​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ ការប្រកួត​ជម្រុះ​តាម​ពូ​ល​នៃ​ក្របខ័ណ្ឌ UEFA Europa League និង UEFA Conference League នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ​ឈាន​ចូលដល់​ជុំ​ទី​៥ និង​មាន​សរុប ៣១ គូ ដោយ​ក្រុម​រំពឹង​ឈ្នះ​ខ្ពស់​យប់​នេះ​រួមមាន Lazio, West Ham, Lyon, Leicester, PSV, Copenhagen, Spurs, Bodo និង Roma​។

​យើង​នឹង​លើកយក​ពីរ​គូ​នៅ​ក្របខ័ណ្ឌ EL មក​វិភាគ គឺ​រវាង Rapid Wien vs West Ham និង Leicester vs Legia ខណៈ​ក្រុម​អង់គ្លេស​ទាំងពីរ​នេះ​នឹង​ឈរ​នៅ​កំពូល​តារាង​ប្រចាំ​ពូ​ល​រៀងៗ​ខ្លួន ប្រសិនបើ​ឈ្នះ​យប់​នេះ​។

– Rapid Wien vs West Ham

West Ham មិន​ត្រឹមតែ​បំបាក់​ក្រុម​នានា​នៅក្នុង Premier League ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​ថែម​ទាំង​ឈរ​នៅលើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Europa ទៀតផង ជាមួយនឹង​កំណត់ត្រា​មិន​ដែល​ចាញ់​នោះទេ​។​

​ពួកគេ​មាន​៤​ពិន្ទុ​នាំមុខ​ក្រុម​លេខ ២ Dinamo ហើយ​ពួកគេ​អាច​បញ្ជាក់​ខ្លួនគេ​ជា​ជ័យលាភី​ក្នុង​ពូ​ល H ជាមួយនឹង​ការ​ឈ្នះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​ក្រុម​ញញួរ​ធំ​នឹង​ប្រឈម​មុខ​នឹង​ក្រុម​បាត​តារាង Rapid Wien ដែល​ជា​ក្រុម​អន់​បំផុត​នៅក្នុង​ពូ​ល ដូច្នេះ​ក្រុម​អង់គ្លេស​ពិតជា​មាន​សង្ឃឹម​ឈ្នះ​ខ្ពស់​ណាស់​នៅ​ថ្ងៃនេះ​។​

​ប្រវត្តិ​ជួបគ្នា​

– ជួប​គ្នា​នៅ​ជើង​ទីមួយ​គឺ​ញញួរ​ធំ​ឈ្នះ ២-០​។​
– Rapid Wien មិន​បាន​ឈ្នះ​សោះ​ក្នុង​ការជួប​គ្នា​ចំនួន ៨ លើក​ក្នុងចំណោម ១១ លើកចុងក្រោយ​ទល់នឹង​ក្រុម​មក​ពី EPL ផ្សេងទៀត​។​
– ពួកគេ​របូត​គ្រាប់​បាល់​សរុប​ចំនួន ៨ គ្រាប់​ពី​ការជួបគ្នា ៣ លើកចុងក្រោយ​ទល់នឹង​ក្រុម​អង់គ្លេស​ផ្សេងទៀត​។​
– វា​មាន​រយៈពេល ១២ ឆ្នាំ​ហើយ​ចាប់តាំងពី​ពួកគេ​បានឈ្នះ​លើ​គូប្រកួត​មកពី EPL ហើយ​វា​បាន​កើតឡើង​ទល់​នឹង​ក្រុម Aston Villa ។​

​ការវិភាគ​

Rapid Wien បាន​ចាញ់ ៣-១ ក្រៅ​ផ្ទះ​ក្នុង​ការប្រកួត​ចុងក្រោយ​នៃ Europa ទល់នឹង Dinamo ។ ពួកគេ​ក៏​បាន​ចាញ់​២​លើក​ក្នុងចំណោម​ការប្រកួត​៣​លើក​ចុងក្រោយ​របស់​ពួកគេ​ផងដែរ ហើយ​ពួកគេ​មិន​ស្គាល់​ឈ្នះ​សោះ​ក្នុង​ការប្រកួត ១១ លើក​ក្នុងចំណោម ១៦ ប្រកួត​កន្លងមក​។​

​ពួកគេ​បាន​របូត​៣​គ្រាប់​ឡើងទៅ​ក្នុង​ការប្រកួត​ចំនួន​២​លើក​ក្នុងចំណោម​៣​លើក​ចុងក្រោយ​របស់​ពួកគេ ហើយ​ពួកគេ​បាន​រក្សា​សំណាញ់​ទី​ស្អាត​បាន​ម្តង​គត់​នៅ​ក្នុងផ្ទះ​តាំងពី​ខែ​សីហា​។​

​ញញួរ​ធំ West Ham បាន​កត់ត្រា​លទ្ធផល​ស្មើ ២-២ នៅ​ក្រៅ​ទឹកដី​ទល់នឹង Genk ក្នុង​ការប្រកួត Europa ចុងក្រោយ​របស់​ពួកគេ​។ ពួកគេ​ចាញ់​ត្រឹមតែ ៣ ដង​ប៉ុណ្ណោះ​ក្នុង​រដូវ​កាល​នេះ ហើយ​បរាជ័យ​២​លើកចុងក្រោយ​បាន​កើតឡើង​ជាមួយនឹង​ក្រុម Manchester United និង Wolves នៅ​ក្របខ័ណ្ឌ EPL ។​

