​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ខេត្តបន្ទាយមានជ័យ ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ ប្រហាក់ប្រហែលគ្នា​។ នេះ​បើតាម​លេខាធិការដ្ឋាន គណ​:​ក​ម្មា​ធិ​ការ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ខេត្តបន្ទាយមានជ័យ បានអោយដឹង ក្នុង​យុទ្ធនា​ការអប់រំ ផ្សព្វផ្សាយ ច្បាប់​ចរាចរណ៍​ផ្លូវគោក ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ នៅ​សាលាខេត្ត​បន្ទាយមានជ័យ​។​

​លោក សុខ ចាន់ថា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ខេត្តបន្ទាយមានជ័យ បានអោយដឹងថាៈ គោលបំណង នៃ​យុទ្ធនា​ការអប់រំ ផ្សព្វផ្សាយ ច្បាប់​ចរាចរណ៍​ផ្លូវគោក នេះ គឺ​ដើម្បី​ទាំងអស់គ្នា គោរព​ច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក សំដៅ​ចូលរួម​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់ ចរាចរណ៍​ផ្លូវគោក ឱ្យនៅ​កម្រិត​ទាប​។​

​លោក​បាន​រាយការណ៍ ដោយ​ប្រៀបធៀប​ថាៈ រយៈពេល ៩ ខែ ឆ្នាំ​២០២១ នេះ គ្រោះថ្នាក់​ចរាចរណ៍ បានកើត​ឡើង ៦៣ ករណី លើ​៦២​ករណី គឺ​កើនឡើង ១ ករណី បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០២០ ។ ករណី​គ្រោះថ្នាក់​ប្រភេទ​ធ្ងន់ កើតឡើង ៦២ ករណី លើ​៥៨​ករណី កើនឡើង ៤​ករណី ។ គ្រោះថ្នាក់​ប្រភេទ​ស្រាល កើតឡើង ១​ករណី លើ​៤​ករណី ថយចុះ ៣ ករណី​។ ចំពោះ​ចំនួន មនុស្ស​ស្លាប់ មាន ៤៨​នាក់ (​ស្រី​៦​នាក់​) លើ​៥៣​នាក់ (​ស្រី​១០​នាក់​) ថយចុះ ៥ នាក់​។ របួសធ្ងន់ ៣៨​នាក់ (​ស្រី​១០​នាក់​) លើ​៥៣​នាក់ (​ស្រី​១៨​នាក់​) ថយចុះ​១៥​នាក់ របួសស្រាល ២០ នាក់ (​ស្រី​៧​នាក់​) លើ​៣៨​នាក់ ថយចុះ​១៨​នាក់​។​

​លោក​បាន​បន្តថាៈ មូលហេតុ​នៃ​គ្រោះថ្នាក់ ស្ទើរ​ទាំងអស់ មកពី​កត្តា​មនុស្ស ដែល​បើកបរ លើស​ល្បឿន មិន​គោរព​សិទ្ធិ​អាទិភាព បត់​ឆ្វេង​-​ស្តាំ​មិន​ប្រយ័ត្ន ប្រជែង​ក្នុងស្ថានភាព គ្រោះថ្នាក់ មិន​ប្រកាន់​ស្តាំ បើកបរ​ក្នុងស្ថានភាព ស្រវឹង គ្រោះថ្នាក់​ផ្សេងៗ និង​មកពី​កត្តា យានយន្ត មានតែ ២ ករណី​ប៉ុណ្ណោះ ។​ល​។​

​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​ជា​ប្រធាន​គណៈកម្មាធិការ សុវត្ថិភាព ចរាចរណ៍​ផ្លូវគោក ខេត្តបន្ទាយមានជ័យ បាន​មានប្រសាសន៍ ជំ​រុញឱ្យ​អ្នកប្រើប្រាស់ ទោចក្រយានយន្ត​ទាំងអស់ ជាពិសេស សិស្សានុសិស្ស ក្នុង​ខេត្ត ត្រូវ​ពាក់មួក​សុវត្ថិភាព ឱ្យ​គ្រប់ពេល រាល់ពេល​បើកបរ មិន​ថា ធ្វើដំណើរ​ទៅ​ទីជិត ឬ​ទី​ឆ្ងាយ​ឡើយ​។

