ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ ការប្រកួត​ជម្រុះ​តាម​ពូ​ល​នៃ UEFA Champions League រាត្រី​ថ្ងៃ​ពុធ​នេះ​ឈាន​ចូល​ដល់​ជុំ​ទី​៥ និង​មាន​ការប្រកួត​សរុប ៨ គូ ។ ក្រុម​ជាច្រើន​កំពុង​ត្រូវការ​ពិន្ទុ​ចាំបាច់​ដាច់ខាត ក្នុងនោះ​មានដូចជា PSG, Man City, Club Brugge, Porto, Atl. Madrid, Dortmund, Sporting, Real, Inter និង Sheriff​។ ដោយឡែក ហង្ស​ក្រហម Liverpool បាន​ធានា​កៅអី​វគ្គ ១៦ ក្រុម​ចុងក្រោយ​ដោយ​ស្វ័យប្រវត្តិ​រួចហើយ ក្រោយ​ឈ្នះ​៤​ប្រកួត​និង​មាន​១២​ពិន្ទុ​ពេញ​។ យើង​នឹង​លើកយក​២​គូ​មក​វិភាគ​ជូន​ដូចខាងក្រោម ៖

– Liverpool vs Porto

Porto បច្ចុប្បន្ន​កំពុង​ឈរ​នៅ​លេខ​រៀង​ទី ២ ក្នុង​ពូ​ល B ប៉ុន្តែ​មាន​ត្រឹមតែ​១​ពិន្ទុ​ពី​លើ​ក្រុម​លេខ ៣ Atletico Madrid ប៉ុណ្ណោះ​។ ពួកគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន ៨ គ្រាប់​នៅ​ក្នុង​ជ័យជម្នះ​ក្នុងស្រុក​ចំនួន​២​លើកចុងក្រោយ​លើ Santa Clara និង Feirense ។ យើង​នឹង​មិន​ភ្ញាក់ផ្អើល​ទេ​ដែល​ឃើញ​ពួកគេ​ទទួលបាន​លទ្ធផល​នៅ​ទឹកដី Liverpool ដែល​គ្មានអ្វី​ត្រូវ​លេង ព្រោះ​ជាប់​លេខ​១​ស្វ័យប្រវត្តិ​ទៅហើយ​។​

​ប្រវត្តិ​ជួបគ្នា​

– Liverpool មាន​ប្រវត្តិសាស្ត្រ​ខ្លាំង​លើសលប់​លើ Porto​។​
– ហង្ស​ក្រហម​ឈ្នះ​៦​លើក និង​ស្មើ​៣​លើក​ក្នុងចំណោម​ការជួបគ្នា​៩​លើកចុងក្រោយ​ជាមួយ Porto ។​
– Liverpool រកបាន ៩ គ្រាប់​ក្នុង​ការ​ឈ្នះ ២ លើកចុងក្រោយ​លើ Porto ។​
– Liverpool ស៊ុត​បញ្ចូល​ទី ៤ គ្រាប់ ឬ​ច្រើន​ជាង​នេះ​ក្នុង​ការប្រកួត ៤ ដង​ក្នុង​ចំណោម ៦ ប្រកួត​ចុងក្រោយ​ទល់នឹង Porto ។​

​ការវិភាគ​

Liverpool បាន​រក្សា​ចំណាត់ថ្នាក់​កំពូល​ក្នុង​ពូ​ល B ដោយ​ស្វ័យប្រវត្តិ​រួចហើយ ជាមួយនឹង​កំណត់ត្រា​ដ៏​ល្អឥតខ្ចោះ​គឺ​ឈ្នះ ៤ ដង​ក្នុង ៤ ប្រកួត​ក្នុង​វគ្គ​ជម្រុះ Champions League នេះ​។​

​ដូច្នេះហើយ កូនក្រុម​របស់​លោក​ជួ​ហ្គិន ក្លប់​មាន​៧​ពិន្ទុ​ដាច់​លើ​កំពូល​តារាង​ក្នុង​ពូ​ល ដោយ​នៅ​សល់​តែ​ពីរ​ប្រកួត​ទៀត​ប៉ុណ្ណោះ មានន័យថា​ពួកគេ​គ្មានអ្វី​ត្រូវ​លេង​ក្រៅតែពី​ការ​ទាត់​បង្គ្រប់កិច្ច​នៅ​ជុំ​ទី​៥​និង​៦​ប៉ុណ្ណោះ​។​

​ដោយ​ហេតុ​ដូចនេះ​ហើយ លោក​ក្លប់​អាច​នឹង​ដាក់​កីឡាករ​ជម្រើស​ទី​ពីរ​លេង​ភាគច្រើន ដើម្បី​សម្រាក​ជើង​កីឡាករ​ល្អៗ​សម្រាប់​ការប្រកួត​នៅ EPL​។​

​ក្រុម​ភ្ញៀវ Porto ធ្វើដំណើរ​ទៅ​ទឹកដី Anfield ដោយ​សង្ឃឹមថា​នឹង​ទាញយក​ប្រយោជន៍​ពី Liverpool ដែល​គ្រាន់តែ​មក​លេង​កំដរ​ឆាក​ថ្ងៃនេះ​។ ការ​ឈ្នះ​នៅ​ទី​នេះ​តាម​ទ្រឹស្តី​អាច​ធានា​ឱ្យ​ពួកគេ​នូវ​ចំណាត់ថ្នាក់​លេខ ២ ក្នុងករណី AC Milan ឈ្នះ​នៅ​កីឡដ្ឋាន Estadio Wanda Metropolitano របស់ Atl. Madrid​។​

