ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០ ២១នេះនឹងអញ្ជើញដឹកនាំប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣(ASEM13) ដែលនឹងត្រូវធ្វើឡើងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកាតាមរយៈប្រព័ន្ធវីដេអូពីវិមានសនិ្តភាព រាជធានី ភ្នំពេញ។

យោងតាមក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថាកិច្ចប្រជុំដ៏មានសារៈសំខាន់សម្រាប់ប្រទេសតំបន់អាស៊ីនិងអឺរ៉ុបនេះនឹងមានការចូលរួមពីប្រមុខ រដ្ឋ/ប្រមុខរដ្ឋាភិបាលនិងអ្នក តំណាងជាន់ខ្ពស់របស់ប្រទេសដៃគូ ASEM ទាំង៥១ មកពីអាស៊ីនិងអឺរ៉ុប ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានគណៈកម្មការអឺរ៉ុប និង​ អគ្គលេខាធិការអាស៊ាន។

កិច្ចប្រជុំកំពូល ASEM13 ក្រោមមូលបទ «ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា» នឹងផ្តល់ឱកាសដ៏ទាន់ពេលវេលាមួយដល់ថ្នាក់ដឹកនាំមកពីតំបន់អាស៊ី និង អឺរ៉ុប ដើម្បីបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ អាស៊ី-អឺរ៉ុប ក្នុងការចូលរួមដោះស្រាយបញ្ហាសកលនិងតំបន់សម្រាប់ ផលប្រយោជន៍ទៅវិញទៅមកក្នុងនោះរួមទាំង បញ្ហាការរីករាលដាលនៃជំងឺកូវីដ-១៩ និងផលប៉ះពាល់ដល់សង្គម-សេដ្ឋកិច្ចបណ្តាលមកពីជំងឺនេះផង ដែរ។

មុនពេលដំណើរការកិច្ចប្រជុំកំពូល ASEM13 តំណាងមកពីព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលនឹងអញ្ជើញថ្លែងការណ៍រួមមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋ សភាកម្ពុជានិងជាសហប្រធាននៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងជាសហអ្នករៀបចំវេទិកាធុរកិច្ច និង សេដ្ឋកិច្ច អាស៊ី-អឺរ៉ុបនិងលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីនិងជាអ្នករៀបចំវេទិកាអាស៊ី-អឺរ៉ុប ស្តីពីស្ត្រីសន្តិភាពនិងសន្តិសុខ ព្រមទាំងតំណាងមកពីកិច្ចប្រជុំកំពូល ថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុប និង វេទិកាប្រជាជនអាស៊ី-អឺរ៉ុបផងដែរ។

ក្នុងអំឡុងពេលកិច្ចប្រជុំរយៈពេលពីរថ្ងៃនេះថ្នាក់ដឹកនាំ ASEM នឹងពិភាក្សាអំពីតួនាទីរបស់ ASEM ក្នុងការលើកកម្ពស់ពហុភាគីនិយមដោយផ្តោតលើប្រធានបទពាក់ព័ន្ធរួម មាន៖ ១) ASEM ក្នុងគម្រប់ខួប២៥ឆ្នាំ៖សមិទ្ធផលបញ្ហាប្រឈម និងទិសដៅនាពេលអនាគត ,២)ការធ្វើឱ្យប្រសើរឡើងវិញនូវដំណើរការពហុភាគីនិយមដើម្បីសន្តិភាព និងស្ថិរភាពសកល,៣)ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មផ្អែកលើវិធានច្បាប់, ៤)កំណើននិងការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្ន ,៥)ការតភ្ជាប់, ៦)ស្ត្រីសន្តិភាពនិង សន្តិសុខ និង ៧) បម្រែបម្រួលអាកាសធាតុ។

ថ្នាក់ដឹកនាំ ASEM នឹងពិភាក្សាផងដែរអំពីជំងឺកូវីដ-១៩ និងការស្ដារ/អភិវឌ្ឍសង្គម-សេដ្ឋកិច្ចឡើងវិញដោយផ្តោតលើ ១)ការដោះស្រាយបញ្ហាប្រឈមបង្កឡើងដោយជំងឺ កូវីដ-១៩ ,២)ការពន្លឿនការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ ដើម្បីកំណើនរួមគ្នា និង ៣) ការកសាងឡើងវិញនូវអនាគតប្រកបដោយភាពធន់។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំចង្អៀតថ្នាក់ដឹកនាំ ASEM នឹងមានឱកាសចែករំលែកទស្សនៈដោយត្រង់ទៅត្រង់មកនិងតាមបែបស្ថាបនាពាក់ព័ន្ធនឹងបញ្ហាសកលនិងតំបន់។

ក្រោមការដឹកនាំរបស់កម្ពុជា ASEM13 នឹងអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួន៣ រួមមាន (១) សេចក្តីថ្លែងការណ៍ប្រធានអង្គប្រជុំ ASEM13 (២)សេចក្តីថ្លែងការណ៍ ទីក្រុងភ្នំពេញស្តីពីការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ និង (៣) ឯកសារសកម្មភាពអនាគតស្តីពីការតភ្ជាប់ ASEM។

បើតាមក្រសួងការបរទេសកម្ពុជា ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ASEM13 ឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់កម្ពុជាក្នុងការជំរុញពហុភាគីនិយមក៏ ដូចជាការចូលរួមយ៉ាងសកម្មតាមតែអាចធ្វើទៅបានរបស់ខ្លួននៅក្នុងសហគមន៍អន្តរជាតិដើម្បីដោះស្រាយបញ្ហាប្រឈមជា សកលនាពេលបច្ចុប្បន្ននិងកំពុងលេចឡើងថ្មីៗ នេះ ៕