ដោយៈ អង្គា​រ៍​ហេង / កណ្តាលៈ រដ្ឋបាល​ខេត្តកណ្តាល នៅ​យប់​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១ បានចេញ​សេចក្តីជូនដំណឹង ដោយ​បញ្ជាក់ថាៈ សូម​ជម្រាប​ជូនដំណឹង ដល់​សាធារណជន ពិសេស​បងប្អូន ប្រជាពលរដ្ឋ​រស់ នៅក្នុង​ភូមិ​ពាម ឃុំ​រកា​កោង​ទី​១ ស្រុក​មុខកំពូល ខេត្តកណ្តាល មេត្តា​ជ្រាបថា គិត​ត្រឹម​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១ ស្ថានភាព​ការបាក់​ច្រាំងទន្លេ នៅតាម​បណ្ដោយ​ផ្លូវ​លេខ ៧០A ចំណុច PK3500 ស្ថិតនៅ​ភូមិ​ពាម ឃុំ​រកា​កោង​ទី​១ ស្រុក​មុខកំពូល បាន​បាក់​ដល់​គំនូស​ពណ៌​លឿង លើ​ខ្នង​កៅស៊ូ មាន​បណ្ដោយ​ប្រវែង ប្រមាណ ៣០ ម៉ែត្រ ទទឹង ១០ ម៉ែត្រ​។​

​ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់ ជាយថាហេតុ រដ្ឋបាល​ខេត្តកណ្តាល នឹងធ្វើ​ការបិទ កំណាត់ ផ្លូវ​លេខ ៧០A ពី​ចំណុច​ផ្សារ​រកា​កោង ទៅដល់​គល់ស្ពាន​មុខ​វត្ត​ជើង ក្នុងភូមិ​ពាម ឃុំ​រកា​កោង​ទី​១ ស្រុក​មុខកំពូល ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃ​ជូន ដំណឹង​នេះ រហូតដល់ ការងារ​ស្ថាបនា​ច្រាំងទន្លេ និង​ជួសជុល​ផ្លូវ ខាងលើ រួចរាល់​។​

​អាស្រ័យហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រស់នៅ និង​ធ្វើដំណើរ ឆ្លងកាត់ ទីតាំង​ខាងលើ មេត្តា​ជ្រាប យោគយល់ អធ្យាស្រ័យ ដោយ​ធ្វើការ​ពង្វាង​ចរាចរ​ពី​គល់ស្ពាន​មុខ​វត្ត​ជើង ទៅតាម​ផ្លូវ លេខ​២៦០ ឡើងទៅ​តាមផ្លូវ​លោកតា​កូ​ហេ ក្នុងភូមិ​ព្រែក​ផ្តៅ ឃុំ​រកា​កោង​ទី​១ ស្រុក​មុខកំពូល ខេត្តកណ្តាល​។​

​ទទួលបាន​សេចក្តីជូនដំណឹង​នេះ ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បញ្ជាការដ្ឋាន កង​រាជ​អាវុធ ហត្ថ​ខេត្តកណ្តាល មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកណ្ដាល រដ្ឋបាល​ស្រុក មុខកំពូល និង​អាជ្ញាធរ​ពាក់ព័ន្ធ គ្រប់លំដាប់​ថ្នាក់ ត្រូវធ្វើ​ការផ្សព្វផ្សាយ ឱ្យបាន​ទូលំទូលាយ ខិតខំ​សម្រួល​ចរាចរណ៍ ជូន​ប្រជាពលរដ្ឋ យកចិត្តទុកដាក់ លើ​ការងារ សណ្ដាប់ធ្នាប់ សាធារណៈ និង​ចាត់តាំង​អនុវត្ត ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​៕/V​-PC