​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ក្បួន​ដង្ហែ​អាពាហ៍ពិពាហ៍​បែប​ប្រពៃណី​របស់​ជនជាតិ​ឥណ្ឌា​ដែល​មាន​តន្ត្រី ការបាញ់​កាំជ្រួច ការ​រាំ និង​ក្រុម​ផ្លុំត្រែ​ដែល​ស្លៀកពាក់​​ឈុត​ភ្លឺ​ចែង​ចាំង ត្រូវ​បាន​ស្តីបន្ទោស​ចំពោះ​ការងាប់មាន់​ចំនួន ៦៣ ក្បាល​។​

​លោក រ៉ា​ន់​ជី​ត កុមារ ផា​រី​ដា បាន​និយាយថា ពិធី​មង្គលការ​នេះ​បាន​បង្ក “​សំឡេង​ថ្លង់​បែក​ត្រចៀក​”​នៅពេល​ដែល​វា​ឆ្លងកាត់​កសិដ្ឋាន​ចិញ្ចឹម​មាន់​របស់​គាត់​នៅ​រដ្ឋ​​អូ​ឌី​សា​ភាគ​ខាងកើត​នៅ​ពាក់កណ្តាល​អធ្រាត្រ​ថ្ងៃ​អាទិត្យ​ទី​២១ វិច្ឆិកា​។​

​លោក​ផា​រី​ដា​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា “​ខ្ញុំ​បាន​សុំ​ឱ្យ​ក្រុម​តន្ត្រី​បន្ថយ​សំឡេង ដោយសារ​តន្ត្រី​មាន​សំឡេង​រំខាន​ខ្លាំងពេក និង​ធ្វើឱ្យមាន់​ភ័យខ្លាច​។ ប៉ុន្តែ​ពួកគេ​មិន​ស្តាប់ ហើយ​មិត្តភក្តិ​របស់​កូនកំលោះ​បាន​ស្រែក​ជំ​ទាល​ដាក់​ខ្ញុំ​ទៀត​”​។​

​គ្រូ​ពេទ្យសត្វ​បាន​ប្រាប់​លោក​ផា​រី​ដា​ថា​មាន់បាន​ងាប់​ដោយសារ​គាំងបេះដូង ហើយ​លោក​បាន​ដាក់ពាក្យ​ប្តឹង​ទៅ​ប៉ូលិស បន្ទាប់​ពី​អ្នក​រៀបចំ​ពិធី​មង្គលការ​មិន​ព្រម​សង​សំណង​។​

​សាស្ត្រាចារ្យ​សត្វវិទ្យា លោក សូ​រី​យ៉ា​កាន់តា មី​ស្រា ដែល​ជា​អ្នកនិពន្ធ​សៀវភៅ​ស្តីពី​អាកប្បកិរិយា​សត្វ បាន​ប្រាប់​កាសែត Hindustan Times ថា សំឡេង​ខ្លាំង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម​បេះដូង​ចំពោះ​សត្វ​ស្លាប​។​

​លោក​មី​ស្រា​និយាយថា “​មាន់​ត្រូវបាន​គ្រប់គ្រង​ដោយ​សង្វាក់​នៃ​សកម្មភាព​ប្រចាំថ្ងៃ ដែល​គ្រប់គ្រង​ដោយ​វដ្ត​ពន្លឺ​ធម្មជាតិ​/​ភាព​ងងឹត​នៃ​ថ្ងៃ​និង​យប់​។ ភាព​រំជើបរំជួល​ឬ​ភាព​តានតឹង​ដោយសារ​តន្ត្រី​ខ្លាំងៗ​អាច​រំខាន​ដល់​នាឡិកា​ជីវសាស្ត្រ​របស់​ពួកវា​”៕

​មាន់​៦៣​ក្បាល​ងាប់​គាំងបេះដូង​ដោយសារ​តន្ត្រី​ឮ​ខ្លាំងពេក