ដោយ​:​បញ្ញា​សាស្ត្រ /​ភ្នំពេញៈ ​តារាចម្រៀង​Cam.pop Galaxy navatra​តន់ ចន្ទ​សី​ម៉ា កាលពី​យប់មិញ​(២៣​ខែវិច្ឆិកា​)​នេះ បានប្រកាស​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​១០០​លាន​រៀល ដើម្បី​លើកកម្ពស់​សិល្បៈ​បុរាណ​ខ្មែរ​។​ការបរិច្ចាគ​នេះ​អាច​និយាយ បាន​ថា​នាង​គឺជា​តារាចម្រៀង​ទី​១​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ហ៊ាន​បរិច្ចាគ​ប្រាក់​ផ្ទាល់ខ្លួន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​បែបនេះ​។​

​ការប្រកាស​បរិច្ចាគ​ថវិកា​យ៉ាងច្រើន​ជួយ​ផ្នែក​សិល្បៈ​បុរាណ​បែបនេះ​បន្ទាប់ពី​នាង​ទើបតែ​ទទួលបាន​ការងារ​ពី​ក្រុមហ៊ុន​ធំៗ​ចំនួន​បី ដោយ​តម្លៃ​ខ្លួន​លើ​ការងារ ការ​ផ្សព្វ ផ្សាយពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន​ទាំង​៣​នោះ តន់ ចន្ទ​សី​ម៉ា ទទួលបាន​រហូតដល់​ទៅ​ជាង ៥០​ម៉ឺន​ដុល្លារ​ឯណោះ​។ នេះ​បើតាម​ការ​បង្ហើប​ពី​លោក​លោក យឹម តា​ស្រង់ អ្នកគ្រប់គ្រង​ទូទៅ​របស់​ផលិតកម្ម Galaxy Navatra​។

​ថវិកា​១០០​លាន​រៀល ដែល​ម្ចាស់​បទ​”Are you ok” បរិច្ចាគ​នោះ នាង​បាន​ផ្ដោត​ទៅ​ជួយ​សិល្បៈ​បូរាណ មានដូចជា ល្ខោនខោល ចាប៉ីដងវែង សមាគម​អ្នកនិពន្ធ​ខ្មែរ ។​ល​។ តាមរយៈ​នាយកដ្ឋាន​ភាពយន្ត នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​

​ជាមួយនិង​ភាពជោគជ័យ​នេះ​ផងដែរ តារាចម្រៀង តន់ ចន្ទ​សី​ម៉ា បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​តែងតែ​គាំទ្រ​រូបនាង ទើប​ធ្វើ​ឲ្យ​នាង​មានឱកាស​ទទួល​បានកា​រងារ​ពី​ក្រុមហ៊ុន​ធំ​បែបនេះ​៕​សរន​-PC