​លទ្ធផល​ព្យាករណ៍ Porto ឈ្នះ ឬ​ស្មើ​។​

– Manchester City vs PSG

PSG បាន​របូត​ពិន្ទុ​ក្នុង​ពូ​ល A ទល់នឹង RB Leipzig និង Club Brugge ដែល​នេះ​ហើយ​ជា​មូលហេតុ​ពួកគេ​ឈរ​នៅ​លេខ​២​ក្នុង​ពូ​ល​។ ទោះជា​យ៉ាងណា​ក៏ដោយ យើង​មិន​អាច​ទាត់​ចោល​លទ្ធភាព​ដែល​ពួកគេ​អាច​យក​៣​ពិន្ទុ​នៅ​កីឡដ្ឋាន Etihad របស់ Man City នោះឡើយ​។​

​ប្រវត្តិ​ជួបគ្នា​

– ក្រុម​ទាំង​ពីរ​នេះ​ស្គាល់គ្នា​ច្បាស់​ណាស់ ព្រោះ​ពួកគេ​បាន​ជួបគ្នា​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ Champions League រដូវ​កាល​មុន​។​
– Man City បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្រោយ​ឈ្នះ​ទាំង​ក្នុង​និង​ក្រៅ​ផ្ទះ​លើ PSG រដូវ​កាល​មុន​។​
– PSG បាន​សងសឹក​វិញ ២-០ លើ Man City នៅ​ពេល​ពួកគេ​ជួប​គ្នា​កាលពី​ខែកញ្ញា​ក្នុង​ពូ​ល A​។​
– វា​ជា​ការ​ឈ្នះ​លើកដំបូង​របស់ PSG លើ Man City (​ក្នុងជំនួប ៦ លើក​)​។​

​ការវិភាគ​

Man City ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម PSG ក្នុង​ការប្រកួត​ដ៏​គួរ​ឱ្យ​រំភើប​នៅ​យប់​ថ្ងៃ​ពុធ​នៅឯ​កីឡដ្ឋាន Etihad ខណៈ​ក្រុម​ជើង​ខ្លាំង​អឺរ៉ុប​ទាំង​ពីរ​នឹង​ប្រជែង​គ្នា​ដណ្តើម​យក​ចំណាត់ថ្នាក់​កំពូល​ក្នុង​ពូ​ល A ។​

​ទោះបីជា PSG ឈ្នះ ២-០ នៅក្នុង​ការប្រកួត​ជើង​ទី​១​ដែល​លេង​កាលពី​ប៉ុន្មាន​ខែ​មុន​នៅ​កីឡដ្ឋាន Parc Des Princes ក៏ដោយ ក៏​ប៉ុន្តែ​វា​គឺជា Manchester City ទេ ដែល​ឈរ​នៅ​លេខ​១​ក្នុង​ពូ​ល​។​

​ក្រុម​មេឃ​ខៀវ​ឈរ​លេខ​១​ដោយមាន​១​ពិន្ទុ​លើ PSG បន្ទាប់​ពី​ឈ្នះ​២​លើ​ក​ជាប់ៗ​គ្នា​លើ Brugge នៅ​២​ជុំ​ចុងក្រោយ​។​

​កូនក្រុម​របស់លោក ប៉េប ហ្គាឌី​អូ​ឡា រកបាន ១៥ គ្រាប់​ក្នុង​ការប្រកួត​ចំនួន ៣ លើក​ចុង​ក្រោយ​ក្នុង​ពូ​ល ដោយ​ស៊ុត​ចូល​ជា​មធ្យម ៥ គ្រាប់​ក្នុង​មួយ​ប្រកួត​។​

​ពួកគេ​នឹង​ចូល​មក​ការប្រកួត​នេះ​ទាំង​ស្មារតី​ខ្ពស់​បន្ទាប់ពី​ឈ្នះ Everton ៣-០ កាលពី​ចុង​សប្តាហ៍​នៅ​កីឡដ្ឋាន Etihad​។​

PSG ក៏​រកបាន ៣ គ្រាប់​ផង​ដែរ​កាលពី​ចុង​សប្តាហ៍ ដោយ​ឈ្នះ Nantes ៣-១ ត្បិត​កូនក្រុម​របស់លោក ម៉ូ​រី​ស៊ី​អូ ផូ​ឆេត​ទីណូ សល់​គ្នា​តែ ១០ នាក់​នៅលើ​ទីលាន​។​

​ដំណឹង​ល្អ​សម្រាប់​លោកផូ​ឆេត​ទីណូ​គឺថា ទីបំផុត​ម៉េស​ស៊ី​អាច​ស៊ុត​បញ្ចូល​ទី​ក្នុង​លី​ក ដោយ​រក​បាន​គ្រាប់​ដំបូង​របស់​គាត់​នៅ Ligue 1 កាលពី​ថ្ងៃ​សៅរ៍​ទល់នឹង Nantes​។​

​ដោយហេតុ​ថា Man City នឹង​អវត្តមាន​កីឡាករ​សំខាន់ ៣ នាក់​រួមមាន ខេ​វិន ដេ​ប្រ៊ូន​, ជែក គ្រីលី​ស និង ហ្វើ​រ៉ាន់ តូ​រ៉េ​ស ហើយ PSG មាន​កីឡា​ករពេញ​ជើង​ទាំងអស់ យើង​រំពឹង​ក្រុម​ភ្ញៀវ​ទទួលលទ្ធផល​នៅ​ទឹកដី Etihad​។​

​លទ្ធផល​ព្យាករណ៍ PSG ឈ្នះ ឬ​ស្មើ​៕

​ខេ​វិន ដេ​ប្រ៊ូន បន្ត​អវត្តមាន​សម្រាប់ City ក្នុងជំនួប​ទល់នឹង PSG យប់​នេះ