​លោក​បាន​ណែនាំ​ឱ្យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត ត្រូវ​បន្ត​រឹតបន្តឹង ការអនុវត្ត​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក ឱ្យបាន​ជាប់​ជាប្រចាំ ដើម្បី​ការពារ​អាយុជីវិត អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ ផងដែរ​។

​ក្នុងឱកាស​នោះ លោកស្រី មឹន មាណវី រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន គ​.​ស​.​ច​.​គ បាន​មានប្រសាសន៍ថាៈ បច្ចុប្បន្ន ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ១៩ នៅ​កម្ពុជា បាន​ធ្លាក់ចុះ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ។ ក៏ប៉ុន្តែ​ចំនួន គ្រោះថ្នាក់ ចរាចរណ៍​ផ្លូវគោក នៅតែមាន​ចំនួន កើនឡើង​នៅឡើយ ។ ជាពិសេស អត្រា​ខ្ពស់ នៃ​គ្រោះថ្នាក់ ចំពោះ​អ្នកជិះ​ម៉ូតូ និង​អត្រា​ខ្ពស់ នៃ​ការ​មិនបាន​ពាក់មួក​សុវត្ថិភាព ពេល​មាន គ្រោះថ្នាក់ នៅតែ​បន្ត​កើតឡើង​។ ប្រការនេះ ទាមទារ​ឱ្យ​អ្នកប្រើប្រាស់​ផ្លូវ គ្រប់រូប បន្ត​ពង្រឹងស្មារតី​ប្រុងប្រយ័ត្ន ក្នុងពេល​បើកបរ និង​ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន តាមច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក ទាំងអស់គ្នា ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង និង​អ្នកដទៃ ប្រកបដោយ​ឆន្ទៈ ភ្ញាក់រលឹក​ខ្ពស់ សំដៅ​លើកស្ទួយ​កិត្តិយស សេចក្តីថ្លៃថ្នូរ និង​សណ្តាប់ធ្នាប់​សង្គម នៅក្នុង ព្រះរាជាណាចក្រ​កម្ពុជា​។​

​នៅក្នុង​យុទ្ធនាការ​នេះ ក៏មាន​ការណែនាំ​អំពី Cambodia Driving Rules កម្មវិធី​ថែទាំ​ផ្លូវ (Road Care App) ព្រមទាំង​ការចែកជូន នូវ​ឯកសារ​មួយចំនួន ដូចជា សៀវភៅ​ច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក សៀវភៅ​អ្វីដែល​អ្នកបើកបរ​ទោចក្រយានយន្ត ត្រូវ​យល់ដឹង ខិត្តប័ណ្ណ​ជំនួយស្មារតី ស្តីពី​សុវត្ថិភាព​ចរាចរណ៍ និង​ស្ទីក​ឃ័​រ​ចំណាំងផ្លាត​។

​លោកស្រី មឹន មាណវី បាន​ណែនាំ​ដល់​អ្នកចូលរួម ក្នុង​យុទ្ធនាការ​នេះ អោយ​បន្ត​បង្កើន​ការប្រុងប្រយ័ត្ន និង​ចូលរួម​បង្កើន ការទប់ស្កាត់ គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ប្រៀបធៀប​ថាៈ ” រូបរាង​ល្អស៊ី​យើង​ស្រស់ស្អាត​ល្អ មាន​ស៊ីវីល័យ ផ្ទះ​ធំ ឡាន​ទំនើប ម៉ូតូ​ថ្មី តែ​សូមកុំ​ភ្លេច ចូលរួម​គោរព​ច្បាប់ ចរាចរណ៍​ផ្លូវគោក អោយបាន​គ្រប់ៗ​គ្នា ” ៕/V​