​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ កាលពី​ថ្ងៃ​អង្គារ​ទី​២៣​វិច្ឆិកា​ចិន​បាន​និយាយថា ភាពចម្រូងចម្រាស​ជុំវិញ​នាង​ផឹង ស័យ កំពុង​ត្រូវបាន​បំភ័ន្ត “​បែប​ព្យាបាទ​”​បន្ទាប់​ពី​តារា​វាយ​តេ​ន្នី​ស​ចិន​​រូបនេះ​បាន​ធ្វើការ​អះអាង​អំពី​ការរំលោភ​ផ្លូវភេទ​ប្រឆាំង​នឹង​អ្នកនយោបាយ​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ប្រទេស​។​

​នាង​ផឹង ដែល​ជា​ម្ចាស់​ជើងឯក Wimbledon និង French Open​មិន​ត្រូវ​បាន​ឃើញ​ជា​សាធារណៈ​អស់​រយៈពេល​ជាង​ពីរ​សប្តាហ៍ បន្ទាប់ពី​នាង​បាន​ធ្វើ​ការចោទប្រកាន់​លើ​អតីត​ឧបនាយករដ្ឋមន្ត្រី ចាង កៅ​លី​។​

​ទោះជា​យ៉ាងណា នាង​ផឹង​អាយុ ៣៥ ឆ្នាំ​បាន​បង្ហាញខ្លួន​ជា​សាធារណៈ​ជា​លើកដំបូង​កាលពី​ចុង​សប្តាហ៍ នៅពេលដែល​គេ​ឃើញ​នាង​ចូលរួម​ក្នុង​ការប្រកួត​កីឡា​វាយ​តេ​ន្នី​សនៅ​ទីក្រុង​ប៉េកាំង​។​

​ក្នុង​ការឆ្លើយតប​ទៅនឹង​សំណួរ​មួយ​ថា​តើ​ករណី​នេះ​ជះ​ផល​ប៉ះពាល់​ដល់​មុខមាត់​អន្តរជាតិ​របស់​ចិន​ដែរ​ឬ​យ៉ាងណា អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក ចា​វ លី​ចៀន​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​​គិតថា​មនុស្ស​មួយចំនួន​គួរតែបញ្ឈប់​ការ​បំភ័ន្ត​ដោយ​ចេតនា​និង​ដោយ​ព្យាបាទ នេះ​មិន​និយាយ​ដល់​ការ​ធ្វើ​នយោបាយ​លើ​បញ្ហា​នេះ​ផង​”​។​

​ទីក្រុង​ប៉េកាំង​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក​រដូវរងា​នៅ​ខែ​កុម្ភៈ​។​

​លោក​ចាវ​បាន​បន្ថែមថា “​ខ្ញុំ​ជឿថា​អ្នក​ទាំងអស់​គ្នា​បាន​ឃើញ​ហើយ​ថា​ថ្មីៗ​នេះ​នាង​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​សាធារណៈ​មួយ​ចំនួន និង​បាន​ជជែក​តាម​វីដេអូ​ជាមួយ​ប្រធាន IOC​លោក ថូ​ម៉ាស បាច់​”​។​

​ការអត្ថាធិប្បាយ​នេះ​គឺជា​ការឆ្លើយតប​ដោយផ្ទាល់​បំផុត​ពី​រដ្ឋាភិបាល​ចិន​ចំពោះ​ករណី​របស់​នាង​ផឹង​។​

​រហូតមក​ទល់​ថ្ងៃ​អង្គារ ទីក្រុង​ប៉េកាំង​បាន​ច្រានចោល​សំណួរ​ជា​ច្រើន​ដង​អំពី​កន្លែង​លាក់​ខ្លួន​និង​សុខុមាលភាព​របស់​នាង ដោយ​ហៅ​សំណួរ​ទាំងនោះ​ថា “​មិនមែន​ជា​បញ្ហា​ការទូត​”​។​

​ភស្តុតាង​នៃ​ការអះអាង​របស់​នាង​ក៏​ត្រូវបាន​ដកចេញ​ពី​អ៊ី​ន​ធឺ​ណេ​តដែល​ត្រួតពិនិត្យ​យ៉ាង​ខ្លាំង​របស់​ចិន​ផង​ដែរ​។​

​សមាគម​កីឡា​វាយ​តេ​ន្នី​ស​នារី (WTA) បាន​គំរាម​បញ្ចប់​កិច្ចសន្យា​កើប​កម្រៃ​ដ៏​ច្រើន​ជាមួយ​ចិន លុះត្រាតែ​ខ្លួន​ទទួលបាន​ការបញ្ជាក់​អំ​ពី​សុវត្ថិភាព​របស់​នាង​ផឹង​៕

នាង​ផឹង ស័យ ចោទប្រកាន់​អតីត​ឧបនាយក​រដ្ឋមន្ត្រី​កៅ​លី​ថា​រំលោភ​នាង