ដោយៈ យោធិន​-​ជា សីហៈ / បាត់ដំបងៈ ក្នុង​រយៈកាល ១៥ ឆ្នាំ (២០០៦-២០២១) ក្នុង​កិច្ច​ប្រតិបត្តិ ការ រុករក និង​បោសសំអាត​មីន ដោយ​ភាពម្ចាស់ការ និង​រួម​កិច្ច សហការ ជាមួយ បណ្តា​ប្រតិបត្តិ​ករ​ជាតិ និង​អន្តរជាតិ ផង​នោះ កម្ពុជា​សម្រេចបាន លទ្ធផល ក្នុងការ​រំដោះ​ផ្ទៃដី ទំហំ​ជាង ២៧៥ គីឡូម៉ែត្រ​ក្រឡា ដែលជា​អតីត​ចំការមីន បន្សល់ទុក ក្នុងអំឡុង​សង្គ្រាមស៊ីវិល ព្រមទាំង​កំទេចចោល នូវ​កាកសំណល់​សង្គ្រាម ជាច្រើន​តោន​ផងដែរ​។​

​លោក ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន (CMAA) បានប្រកាស​ពី​លទ្ធ ផល ក្នុង​កិច្ចប្រតិបត្តិការ បោសសំអាត រយៈកាល ១៥ ឆ្នាំ កន្លងទៅនេះ ក្នុងឱកាស ដឹកនាំ ម្ចាស់ ជំនួយ ចុះ​ពិនិត្យ​លទ្ធផល បោសសម្អាត​មីន និង​ជួប​សំណេះសំណាល ជាមួយ ប្រជាពលរដ្ឋ ជា​អ្នកទទួលផល នា​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១ ស្ថិតក្នុង ភូមិ​គោក​រកា ឃុំ​ដូន​បា ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ក្រោម​ជំនួយ​មនុស្សធម៌ នៃ​គម្រោង​បោសសម្អាត មីន ដើម្បី​លទ្ធផល ដំណាក់កាល​ទី​៤​។​

​ប្រភព​ពត៌មាន​ពី​អាជ្ញាធរ​មីន បានបញ្ជាក់​ថាៈ ដំណើរ​ទស្សនកិច្ច​នេះ មានការ​អញ្ជើញ ចូលរួម ពី លោក សុខ លូ អភិបាល នៃ​គណៈ​អភិបាល ខេត្តបាត់ដំបង លោកស្រី Sonali Dayaratne តំណាង UNDP ប្រចាំ​នៅ​កម្ពុជា លោក Andreas Zurbrugg តំណាង​ស្ថានទូត​អូស្ត្រាលី ប្រចាំ​កម្ពុជា និង​លោក ហេង រតនា អគ្គនាយក នៃ​មជ្ឈមណ្ឌល សកម្មភាព​កំចាត់មីន​កម្ពុជា​។​

​លោក​ទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើង​ថាៈ ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ ដ៏​ប៉ិនប្រសព្វ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន អាជ្ញាធរ​មីន បាន​នាំមក​នូវ​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ លើ​គ្រប់​វិស័យ ព្រមទាំង បានប្រែក្លាយ​តំបន់​អតីត​សមរភូមិ មាន​មីន​ទៅជា​តំបន់ ដែលមាន​សុខ​សុវត្ថិភាព ក្នុងនោះ ការងារ​បោសសម្អាត​មីន មនុស្សធម៌ ត្រូវបាន​ចាត់ ទុកជា​កម្លាំងចលករ​មួយ យ៉ាងសំខាន់ នាំមក​នូវ​កិច្ច​គាំពារ​សន្តិភាព និង​គាំទ្រ​ដល់ ការអភិវឌ្ឍ ជូន​ប្រជាជន និង​ប្រទេសជាតិ​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថាៈ ក្នុងនាម រាជរដ្ឋាភិបាល​កម្ពុជា សូម​ថ្លែង អំណរគុណ យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ រដ្ឋាភិបាល និង​ប្រជាជន នៃ​ប្រទេស​អូស្ត្រាលី សាធារណរដ្ឋ​កូរ៉េ នូ​វែ​ល​សេ​ឡង់ និង​អង្គការ UNDP ដែល​បាន ចូលរួម​គាំទ្រ ដល់​ការងារ សកម្មភាព​មីន មនុស្សធម៌ នៅ​កម្ពុជា តាមរយៈ​ការអនុវត្ត​គម្រោង​បោស សម្អាត​មីន ដើម្បី​លទ្ធផល ដើម្បី ចូលរួម​លើកកម្ពស់ ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ មូលដ្ឋាន ការជួយ​សង្គ្រោះ​ជីវិត ប្រជាជន និង​ផ្តល់​ដី​មាន​សុវត្ថិភាព​។​

​ក្នុង​ពិធី​សំណេះសំណាល រវាង​ប្រជាពលរដ្ឋ អ្នកទទួលផល និង​ម្ចាស់ជំនួយ​លោក​ទេស រដ្ឋមន្ត្រី លី ធុជ បាន​ថ្លែង​បញ្ជាក់ថាៈ ចាប់ពី​ឆ្នាំ ២០០៦ ដល់​ខែកញ្ញា ឆ្នាំ ២០២១ គម្រោង​បោសសម្អាត​មីន សម្រេចបាន​លទ្ធផល បោសសម្អាត​ផ្ទៃដី ប្រមាណ ២៧៥ គីឡូម៉ែត្រ​ក្រឡា សម្រាប់​យកមកប្រើ​ប្រាស់ ដើម្បី​បង្កបង្កើនផល និង​សាងសង់ លំនៅឋាន ដោយ​សហគមន៍ ដែល​រង​ផលប៉ះពាល់ ព្រមទាំង​បាន​រកឃើញ និង​កំទេច​គ្រាប់ មីន​ប្រឆាំង មនុស្ស ចំនួន ៧១.៨៤៩ គ្រាប់ មីន​ប្រឆាំង​រថក្រោះ ចំនួន ១.៥១៥ គ្រាប់ សំណល់​ជាតិ​ផ្ទុះ ពី​សង្គ្រាម ចំនួន ២១៤.៥៤២ និង​បានផ្តល់ អត្ថប្រយោជន៍ ដល់​ប្រជាជន នៅ​ជនបទ ចំនួន ១.០៧៨.០២២ នាក់ ដែល​ក្នុងនោះ ៥០% គឺជា​អ្នកទទួលផល ជា​ស្ត្រី​៕/V​-PC