​ប្រែ​សម្រួលៈ​វាសនា​/​ហុន​នី​អា​រ៉ា​៖ កុបកម្ម​ថ្មី​បាន​ផ្ទុះឡើង​នៅ​រដ្ឋធានី​ហុន​នី​អា​រ៉ា​របស់​កោះ​សូ​ឡូ​ម៉ុង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥​វិច្ឆិកា នៅ​មួយថ្ងៃ​បន្ទាប់​ពី​បាតុករ​ព្យាយាម​​សំរុកចូល​សភា​និង​ទាមទារ​ទម្លាក់​នាយករដ្ឋមន្ត្រី ម៉ា​ណា​សសេស សូ​ហ្កា​វ៉ា​រ៉េ​។​

​ពួក​អ្នក​ប្រឆាំង​តវ៉ា​មិន​អើពើ​នឹង​ការបិទ​ខ្ទប់​មួយ​ក្រោយ​កើត​មាន​កុបកម្ម​ដុត​បំផ្លាញ​មួយ​កាលពី​ថ្ងៃ​ពុធ និង​ជា​ថ្មី​ទៀត​បាន​ចេញ​មក​តា​មដង​ផ្លូវ​ដោយ​ផ្តោត​លើ​ប៉ូលិស​​និង​ស្ថាប័ន​ជំនួញ​នៅ​តំបន់​Chinatown ក្នុង​រដ្ឋធានី​។​

​បុរស​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយថា ប៉ូលិស​បាន​ដាក់រ​បាំង​ផ្លូវ​តែ​កុបកម្ម​មិន​បាន​បង្ហាញ​សញ្ញា​ថមថយ​ទេ​នៅ​២៤​ម៉ោង​ក្រោយ​កើត​មាន​ចលាចល​នៅក្រៅ​​សភា​។​

​សារព័ត៌មាន​ក្នុង​បណ្តាញ​សង្គម​បាន​រាយការណ៍​អំពី​ការ​លួច​យក​ទំនិញ​ហើយ​ប៉ូលិស​ប្រើ​ឧស្ម័ន​ហៀរ​ទឹកភ្នែក នៅពេល​សាក្សី​បាន​បង្ហោះ​រូប​អំពី​ផ្សែងហុយ​ចេញពី​កន្លែង​រក​​ស៊ី​របស់​ជនជាតិ​ចិន​នៅក្នុង​រដ្ឋធានី​។​

​ចលាចល​ចុងក្រោយ​នេះ​កើត​ឡើង​ក្រោយ​ពី​បាតុករ​រាប់រយ​នាក់​វាយបំផ្លាញ​ដុត​អាគារ រួម​ទាំង​ស្ថាន​នី​យ​ប៉ូលិស​មួយ​ហើយ​បាន​លួច​យក​ទំនិញ​នៅ​តាម​ហាង​នៅ​រដ្ឋធានី​ហុន​​នី​អា​រ៉ា​កាលពី​ថ្ងៃ​ពុធ ក្រោយ​ពួក​បាតុករ​ដើរ​ទៅ​កាន់​សភា​ដើម្បី​ទាមទារ​អោយ​នាយក​រដ្ឋមន្ត្រី សូ​ហ្កា​វ៉ា​រ៉េ ចុះចេញ​ពី​តំណែង​។​

​តែ​លោក សូ​ហ្កា​វ៉ា​រ៉េ បាន​បញ្ជា​អោយ​អនុវត្ត​បំរាម​គោចរ​ភ្លាម​នៅ​ទូ​ទាំង​រដ្ឋធានី ដោយ​ពណ៌នា​ចលាចល​នេះ​ថា​ជា​«​ព្រឹត្តិការណ៍​សោកសៅ​និង​អកុសល​មួយ​ក្នុង​គោលបំណង​​ទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​របស់​លោក​»​។​

​លោក​បាន​ព្រមាន​ថា អ្នកទទួលខុសត្រូវ​ចំ​ពោះ​ចលាចល​នេះ​នឹង​«​នាំ​ទៅ​កាត់ទោស ដោយ​ត្រូវ​ប្រឈម​មុខ​ខ​ច្បាប់​ទាំងស្រុង​»​គ្មាន​ការលើកលែង​។​

​សូមបញ្ជាក់​ថា អ្នក​ប្រឆាំង​តវ៉ា​ភាគច្រើន​ទៅ​ពី​កោះ ម៉ា​ឡាយ​តា ក្បែរ​គ្នា​នោះ​។​ប្រជាជន​នៅ​លើ​កោះ​នេះ​តែង​ត្អូញត្អែរថា ពួកគេ​ត្រូវ​រដ្ឋាភិបាល​បោះបង់ចោល មិន​យកចិត្ត​​ទុកដាក់ ហើយ​មិន​សប្បាយចិត្ត​ការ​ដែល​រដ្ឋាភិបាលសំរេ​ច​ចិត្ត​ផ្លាស់ប្តូរ​ទំនាក់ទំនង​ការទូត​ពី​កោះ​តៃវ៉ាន់​ទៅ ចិន​វិញ​នៅ​ឆ្នាំ​២០១៩​។​

​មេដឹកនាំ​ប្រឆាំង បានទាមទារ​អោយ​នាយករដ្ឋមន្ត្រី​លាឈប់​ពី​តំណែង និង​ថា​ចលាចល​នេះ​នឹង​មិន​ត្រូវ​បំបាត់​ដោយសារតែ​ការបិទ​ខ្ទប់​ដែល​មាន​ប៉ូលិស​ជា​អ្នក​អនុ​​វត្ត​ឡើយ​៕

​កុបកម្ម​ជំរុញ​ដោយ​ក្រុមប្រឆាំង​បាន​នាំ​ដល់​ការដុត​បំផ្លាញ​និង​លួច​ទំនិញ​នៅ​តាម​ហាង​ចិន​ក្នុង​ទីក្រុង​ហុន​នី​អា​រ៉ា​