ដោយ​: ពៅ​និមល / ភ្នំពេញ​៖ ក្នុង​រយៈពេល​មួយថ្ងៃ​ពេញ ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា ទទួលបាន​លទ្ធផល ជាទី​គាប់ចិត្ត ក្នុងការ​រៀបចំ​វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី​-​អឺរ៉ុប លើក​ទី​១ (AEEBF1) ដែល​រៀបចំឡើង តាមបែប​រូបវ័ន្ត និង​ប្រព័ន្ធ​វីដេអូ ដែលជា​ព្រឹត្តិការណ៍ អម​សំខាន់​មួយ នៃ​កិច្ចប្រជុំ​កំពូល ASEM13 ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នៅ​ឆ្នាំ​២០២១​។​

​នៅក្នុង​សន្និសីទកាសែត ស្តីពី​លទ្ធផល នៃ​វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី​-​អឺរ៉ុប លើក​ទី​១ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​មានប្រសាសន៍ថាៈ វេទិកា​នេះ បានធ្វើ​ឡើង ក្រោម​មូលបទ “​ការផ្លាស់ប្តូរ ទៅរក​គន្លង​ប្រក្រតីភាព​ថ្មី​៖ ការធ្វើ​អា​នុ​ភា​វូប​នី​យ កម្ម ខ្សែ​ច្រវាក់​តម្លៃ​សកល ពហុភាគី​និយម និង​បដិវត្ត​ឧស្សាហកម្ម ៤.០” ហើយ​បាន​ប្រព្រឹត្ត ទៅ ក្នុង​បរិបទ ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​គោលបំណង​ពង្រឹង ពហុភាគី​និយម ដើម្បី​កំណើន​រួមគ្នា ដោយ​ប្រមូលផ្តុំ តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ ធ្វើការ​ពិភាក្សា​ស្វែងរក វិធីសាស្ត្រ និង​មធ្យោបាយ​ដោះស្រាយ បញ្ហា​ប្រឈម​នានា លើ​វិស័យសេដ្ឋកិច្ច និង​សង្គម នៅក្នុង​តំបន់​អាស៊ី និង​អឺរ៉ុប ក៏ដូចជា ពិភពលោក​ទាំងមូល រួមគ្នា​ដើម្បី​សម្រេច​ឱ្យបាន នូវ​កំណើន​ប្រកបដោយ បរិ​យា​ប័ន្ន​។​

​លោក​បាន​បន្តថាៈ វេទិកា​នេះ ធ្វើឡើង​ក្រោម​កិច្ចសហការ ជាមួយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​, សភាពាណិជ្ជកម្ម​កម្ពុជា​, សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​, មូលនិធិ​អាស៊ី​-​អឺរ៉ុប​(ASEF), ស្ថាប័ន​ស្រាវជ្រាវ Bruegel និង​ដៃគូ​សហការ​ដទៃទៀត ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម ពី​មន្ត្រីជាន់ខ្ពស់ នៃ​ស្ថាប័នរដ្ឋ បណ្តា​អង្គទូត នៃ​ប្រទេស​សមាជិក អេ​សិ​ម (ASEM) អ្នកធ្វើ​គោលនយោបាយ ក្រុម​ធុរជន និង​វិនិយោគិន បញ្ញវ័ន្ត អ្នកជំនាញការ មកពី​វិស័យ​សំខាន់ៗ និង​អ្នកពាក់ព័ន្ធ មកពី​បណ្តា​ប្រទេស​នៅ​អាស៊ី និង​អឺរ៉ុប សរុប​ចំនួន​ប្រមាណ ៦០០ នាក់​។​

​លោក​រដ្ឋមន្ត្រី បានលើកឡើង​ថាៈ ទាក់ទង​ប្រធានបទ នៃ​វេទិកា​ខាងលើ ក្នុង​គោលបំណង ពង្រឹង​ពហុភាគី​និយម ដើម្បី​កំណើន​រួមគ្នា ដោយ​ប្រមូលផ្តុំ​តួអង្គ ពាក់ព័ន្ធ​ទាំងអស់ ធ្វើការ​ពិភាក្សា​ស្វែងរក វិធីសាស្ត្រ និង​មធ្យោបាយ ដោះស្រាយ​បញ្ហា​ប្រឈម​នានា លើ​វិស័យសេដ្ឋកិច្ច និង​សង្គម នៅក្នុង​តំបន់​អាស៊ី និង​អឺរ៉ុប ក៏ដូចជា ពិភពលោក​ទាំងមូល រួមគ្នា​ដើម្បី​សម្រេច​ឱ្យបាន នូវ​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន​។ ជាមួយនឹង​ការ​ខឹ​ត​ខំ ប្រឹងប្រែង​នេះ អាស៊ី​និង​អឺរ៉ុប ក៏បាន​លើកកម្ពស់ ការធ្វើ​សកលភាវូបនីយកម្ម ខ្សែ​ច្រវាក់​តម្លៃ សកល និង​ពហុភាគី​និយម ព្រមទាំង​គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព (“SDGs”) ជាពិសេស​ការផ្តល់​សិទ្ធិអំណាច ដល់​ស្ត្រី និង​ការធ្វើ​ធុរកិច្ច / វិនិយោគ​បៃតង ខណៈដែល ពិភពលោក កំពុង​ឈានទៅរក​បរិបទ​ថ្មី នៃ​បដិវត្ត​ឧស្សាហកម្ម ៤.០ និង​សម្រប​ខ្លួន ទៅនឹង​ការផ្លាស់ប្តូរ ទៅរក​គន្លង​ប្រក្រតីភាព​ថ្មី ក្នុង​បរិបទ នៃ​ជំងឺ​កូ​វីដ​-១៩​។

​លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​គូសបញ្ជាក់ថាៈ បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ គឺជា​កាតាលីករ យ៉ាងសំខាន់ ក្នុងការ​រួមចំណែក​ប​ង្កើ​ត​ក្បាលម៉ាស៊ីន​ថ្មី​មួយ សម្រាប់​ជំរុញ​កំណើន ប្រកបដោយ​ចីរភាព ហើយក៏​បាននិងកំពុង​ជួយ​ជំរុញ​ផលិតភាព និង​លើកកម្ពស់​ភាព ប្រកួតប្រជែង របស់​សហគ្រាស​ធុន​មីក្រូ​តូច និង​មធ្យម ដែលជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច និង​ជា ប្រភព​សម្រាប់ ការបង្កើត​ការងារ ការបង្កើន​ប្រាក់ចំណូល​ព្រមទាំង​សម្រាប់​ការលើកកម្ពស់ សហគ្រិនភាព ក្នុងចំណោម​ស្ត្រី និង​យុវជន​។​

​លោក​បាន​បញ្ជាក់ទៀតថាៈ ដើម្បី​សម្រេចបាន​នូវ គោលបំណង​ខាងលើ វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី​-​អឺរ៉ុប លើក​ទី​១ បានរៀបចំ​បទ​បង្ហាញ និង​កិច្ចពិភាក្សា​មួយចំនួន ដែល​ក្នុង នោះ វាគ្មិន និង​អ្នកចូលរួម​ទាំងអស់ បាន​ចែករំលែក​ទស្សនៈ បទពិសោធន៍ ចំណេះដឹង និង​ការអនុវត្ត​ល្អៗ ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ទាំង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន និង​បាន​លើក​ជា​អនុសាសន៍ ជូន​ដល់​ថ្នាក់ដឹកនាំ​ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន នៃ​ប្រទេស សមាជិក អេ​សិ​ម ផងដែរ​។​

​សូមជម្រាបថា វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច អាស៊ី​-​អឺរ៉ុប លើក​ទី​១ គឺជា​ព្រឹត្តិការណ៍​អម ក្នុងចំណោម​ព្រឹត្តិការណ៍​អម ចំនួន ៧ នៃ​កិច្ចប្រជុំ​កំពូល អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ (ASEM13) ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី ២៥-២៦ ខែវិច្ឆិកា ឆ្នាំ​២០២១​។
​តាមរយៈ​ការរៀបចំ​វេទិកា លំដាប់​អន្តរជាតិ​នេះ នឹង​ផ្តល់នូវ​លើកកម្ពស់​កិត្យានុភាព និង​លើក មុខមាត់ ប្រទេស​កម្ពុជា លើ​ឆាក​អន្តរជាតិ និង​បង្ហាញជូន​បណ្តា​អ្នកចូលរួម​មកពី​អាស៊ី និង​អឺរ៉ុប បាន​យល់ និង​ស្គាល់​កម្ពុជា កាន់តែច្បាស់ ជាពិសេស​បាន​ស្វែងយល់ ពី​សក្តានុពល វិស័យ​ពាណិជ្ជកម្ម និង​កាលានុវត្តភាព​វិនិយោគ នៅ​កម្ពុជា ជាដើម​។ វេទិកា​នេះ បាន​ប្រព្រឹត្ត ទៅ​យ៉ាង​រលូន និង​ទទួលបាន​លទ្ធផល ប្រកបដោយ​ផ្លែផ្កា គួរ​ជាទី​មោទនៈ ក្នុងន័យ​ជំរុញ កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន សម្រាប់​ប្រជាជាតិ​យើង​ទាំងអស់​៕/V​