លោកបានអោយគេធ្វើតេស្តិ៍រកសារធាតុថ្នាំញៀនកូកាអ៊ីនក្រោយពីប្រធានាធិបតីរ៉ូឌ្រីហ្គោ ឌុយទែត ចោទប្រកាន់ថាមានបេក្ខជនប្រធានាធិបតីម្នាក់ប្រើថ្នាំញៀនខុសច្បាប់។
ហ្វែរឌីណង់ ម៉ាកូស ជូនៀ
ម៉ាកូស ជូនៀ ដែលមានសម្លេងនាំមុខគេក្នុងការស្ទង់មតិសំរាប់ការបោះឆ្នោតនៅឆ្នាំក្រោយ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា លោកបានធ្វើតេស្តិ៍រកថ្នាំញៀនកាលពីថ្ងៃចន្ទ ហើយលទ្ធផលត្រូវបានបញ្ជូនទៅកាន់ទីភ្នាក់ងារប៉ូលិស។
លោកបានបញ្ជាក់ថា លទ្ធផលគឺអវិជ្ជមាននិងថា «ខ្ញុំពិតជាមិនមានអារម្មណ៍ថា ខ្ញុំជាមនុស្សម្នាក់ដែលត្រូវគេនិយាយដៀមដាមទេ។ក្រោយមានការនិយាយដៀមដាមបញ្ឆិតបញ្ឆៀងខ្ញុំត្រូវតែធានាមិត្តរួមជាតិហ្វីលីពីនថា ខ្ញុំប្រឆាំងថ្នាំញៀនខុសច្បាប់។ហេតុនេះហើយ បានជាខ្ញុំអោយគេធ្វើតេស្តិ៍កាលពីម្សិលមិញ»។
លោកឌុយទែត ដែលសង្គ្រាមប្រឆាំងថ្នាំញៀនរបស់លោកបានសម្លាប់មនុស្សរាប់ពាន់នាក់ មិនបានបញ្ជាក់ថាបេក្ខជនប្រើថ្នាំញៀនកូកាអ៊ីននោះជានរណាទេ។
កាលពីថ្ងៃចន្ទលោកឌុយទែតបាននិយាយថា« មានបេក្ខជនម្នាក់ដែលកំពុងប្រើប្រាស់ថ្នាំញៀន…លោកអ្នកអាចសួរក្រុមមនុស្សអ្នកមានដឹងហើយ។ហេតុអ្វីខ្ញុំមិនចាប់ខ្លួនបុគ្គលនេះ ? អ្នកមិនដឹងពួកអ្នកមានទេឬ ពួកគេអាចឡើងលើនាវាកម្សាន្ត ឬជិះយន្តហោះទៅក្នុងអាកាស និងប្រើវានៅទីនោះ»។
ការស្ទង់មតិមួយកាលពីខែតុលាបានបង្ហាញថា លោកម៉ាកូស ជូនៀ ទទួលបានសម្លេងគាំទ្រច្រើនជាងគេគឺ៤៧ភាគរយ និងបន្ទាប់មកអនុប្រធានាធិបតីជិតចេញពីតំណែង និងបេក្ខជនប្រឆាំងម្នាក់ខណៈជើងឯកប្រដាល់ចូលនិវត្តន៍លោក មែននី ប៉ាក់គីអៅ នៅចំណាត់ថ្នាក់ទី៤ ជាមួយនឹងសម្លេងគាំទ្រ៩ភាគរយ។
ប៉ាក់គីអៅ ដែលធ្លាប់ប្រើថ្នាំញៀនកាលពីវ័យជំទង់ បាននិយាយថាលោកគាំទ្រការធ្វើតេស្តិ៍រកសារធាតុញៀនកំណត់ដោយច្បាប់សំរាប់បេក្ខជនណាដែលស្វះស្វែងរកមុខតំណែងក្នុងរដ្ឋាភិបាល៕
ឌុយទែត ធ្លាប់ជាសម្ពន្ធមិត្តរបស់គ្រួសារម៉ាកូស តែថ្មីៗនេះលោកបានរិះគន់លោកម៉ាកូស ជូនៀថា «មេដឹកនាំខ្សោយម្នាក់…ជាប់ជំពាក់នឹងទ្រព្យសម្បត្តិ» តែកូនស្រីរបស់លោកបែរជាឈរឈ្មោះជាអនុប្រធានាធិបតីនិងចងសម្ពន្ធភាពជាមួយម៉ាកូស ដែលធ្វើអោយលោកខកចិត្ត