​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ឆា​នែ​ល​ញូ​វ​អេ​ស៊ា​) ៖ ឥណ្ឌូនេស៊ី​គឺជា​ប្រទេស​មួយ​ក្នុងចំណោម​អ្នក​ដាំ​កាហ្វេ​កំពូល​របស់​ពិភពលោក ហើយ​កាក​កាហ្វេ​របស់​ប្រទេស​នេះ​ប្រហែលជា​ត្រូវបាន​ផ្តល់​នូវ​ជីវិត​ថ្មី បន្ទាប់​ពី​អ្នកស្រាវជ្រាវ​បាន​រកឃើញ​ការប្រើប្រាស់​កាក​កាហ្វេ​ជា​សមាសធាតុ​អាគុយ​លី​ចូម​។​

​ក្រុម​ការងារ​មក​ពីសា​កល​វិទ្យាល័យ​ឥណ្ឌូណេស៊ី​នៅ​ទីក្រុង​ដេ​ផុក​បាន​រកឃើញ​វិធី​កែច្នៃ​កាហ្វេ​ទៅ​ជា​ធ្យូង​ក្រាហ្វ៊ីត (Graphite) ដែល​ជា​ទម្រង់​នៃ​កាបូន​ដែល​អាច​បញ្ចូល​ទៅក្នុង​សារធាតុ​​អាណូត​សកម្ម​នៅក្នុង​អាគុយ​រថយន្ត​អគ្គិសនី (EV) ចំ​ពេល​ប្រទេស​នេះ​មាន​មហិច្ឆតា​ចង់​ក្លាយជា​តួអង្គ​សំខាន់​មួយ​នៅក្នុង​ឧស្សាហកម្ម EV ។​

​ពួកគេ​ក៏​បាន​រកឃើញ​វិធី​មួយ​ដើម្បី​បំប្លែង​កាកសំណល់​សំបក​ដូង​ទៅ​ជា​កាបូន​សកម្ម ដែល​អាច​បញ្ចូល​ទៅក្នុង​សារធាតុ​អាណូត​សកម្ម​ផង​ដែរ​។​

​សារធាតុ​អាណូត​សកម្ម​នៅក្នុង​អាគុយ​លី​ចូ​មអាច​ឱ្យ​ចរន្តអគ្គិសនី​ហូរ​តាម​រយៈ​សៀគ្វី​ខាងក្រៅ ខណៈ​អនុញ្ញាតឱ្យ​ស្រូប​យក​អ៊ីយ៉ុង​លី​ចូម​ដែល​បញ្ចេញ​ពី​អេឡិចត្រូ​ត​អវិជ្ជមាន (-) ។​

​ការស្រាវជ្រាវ​របស់​ពួកគេ​ត្រូវបាន​ប្រកាស​ដោយ​សាកល​វិទ្យាល័យ​នៅ​ដើមខែ​នេះ​។​

​ប្រធាន​ក្រុម​ស្រាវជ្រាវ​លោកស្រី​សាស្ត្រាចារ្យ អាន​ណេ ស៊ុល​ហ្វី​យ៉ា ស៊ីយ៉ា​រី​អាល់ បាន​ប្រាប់​សារព័ត៌មាន CNA ថា អាគុយ​លី​ចូម​អ៊ី​យ៉ុង​របស់​ពួកគេ​ត្រូវបាន​ផលិត​ចេញពី​លី​ចូ​មទី​តាន​អុកស៊ីត (LTO) ដែល​ផលិត​ចរន្តអគ្គិសនី​ថេរ​ជាង​បើ​ប្រៀបធៀប​ទៅនឹង​អាគុយ​លី​ចូ​មក្រា​ហ្វ៊ី​ត​ដែល​ប្រើ​ក្នុង​រថយន្ត EV ភាគច្រើន​។​

​លោកស្រី​បាន​និយាយថា LTO មិន​ងាយ​ដាច់​ដំណើរការ​ជាមួយនឹង​សៀគ្វី​ខ្លី​ក្នុងអំឡុងពេល​ដំណើរការ​សាក​អាគុយ​នោះទេ​។ ទោះយ៉ាងណា សមត្ថភាព​របស់ LTO គឺ ១៧៥ mAh/g តិច​ជាង​ក្រាហ្វ៊ីត​ដែល​មាន​កម្លាំង ៣៧២ mAh/g ។​

​លោកស្រី​ស៊ីយ៉ា​រី​អាល់​និយាយថា “​ហើយ​នេះ​ជា​មូលហេតុ​ដែល​យើង​ព្យាយាម​លាយ​សំណប៉ាហាំង​ឬ​ស៊ី​លី​កូន​និង​កាបូន​ដែល​បាន​ធ្វើឱ្យ​សកម្ម​ពី​កាកសំណល់​សំបក​ដូង​ទៅ​ជា​សមាសធាតុ​មួយ​។ យើង​ក៏​កែច្នៃ​កាក​កាហ្វេ​និង​សូម្បី​កាកសំណល់​ប្លា​ស្ទិក​ទៅ​ជា​ក្រាហ្វ៊ីន​ដើម្បី​លាយ​ជាមួយ​នឹង LTO ផងដែរ​”​។​

​សហសេវិក​របស់​លោក​ស្រី គឺ​លោក បា​ម​បា​ង ព្រី​យ៉ូណូ បាន​និយាយថា លទ្ធផល​នេះ​បានធ្វើឱ្យ​ទម្ងន់​អាគុយ​ស្រាល​ជាង​មុន និង​ពេលវេលា​សាក​ភ្លើង​ក៏​លឿន​ជាង​មុន​ដែរ បើ​ប្រៀបធៀប​ទៅ​នឹង​អាគុយ​លី​ចូ​មក្រា​ហ្វ៊ី​ត​។​

​ទម្ងន់​របស់​អាគុយ LTO អាច​ស្រាល​ជាង​អាគុយ​ទូទៅ ២០០​គីឡូក្រាម ដែល​ជា​ធម្មតា​ត្រូវបាន​ប្រើប្រាស់​ក្នុង​រថយន្ត EV សព្វថ្ងៃនេះ​។ អាគុយ​សព្វថ្ងៃ​មាន​ទម្ងន់​ប្រហែល ៥០០ គីឡូក្រាម​។​

​នៅពេល​ដែល​អាគុយ​កាន់តែ​ស្រាល រថយន្ត​អាច​បើក​បរ​បាន​កាន់តែ​ឆ្ងាយ​។​

​អាគុយ​របស់​ក្រុម​អ្នកស្រាវជ្រាវ​ឥណ្ឌូនេស៊ី​ត្រូវការ​ពេល​៣០​នាទី​ដើម្បី​សាក​ភ្លើង​ពេញ​។ អាគុយ EV ភាគច្រើន​ត្រូវការ​ពេល​២​ម៉ោង​ជាង​ដើម្បី​សាក​ភ្លើង​ពេញ​។

​ឥឡូវ​នេះ​ក្រុម​អ្នកស្រាវជ្រាវ​កំពុង​ព្យាយាម​បន្ថយ​ពេល​សាក​អាគុយ​ឱ្យ​ពេញ​ត្រឹម ១៥ នាទី​ប៉ុណ្ណោះ​៕

​លោក បា​ម​បា​ង ព្រី​យ៉ូណូ និង​លោកស្រី អាន​ណេ ស៊ុល​ហ្វី​យ៉ា ស៊ីយ៉ា​រី​អាល់ បាន​កំពុង​ផលិត​អាគុយ​លី​ចូម​តាំងពី​ឆ្នាំ​២០១៨