​ញញួរ​ធំ​មិន​ដែល​ចាញ់​សោះ​ក្នុង ១៧ លើក​ក្នុងចំណោម​១៨​ប្រកួត​នៅក្រៅ​ទឹកដី ជាពិសេស​ឈ្នះ ៤ លើ​ក​ជាប់ៗ​គ្នា​ចុងក្រោយ​នេះ​នៅ​ក្រៅ​ទឹកដី​។​

​ដោយ​គិត​ពី​ការសង្កេត​ទាំងនេះ រំពឹងថា West Ham ដែល​មក​ពី​លី​ក​ល្អ​បំផុត​នៅ​អឺរ៉ុប នឹង​ឈ្នះ​ការប្រកួត​នេះ ដោយ​លទ្ធផល​ព្យាករណ៍ ២-០​។​

– Leicester vs Legia

Legia នឹង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អង់គ្លេស ខណៈ​ពួកគេ​ត្រូវ​ជួប​ក្រុម Leicester City នៅ​កីឡដ្ឋាន King Power ក្នុង​ការប្រកួត​ជុំ​ទី ៥ នៃ​ក្របខ័ណ្ឌ Europa League ។​

​ការ​ឈ្នះ​ថ្ងៃនេះ​នឹង​ធ្វើឱ្យ​កញ្ជ្រោង​ខៀវ​ឈរ​នៅ​លេខ​១​ក្នុង​ពូ​ល C ក្រោយ Napoli ចាញ់ Spartak Moscow យប់មិញ​។

​ប្រវត្តិ​ជួបគ្នា​

​ក្រុម​ទាំង​ពីរ​ទើប​ជួប​គ្នា​លើក​ដំបូង​ប៉ុណ្ណោះ​កាលពី​ខែ​កញ្ញា​ដោយ​ម្ចាស់ផ្ទះ Warsaw ឈ្នះ ១-០ ។ នោះ​ជា​លើក​ទី​មួយ​ដែល Leicester ប៉ះ​ជាមួយ​ក្លិប​ប៉ូឡូញ ខណៈ Legia ធ្លាប់​ឈ្នះ​២​ដង និង​ចាញ់​ម្តង​ពេល​ប៉ះ​ក្លិប​អង់គ្លេស​។​

​ការវិភាគ​

​កញ្ជ្រោង​ខៀវ​បាន​ប្រកួត​ស្មើ​ជាមួយ Napoli និង Spartak Moscow នៅក្នុង​ផ្ទះ​ខ្លួន​ឯង ប៉ុន្តែ​បាន​ឈ្នះ Moscow វិញ​នៅ​ក្រៅ​ទឹកដី ៣-៤​។ កញ្ជ្រោង​ខៀវ​កំពុង​ឈរ​នៅ​បាត​តារាង​ពូ​ល C ដោយមាន ៥ ពិន្ទុ ប៉ុន្តែ​បើ​ឈ្នះ​ថ្ងៃនេះ​ពួកគេ​នឹង​ឡើង​មក​លេខ​១ ព្រោះ​ទាំង Napoli និង Spartak Moscow មាន ៧ ពិន្ទុ​ដូចគ្នា​។​

​ការ​ចាញ់ ២ ប្រកួត​ជាប់ៗ​គ្នា​ក្នុង​ការប្រកួត​ក្នុងផ្ទះ​ក្នុង​លី​ក​ទល់នឹង Chelsea និង Arsenal បានធ្វើឱ្យ Leicester ឈរ​នៅ​លេខ ១២ ក្នុង​លី​ក​ដោយមាន ១៥ ពិន្ទុ នាំមុខ​ក្រុម Burnley ៦ ពិន្ទុ​នៅក្នុង​តំបន់​កាត់ចោល​។​

Legia បានចាប់ផ្តើម​រដូវ​កាល​ជាមួយ​នឹង​ជ័យជម្នះ ១-០ លើ Moscow ទាំង​ក្នុង​និង​ក្រៅ​ទឹកដី​។ តាំងពី​ពេលនោះ​មក ពួកគេ​បាន​ចាញ់ Napoli ៣ គ្រាប់​ទាំង​ក្នុង​និង​ក្រៅ​ដី​វិញ​។ Legia នឹងមាន ៩ ពិន្ទុ​ឈរលើ​កំពូល​តារាង ប្រសិនបើ​ឈ្នះ Leicester ថ្ងៃនេះ​។​

Legia បានឈ្នះ​ជើងឯក​លី​ក​កំពូល​ប៉ូឡូញ​២​លើ​ក​ជាប់ៗ​គ្នា​កាលពី​រដូវ​កាល​មុន​។ ប៉ុន្តែ​ឥឡូវនេះ​ពួកគេ​កំពុង​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​២​រាប់​ពី​បាត​តារាង​។​

​ដោយហេតុ​ថា​នេះ​ជា​ការប្រកួត​នៅ​ទឹកដី​របស់ Leicester ហើយ Legia កំពុង​ធ្លាក់​ជើង​ខ្លាំង យើង​រំពឹង កញ្ជ្រោង​ខៀវ​សងសឹក​វិញ​បាន​សម្រេច​ដើម្បី​ឈរ​លើ​កំពូល​តារាង​ពូ​ល C​។​

​លទ្ធផល​ព្យាករណ៍ Leicester ឈ្នះ ៣-១៕

Leicester រំពឹង​ឈ្នះ Legia ឈរ​នៅ​លេខ​១​ក្នុង​ពូ​ល C​