ដោយៈ ប​.​ខុន / ភ្នំពេញៈ ការនេសាទ​ត្រី នៅតាម​គន្លង​ដាយ ក្នុង​ដង​ទន្លេសាប ពេញ​មួយ ខ្នើត កន្លងទៅនេះ ត្រូវបាន​គេ​ប្រាប់​ឱ្យដឹងថា ចាប់​ត្រី​មិន​បានទេ ដោយសារ​មាន​ភ្លៀង ធ្លាក់​រាល់ថ្ងៃ និង​មាន​កំប្លោក អណ្តែត​ចុះមក​ច្រើន មិនអាច​បើក​មាត់​ដាយ​បាន ព្រោះ​ខ្លាច​ដាច់​ដាយ​។​

​លោក ងិន ឌី នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល រាជធានី​ភ្នំពេញ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១​ថាៈ ការចាប់​ត្រី តាម​គន្លង​ដាយ នៅក្នុង​ខ្នើត​កន្លង ទៅនេះ មិនទាន់​ឃើញ​មាន​ចាប់បាន គួរកត់សម្គាល់​នៅឡើយ​ទេ ដោយសារ​មាន​ភ្លៀង ធ្លាក់​រាល់ថ្ងៃ ត្រី​មិនទាន់​ចេញពី​តាម​ព្រែក​។​

​លោក ម៉ូត ហូ​សាន់ អ្នកធ្វើអាជីវកម្ម​នេសាទ តាម​គន្លង​ដាយ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា​ថាៈ ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ លែងមាន ភ្លៀង ហើយ តែ​វា​ចូលដល់​ខែរនោច​ត្រី​មិន​ចុះ គឺ​ចុះ​តែ​សំរាម និង​កំប្លោក ដូច​ក្នុង​ខែ​មុន​ដែរ​។​

​អ្នកនេសាទ ដែល​បាន​ជួល​គន្លង​ដាយ​ត្រី ពី​រដ្ឋបាល​ជលផល​នេះ បាន​ត្អូញត្អែរថាៈ ត្រី​ឆ្នាំនេះ កាន់តែ​ខ្សត់​ជាង​ឆ្នាំមុន ទៅទៀត មួយ​យប់​ចាប់​ត្រី​លក់ មិនបាន ២០ ម៉ឺន​រៀល​ទេ ត្រី​ដែល ចាប់បាន មានតែ​ត្រី​ច្រកែង និង​កូន​ត្រី​ល្អិតល្អោច​។ រដូវ​ចាប់​ត្រី​ធំ នៅសល់​មួយ​ខ្នើត​ទៀត គឺ​អស់ហើយ នៅសល់តែ​ត្រី សម្រាប់ធ្វើ​ប្រហុក​ផ្អក ដែល​មិនដឹងថា មាន​កម្រិតណា​ទេ នៅពេល​ខាងមុខ​។​

​លោក ម៉ូត ហូ​សាន់ បានបញ្ជាក់​ថាៈ សំរាម និង​កំប្លោក ពេលនេះ នៅតែមាន​ច្រើន មិនសូវ មាន​អ្នកណា​ហ៊ាន បើក​មាត់​ដាយ​ទេ ព្រោះ​ខ្លាច​ដាច់ បើ​នៅតែមាន​កំប្លោក​មក ច្រើន​បែបនេះ ការចាប់​ត្រី សម្រាប់ធ្វើ​ប្រហុក​ផ្អក នៅពេល​ខាងមុខ ជួប​ការលំបាក​ខ្លាំង​ហើយ​៕/V​